បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្តទាំងបុករះរនាំងដែកពុះចែកទ្រូងផ្លូវអស់៥ផ្ទាំងព្យាយាមរត់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យក្របួចជាប់

ភ្នំពេញ:រថយន្តកាមរី បាឡែនមួយគ្រឿងបើកបរដោយបុរសស្រវឹងស្រាម្នាក់ទើបនឹងចេញពីហាង ផឹកស៊ី យីហោ ទីក្រុងខ្មែរ ត្រឡប់ទៅផ្ទះ ខណៈពេលបើកតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ខាងកើតព្រលានយន្តហោះពោធិចិនតុង បានរ៉េចង្កូតទៅបុករនាំងដែកចែកទ្រូងផ្លូវ បាក់អស់៥ផ្ទាំងរាបដល់ដីតែម្តង ។ ហេតុការណ៍នេះ កាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៩ មិនា ២០១៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ខាងកើតព្រលានយន្តហោះពោធិចិនតុង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

តាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់អោយដឹងថា មុនពេលកើតហេតុគេ ឃើញបុរសម្នាក់បើកបររថយន្តកាមរីបាឡែនពណ៍ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខសៀមរាប 1A-1678 បើករ៉េទំនងជាស្រវឹង ទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់រថយន្តបានបុករនាំងដែកចែកទ្រូងផ្លូវ បាក់រាបអស់ចំនួន ៥ផ្ទាំង ចំណែកឯរថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ហើយបុរសស្រវឹងស្រានោះ បានព្យាយាមបើករថយន្តរត់ រហូតដល់ចំណុចរង្វង់មូលចោមចៅទើបឃាត់បានទាំងមនុស្ស និងរថយន្ត ។
ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍បានទៅធ្វើការវាស់វេង និងនាំយករថយន្ត ព្រមទាំងអ្នកបើកបរទៅពិនិត្យជាតិអាកុល នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយជូនសម្បត្តិរដ្ឋ ៕ ក្រុមរាត្រី

image image image