រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​បុក​ម៉ូតូ​សេ​១២៥ ពី​ខណ្ឌ​ទួលគោក ត្រូវ​គេ​ដេញ​តាម​ចាប់បាន​នៅ​ខណ្ឌ​សែន​សុខ​

ភ្នំពេញ​៖ រថយន្ត​កូរ៉េ ប្រភេទ​មួយ​តោន​កន្លះ​មួយ​គ្រឿង បើកបរ​លឿន​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ ១២៥ បណ្តាល​អោយ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ នឹង​ម៉ូតូ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​នៅ​ចំណុច​ផ្លូវ​លេខ ២៦១ កែង​ផ្លូវ​លេខ ១៣២ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង ១៩ និង ០០ នាទី​យប់​ថ្ងៃទី ១៧ ខែ​មិនា ឆ្នាំ ២០១៥ រួច​រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវបាន​អ្នកដំណើរ​ជួយ​ដេញ​ឃាត់​បាន ក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ ។
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​អោយដឹង​ថា មុនពេល​កើតហេតុ រថយន្ត​បង្ក ម៉ាក​កូរ៉េ មួយ​តោន​កន្លះ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ស្តើង សុភ័​ក្រ អាយុ ២៥ ឆ្នាំ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១៣២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុច​កែង​ផ្លូវ​លេខ ២៦១ ក៏​ជ្រុល​ល្បឿន​បុក ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ជិះ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ស៊ូ គង់​មាន អាយុ ២០ ឆ្នាំ​មុខរបរ​ជា​សិស្ស ដែល​បណ្តាល​អោយ​យុវជន​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​រងរបួស ។ ប្រភព​ដដែល​បន្តថា ក្រោយ​កើតហេតុ រថយន្ត​បង្ក បាន ព្យាយាម​បើក​គេច​ខ្លួន​តាំងពី​កន្លែងកើតហេតុ​រហូត​ដល់​ស្តុប ណូគារ ផ្លូវ​លេខ ២០០៤ ទើប​ត្រូវបាន​បងប្អូន​អ្នករត់ ម៉ូតូ​ជួយ​អន្តរាគមន៍​ដេញ​ព័ទ្ធ​ចាប់​បាន​ភ្លាមៗ ក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ ។
​    ​
សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​ដោយ​មាន​ការអន្តរាគមន៍​សម្របសម្រួល ពី​សំណាក់​សមត្ថកិច្ច​មូលដ្ឋាន ទើប​ភាគី​រថយន្ត​បង្ក​បាន​សម្រេច​សង​សំណង​ទៅអោយ​ភាគី​ម្ចាស់​ម៉ូតូ​ចំនួន ៦០០ ដុល្លារ ដើម្បី​បញ្ចប់រឿង​ភ្លាមៗ ដោយ​មិន​រំខាន​ដល់ សមត្ថកិច្ច​វាស់វែង​អូស​យកទៅ​រក្សាទុក​ឡើយ ។ សមត្ថកិច្ច​បន្តថា ករណី​នេះ​បង្កឡើង​ដោយសារ​ភាគី​រថយន្ត​បើកបរ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ពេល​ដល់​ចំណុច​ផ្លូវកែង​មិន​បន្ថយ ល្បឿន​ទើប​ជ្រុល​បុក​ម៉ូតូ​បែបនេះ​តែម្តងទៅ ៕