ឃាត់ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់​និង​ជនជាតិ​ស្បែក​ខ្មៅ​៨​នាក់ សង្ស័យ​ជួញដូរ​គ្រឿងញៀន​

ភ្នំពេញ ៖ ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ប៉ូលិស​មូលដ្ឋាន​បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​ស្បែក​ខ្មៅ​៨ នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​នៅក្នុង​ទីតាំង​ផ្ទះ​ដែល​គេ​ស្នាក់នៅ​ចំនួន​៣​ក​នែ្ល​ង​ផ្សេងគ្នា​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៥ សង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ។​

កិច្ចប្រតិបត្តិការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​មូលដ្ឋាន ដោយ​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​របស់​ជនជាតិ​ស្បែក​ខ្មៅ​ខាងលើ​មាន​ទី​១- ស្ថិតនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្នុង​ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន និង​ទី​តាំងទី​២-​ស្ថិតនៅ​ផ្ទះ​លេខ​២៤BC ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ នឹង​ទី ៣ នៅ​ផ្លូវ លេខ ៤៩៦ សង្កាត់​ផ្សរ​ដើមថ្កូវ ខណ្ឌចំការមន ។​

លោក​វ៉ាន់ កុសល មន្ត្រីជាន់ខ្ពស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បានឲ្យដឹងថា ដំបូង​កម្លាំង​របស់លោក​ឃាត់ខ្លួន​បុរស​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់​នៅ​តាម​ផ្លូវ​ជា​មួយ​ថ្នាំញៀន​៦​កញ្ចប់​។​ឆ្លង​តាម​ចម្លើយ​សារភាព​លោក​បាន​សុំ​ដីកាឆែកឆេរ​ពី​តុលាការ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនជាតិ​ស្បែក​ខ្មៅ​៣​នាក់​ទៀត​និង​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវជា​ប្រពន្ធ​ជនជាតិ​ស្បែក​ខ្មៅ រួច​បញ្ជូន​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​សាកសួរ​បន្ត​។ ទោះបី​យ៉ាងណា​លោក​មិនទាន់​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​៩ នាក់​នៅ​ឡើយ​៕