លោកឌី រ័ត្នខេមរុណ ៖ សំណូមពរដល់ពលរដ្ឋកុំអោយចូលរួមក្នុងមហាបាតុកម្មរបស់គណបក្សប្រឆាំង

ភ្នំពេញ ៖ អភិបាលរងខណ្ឌមានជ័យ លោកឌី រ័ត្នខេមរុណ បានមានប្រសាសន៍ថ្លែងប្រាប់ដល់ពលរដ្ឋក្នុងមូលដ្ឋាន សូមគិតគូរអោយបានច្បាស់លាស់ជៀសវៀងការញុះញ៉ុងចូលរួមក្នុងមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ( CNRP ) ដែលគ្រោងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ ក្នុងគោលបំណង បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគទុន ។

ការថ្លែងរបស់លោកអភិបាលរងទៅកាន់ពលរដ្ឋ ធ្វើឡើងនៅក្នុងពិធី ចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពលរដ្ឋទីទ័លក្រ ចំនួន ១០គ្រួសារដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសនេះដែរ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ បានមានប្រសាសន៍អោយដឹងថា ការនាំយកអំណោយចែកជូនបងប្អូននៅពេលនេះ គឺជាការមើលឃើញជាក់ស្តែងពីសុខទុក្ខលំបាករបស់បងប្អូន ពីសំណាក់កាកកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ។

ជាមួយគ្នានេះ លោកប្រធានអនុសាខា បានមានប្រសាសន៍ នាំក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង ១០គ្រួសារ ពិេសសប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យទាំងអស់ ។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមានដោយផ្ទាល់ ប៉ុន្តែទឹកចិត្តរបស់សម្តេចតែងឋិតនៅជាមួយបងប្អូន រួមសុខរួមទុក្ខជាមួយប្រជាជនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទអោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសអ្នករស់នៅជាមួយមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុករបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសម្តេចតេជោ ដូចគ្នា ។

លោកប្រធាន បញ្ជាក់ថា អំណោយដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារៗ បាន : អង្គរមួយបាវ ទម្ងន់៣០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ ០១កេស ឃីត១ឈុត ( មុង ភួយ ក្រមា ) និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយជាច្រើនមុខ និងថវិកា ៣ម៉ឺនរៀល ។

ក្នុងនោះដែរ លោកអភិបាលរង និងជាប្រធានអនុសាខា ក៏បានអំពាវនាវដល់បងប្អូន អោយចូលរួមទៅចុះឈ្មោះចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីបោះជូន គណបក្សដែលខ្លួនស្រលាញ់ និងគាំទ្រ ៕

image

image