ល្បែង​លក្ខណៈ​ស្លុត​ម៉ាស៊ីន ២​កន្លែង​ធំៗ ស្ថិត​ក្នុង​ផ្សារ​បឹងត្របែក​ផ្លា​ហ្សា កំពុង​ធ្វើ​អាជីវកម្ម​មិន​ខ្វល់​ពី​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព

​ភ្នំពេញ ៖ អាជីវករ​លក់ដូរ ក៏​ដូចជា​អ្នក​រស់នៅ​ជុំវិញ​ផ្សារ​បឹងត្របែក​ផ្លា​ហ្សា ស្ថិតក្នុ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន បាន​និយាយថា មាន​ល្បែង​លក្ខណៈ​( ហ្គេម , ស្លុត​ម៉ាស៊ីន ) កំពុង​ធ្វើ​អាជីវកម្ម​ស៊ីសង​យ៉ាង​ចំហរ មិន​ខ្វល់​ពី​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាលឡើយ ហើយ​ក្នុងនោះ​ដែរ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​គ្មាន​វិធានការ​បង្ក្រាប​ទីតាំង​ល្បែង​លក្ខណៈ​ស្លុត​ម៉ាស៊ីន ដែល​រាជរដ្ឋាភិបាល​បាន​ហាមឃាត់​នោះទេ ។

ប្រភព​ព័ត៌មាន​ជុំវិញ​បាតុភាព​នៃ​ការបើក​ល្បែងស៊ីសង​ខាងលើនេះ​បានអោយដឹងថា ម្ចាស់​អាជីវកម្ម​ទាំង​២​កន្លែង​នោះ ម្នាក់​ឈ្មោះ​ចែ គង់ និង​ម្នាក់​ទៀត​ឈ្មោះ​វេហា ជា​នគរបាល​ផ្នែក​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ដែល​មាន​ថៅកែ​ចិន​នៅ​ពីក្រោយ​ខ្នង​ទាំង​២​នាក់ ។

ប្រភេទ​ល្បែងស៊ីសង​ទាំង​២​កន្លែង​ខាងលើនេះ គឺ​បើក​លេង​ស៊ីសង​យ៉ាង​ចំហរ មាន​ទាំង​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ស្ថិត​ក្នុង​ភាពក្រីក្រ​ចូល​លេង​ល្បែង​ភ្នាល់​ចាញ់​អស់​រាប់រយ​រាប់ពាន់​ដុល្លារ​ក៏មាន​ដែរ ដូច្នេះ​បញ្ហា​នេះ​ក្រសួង​មហាផ្ទៃ ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ បើ​បណ្តោយ​ទុក​អោយ​មាន​ល្បែង​លក្ខណៈ​ស្លុត​ម៉ាស៊ីន គ្មាន​ច្បាប់​អនុញ្ញាតិ​កើតមាន​ព្រោងព្រាត ពិសេស​លើ​ទីតាំង​ខាងលើ​នឹង​ក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ មានឈ្មោះ​មេ​ល្បែង​ធំ​មួយ​ទៀត​ឈ្មោះ បារាំង និង មេ​ល្បែង​ទាំង​២​ឈ្មោះ​ខាងលើ ក៏ កំពុង​សំងំ​ធ្វើ​អាជីវកម្ម​យ៉ាង​ត្រជាក់​ល្ហិម នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ​ដែរ​។  គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។

​ចំពោះ​ការលើកឡើង​ខាងលើនេះ ម្ចាស់​អាជីវកម្ម​ទាំង​២​ឈ្មោះ មិន​អាច​ទំនាក់ទំនង​សួរនាំ​បានឡើយ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក ។ គួរបញ្ជាក់​ថា​ទីតាំង​ល្បែងភ្នាល់​នៅក្នុង​ផ្សារ​បឹងត្របែក​ផ្លា​ហ្សា គឺ​ធ្លាប់​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​ម្តង​ហើយ​តែ​បាន​ដង្ហើម​ចង្រឹត ក៏​ដោះលែង​វិញ​អស់​ទុក​អោយ​អាជីវកម្ម​ល្បែងស៊ីសង​កាន់តែ​រីក​ធំ​ឡើង ពី​មួយ​កន្លែង​ទៅ​ដល់ ២​កន្លែង ។

ការបង្ក​អោយ​មាន​ល្បែងស៊ីសង ព្រោងព្រាត​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា​ល្បែងភ្នាល់​បាល់ ចាក់​កន្ទុយលេខ និង​ប្រភេទ​ល្បែង ទូរ​ហ្គេម ឬក៏​ស្លុត​ម៉ាស៊ីន​ដោយ​មិន​មាន​អ្នក​បង្ក្រាប​គឺជា​ការបង្កើន​នូវ​អំពើ​លួច ឆក់ ប្លន់ ជាហេតុ​ធ្វើអោយប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ៕

photo(3)