សំណាង​ហើយ​​មិន​​ផ្ទុះ បើ​​ផ្ទុះ​​វិញ​​ប្រាកដ​ជា វីវរ​ធំហើយ … !

ព្រះសីហនុ​៖ ហេតុការណ៍​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ ដែល​រថយន្ត​ដឹក​ប្រេង​ឥន្ធនៈ​​របស់​​​ក្រុម​ហ៊ុន​​​តេ​លា​មួយ​គ្រឿង បើកបរ​ដោយ​បុរស​​ម្នាក់ ក្នុង​ល្បឿន​​លឿន មិន​​ប្រយ័ត្ន​​ក៏​​ជ្រុល​ចង្កូត រអិល​​ធ្លាក់​​ផ្លូវ បណ្តាល​​ឲ្យ​អ្នក​បើក​បរ​​រថយន្ត​ត្រូវ​​កៀប​​ក្នុង​​រថយន្ត ​រង​​របួស​​ធ្ងន់ សំណាង​ល្អ​ស៊ី​ទែន​​ផ្ទុក​សាំង​មិន​​ផ្ទុះ។

ហេតុការណ៍​​គ្រោះ​ថ្នាក់​​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ឡើង​​កាល​​ពី​វេលា​​ម៉ោង​១១​​និង​៤០​នាទី ​​ព្រឹក​ថ្ងៃទី​​​២៩ ខែ​មេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​​​ចន្លោះ​​គីឡូ​ម៉ែត្រ​​​លេខ ១៦​-១៧ ត្រង់​ចំណុច​​ក្រុម​៤ ភូមិ​៤ ឃុំ​​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​​ព្រះ​សីហនុ។

ករណី​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​នេះ គឺ​បង្ក​ឡើង​​​ដោយ​​​រថយន្ត​​​ដឹក​​​ប្រេង ឥន្ធនៈ​​កម្ពុជា​​​តេ​លា បើក​បរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ផន ចំរើន អាយុ​៣៣​​ឆ្នាំ មាន​ស្រុក​កំណើត ខេត្ត​កំពង់​ស្ពឺ បើក​បរ​​ក្នុង​​ទិស​ដៅ​​​ពី លិច​​ទៅ​​​កើត តាម​បណ្តោយ​​​ផ្លូវ​​​ខាង​លើ។ លុះ​ដល់​ចំណុច​​កើត​ហេតុ ក៏​​​រអិល​​​រេ​ចង្កូត​​​ធ្លាក់​ផ្លូវ​តែ​ម្តង បណ្តាល​​​ឲ្យ​​​អ្នក​​បើក​បរ​រថយន្ត​ត្រូវកៀប​ក្នុង​​​រថយន្ត​​រង​​រ​បួស​​​ក្បាល និង​​​ចង្កេះ ត្រូវ​បាន​​​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​​ស្ទឹង​ហាវ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។

បន្ទាប់​​ពី​មាន​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​​​ភ្លាម គេ​​ឃើញ​​មាន​​រថយន្ត​ពន្លត់​អគ្គិភ័យ​​មួយ​គ្រឿង​ទៅ​ដល់​​បាញ់​​ទឹក​​លើ​​ក្បាល​ម៉ាស៊ីន​​រថយន្ត​ដែល​​ខូច​ខាត​​យ៉ាង​ដំណំ​​នោះ ព្រោះ​ខ្លាច​​មាន​​អណ្តាត​ភ្លើង​​ឆ្លង​​ឆេះ​​បង្ក​វីវរ​​ធំ ដោយសារ​រថយន្ត​នេះ​មាន​ផ្ទុក​ប្រេង​ឥន្ធនៈ​​ចំណុះ​ពេញ​តែ​ម្តង ៕

IMG-20170429-WA0094
IMG-20170429-WA0095
IMG-20170429-WA0096
IMG-20170429-WA0097