ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ បន្ទាប់​ពី​គំរាម​ប្លន់ អ្នក​លក់​មាស ដូរ​លុយ

កណ្តាល ៖ កម្លាំង​នគរបាល ខេត្ត​កណ្តាល បាន​ឃាត់ ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់​ពី​សកម្មភាព​គំរាម​ប្លន់ អ្នក​មាស ដូរ​លុយ កាលពី​វេលា​ម៉ោង​៨​និង​០៤​នាទី នៅ​ចំណុច ផ្សារ​តាខ្មៅ​ចាស់ ផ្ទះ​លក់​មាស សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ គង់ លី​ហ៊ួ ភេទ​ស្រី អាយុ ២៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន នៅ​ចំណុច​ផ្ទះ​កើតហេតុ​ខាងលើ មុខរបរ លក់​មាស និង​ដូរ​លុយ ផ្សារ​តាខ្មៅ ចាស់ ។ ចំណែក​ជន សង្ស័យ មានឈ្មោះ ពក ឃឿន ភេទ អាយុ ៣១​ឆ្នាំ ភេទ​ប្រុស មុខរបរ លក់​ហ្គាស ទីលំនៅ​ភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល ។​

​សមត្ថកិច្ច​បានឲ្យដឹងថា  មុនពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤ ជនសង្ស័យ​បាន​ប្រើ​លេខ​ទូរស័ព្ទ​ខាង​លើ​របស់​ខ្លួន តេ​មកលេខ​ទូរស័ព្ទជន​រងគ្រោះ 097.9815399 ជាច្រើន​ដង ទារ​លុយ​ចំនួន 200$ រហូតមកដល់​ម៉ោង ១៦​និង​៣០​នាទី ដោយ​និយាយថា ខ្លួន​ជា​ចោរ ហើយ​មាន គំរោង​ប្លន់ នៅ​តាម​ផ្សារ​កន្លែង​លក់​មាស ប្រសិនបើ​វេ​លុយ​ឲ្យ​រូប​គេ​តាម វី​ង​ចំនួន​២០០​ដុល្លា​មក ដល់ពេល បក្ខពួក របស់​ពួក គេ​ចុះ​មក​ប្លន់​គេ នឹង​តេ​ទូរស័ព្ទ​ប្រាប់​ជនរងគ្រោះ កុំ​ឲ្យ​គ្នា វា​ប្លន់​ចំ​កន្លែង ផ្ទះ​លក់ដូរ​របស់​ជនរងគ្រោះ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន តាមរយៈ​បណ្ដឹង​របស់​ជនរងគ្រោះ ដោយ​មាន​ការ ចង្អុល​ដឹកនាំ​ពី លោក ស្នងការ និង ស្នងការរង ទទួល​យុត្តិធម៌ ចាត់​ឲ្យ​សមត្ថកិច្ច​ក្រុង​តាខ្មៅ សហការ​ជា មួយ​សមត្ថកិច្ច​ស្រុក​ស្អាង ធ្វើការ​ចុះ​ស្រាវជ្រាវ ករណីនេះ តាម​សាខា​វី​ង​(Fing) ក្នុង​ក្រុង​តាខ្មៅ និង​ស្រុក ស្អាង ដើម្បី​តាមរក​ជនសង្ស័យ រហូត​ដល់​ថ្ងៃ​ទី ២៣​ខែ​ធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង​១០ កម្លាំង សមត្ថកិច្ច ស្រុក​ស្អាង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នោះ​បាន​ហើយ បន្ទាប់មក ក៏​បញ្ជូន​មក​ស្នងការដ្ឋាន​ដើម្បី កសាង​ឯកសារ​សំណុំរឿង និង​ចា​ត​ការណ៍ ។​

​ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​គំរាមកំហែង ជនរងគ្រោះ​ខាងលើ តាមរយៈ ទូរស័ព្ទ ពិត ប្រាកដ​មែន ដើម្បី​យកប្រាក់​២០០​ដុល្លារ ពី​ជនរងគ្រោះ យក​មក​ដោះស្រាយ បញ្ហា​ជំពាក់​ប្រាក់​ថ្លៃ លក់ដូរ​ហ្គាស់ គេ​ចំនួន 500 ដុល្លារ ហើយ​ត្រូវ​បង់ការ​ប្រាក់​ឲ្យគេ ៥០ ដុល្លារ​ក្នុង​១​ខែ ៕

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កណ្តាល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់ តុលាការ​ចាត់​បន្ត​៕
d23201