ជិះ​ម៉ូតូ​លឿន​ពេក ចាប់​ហ្វាំង​មិន​ទាន់​ជ្រុល​ចង្កូត​ទៅ​បុក​គោ

ពោធិ៍​សាត់: គ្រោះថ្នាក់​ចរាចរណ៍​​កើត​ឡើង ដែល​បង្ក​ដោយ​បុរស​២​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នាយ៉ាង​លឿន ​បុក​គោ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​រង​របួស​ធ្ងន់​ម្នាក់​ នៅយប់​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៧ លើ​ផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ ​២០៨​-២០៩ ស្ថិត​នៅ​ភូមិខ្នាចរមាស ឃុំបឹងខ្នារ ។

ប្រជា​ពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​មាន​មួយ​គ្រឿង​ម៉ាក​ហុង​ដា C​125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២១០៥ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ គីម ធី ភេទប្រុស អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​វត្តជ្រែ ឃុំ​បឹងខ្នារ បើក​ពី​លិច​ទៅ​កើត​យ៉ាង​លឿន​ពេល​មក​ដល់​ចំណុច កើត​ហេតុ​ខាង​លើ ក៏​បាន​បុក​ជា​មួយ​គោ​មួយ​ក្បាល ដែល​កំពុង​ឆ្លង​ផ្លូវ​ពី​ត្បូង​មក​ជើង ពេញ​ទំហឹង​បណ្តាល​ឲ្យ​បុរស​ជា​អ្នក​ឌុប​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ។

ចំណែក​ឯ​ជន​រងគ្រោះ​ជា​អ្នក​ជិះ​ពី​ក្រោយ ឈ្មោះ ហឿម ហាក់​អាយុ ២៤ឆ្នាំ រស់​នៅ​ភូមិ​វត្ត​ជ្រែ ឃុំ​បឹង​ខ្នារ រង​របួស​ធ្ងន់​បាក់​ដៃ​ទាំង​២ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ខេត្តពោធិ៍​សាត់។

ដោយ​ឡែក​ម៉ូតូ និង​គោ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​តាម​នីតិ​វិធី​ច្បាប់៕

fn-2017-05-05-12-06-58-1fn-2017-05-05-12-06-58-0fn-2017-05-05-12-06-58-2