ចៅ​សង្កាត់​​ឡា​​បាន​​សៀក ក្អួត​ឈាម​ស្លាប់​ពេល​កំពុង​តាម ដាន​លទ្ធ​ផល​បោះ​ឆ្នោត

ខេត្តរតនគិរី​៖ លោក​​ចៅ​សង្កាត់​ឡា​​បាន​សៀ​ក ញា​ណ តៃ​​ស៊ី ក្រុង​​បាន​​លុង បាន​ទទួល​មរណៈ​ភាព​​ក្នុង​​ថ្ងៃ​​បោះ​​ឆ្នោត​​កាល​ពី​​ល្ងាច​​ថ្ងៃ​​ទី​០៤ ខែ​មិថុនា​ឆ្នាំ ២០១៧ វេលា​​ម៉ោង​​៧​​យប់ ​។ តាម​​ក្រុម​​គ្រួសារ​​សព​​បាន​​ឲ្យ​​ដឹង​​ថា នៅ​​មុន​ទទួល​មរណៈ​ភាព​​គឺ​​គាត់​​បាន​​ទៅ​​ចូល​រួម​​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា ឃុំ​-​​សង្កាត់ ជា​ធម្មតា​ ។

ក្រោយ​​ពី​​បោះ​​ឆ្នោត​​ហើយ គាត់​​ក៏​​បាន​​វិល​ត្រឡប់​​មក​​ផ្ទះ​​វិញ អង្គុយ​​តាម​ដាន​​លទ្ធ​ផល​ឆ្នោត ស្រាប់​តែ​គាត់​​មាន​​អាកា​រៈ​​ថប់​ដង្ហើម ហើយ​​ក្អួត​​មក​​ចេញ​​ឈាម សាច់​ញាតិ​​ក៏​​បាន​បញ្ជូន​​គាត់​​ទៅ​​កាន់​​មន្ទីរ​ពេទ្យ​​បង្អែក​​ខេត្ត ដោយ​​មាន​ការ​​យក​ចិត្ត​ទុក​ដាក់​​ពី​​គ្រូពេទ្យ​យ៉ាង​​ខ្លាំង ក្រោយ​មក​​គាត់​​ក៏​​ទទួល​មរណៈ​ភាព​ក្នុង​​មន្ទីរ​ពេទ្យ​​តែ​​ម្ដង ដោយ​​ជំងឺ​​ទឹម​​នោម​​ផ្អែម​ជា​​ច្រើន​​ឆ្នាំ​​កន្លង​​មក​​ហើយ ​។ ប្រវត្តិ និង​​ស្នា​ដៃ របស់​​លោក ញា​ណ តៃ​​ស៊ី ជា​​ចៅ​សង្កាត់​​ឡា​បាន​​សៀ​ក មក​​ពី​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា ជាប់​​ឆ្នោត​​ចំនួន​​៣ អាណ​ត្តិ​មក​​ហើយ​(២០០៦​-២០១៧) តែ​​សម្រាប់​​អាណត្តិ​​នេះ ដោយ​សារ​មាន​​វ័យ​​ចំណាស់​​(​អាយុ​​៧៤​​ឆ្នាំ​) និង​​មាន​​ជំងឺ​ប្រចាំ​​កាយ​​ផង គាត់​​បាន​​សុំ​​ឈប់​​ឈរ​ឈ្មោះ​​ជា​ចៅ​សង្កាត់​​ត​ទៅ​​ទៀត​។

កាល​​នៅ​​រស់ លោក ញាណ តៃ​ស៊ី ត្រូវ​​បាន​​គេ​ស្គាល់​​ថា ជា​​មន្ត្រី​​ដ៏​​ល្អ​​មួយ​​រូប​​ដែល​​ថ្នាក់​ដឹក​នាំ និង​​ប្រជា​ពលរដ្ឋ​​គោរព​​ស្រឡាញ់ ដោយ​ក្រោយ​​ឆ្នាំ​​១៩៧៩ លោក​​បាន​​ចូល​​បម្រើ​​ការ​ងារ​ជា​​មន្ត្រី​រាជ​ការ​​នៅ​​ភ្នំពេញ​ លុះ​​នៅ​​ឆ្នាំ​១៩​៨៣ លោក​​ត្រូវ​​បាន​​ថ្នាក់​លើ​​ចាត់​តាំង​​ឲ្យ​​ទៅ​ជួយ​​ក្រុម​ការងារ​​ធ្វើ​ការ​​អភិវ​ឌ្ឍន៍​​ខេត្ត​រតន​គិរី ដោយ​​កាន់​​តួ​នាទី​​ជា​​ប្រធាន​​មន្ទីរ​​ឧ​ស្សហ៍​កម្ម​ខេត្ត និង​​ជា​​បន្តប​ន្ទាប់​​ទទួល​​តំណែង​​ជា​​ប្រធាន​មន្ទីរ​​ទី​រួម​ខេត្ត ទទួល​​តំណែង​​ជា​​អភិបាល​រង ជា​​អភិបាល​ស្រុក​​បាន​​លុង រហូត​​ដល់​​ចូល​និវត្តន៍​​នៅ​​ឆ្នាំ​​២០០២ ​។

ក្រោយ​​ចូល​​និវត្តន៍ លោក​​បាន​​ជាប់​​ជា​​សមាជិក ក្រុម​ប្រឹក្សា​​ឃុំ​​ឡា​បាន​​សៀ​ក រហូត​​ដល់​​ឆ្នាំ​​២០០៦ ទើប​​លោក​ឈរ​ឈ្មោះ​​បោះ​ឆ្នោត ក្រុម​ប្រឹក្សា​​ឃុំ​​-​សង្កាត់ ហើយ​​ជាប់​​ជា​​ចៅ​សង្កាត់​​ឡា​​បាន​​សៀ​ក ចំនួន​៣​​អាណត្តិ ពី​​ឆ្នាំ​​២០០៦​​ដល់​​២០១៧ លោក​​ក៏​សម្រេច​​ផ្អាក​​ឈរ​ឈ្មោះ​​ត​ទៅ​​ទៀត​​ដោយ​សារ​វ័យ​​ជរា និង​​មាន​​ជំងឺ​​ទឹក​នោម​ផ្អែម​​ប្រចាំ​​កាយ​។

បច្ចុប្បន្ន សព​​របស់​​លោក​​ត្រូវ​​បាន​​ក្រុម​​គ្រួសារ​តម្កល់​​ទុក ធ្វើ​បុណ្យ​​តាម​​ប្រពៃណី​​នៅ​គេហ​ដ្ឋាន​​ភូមិ​​៧​​មក​រា សង្កាត់​​ឡា​​បាន​​សៀ​ក នៅ​ក្រុង​​បាន​​លុង​។ បើ​​តាម​​ព័ត៌មាន​​ពី​​ប្រពន្ធ​​កូន​​នៃ​សព​​បាន​​ឲ្យ​​ដឹង​​នៅ​​ថ្ងៃ​​ទី​​៥​​នេះ​​ថា សព​​លោក ញាណ តៃ​ស៊ី ត្រូវ​​ហែរ​​ចេញ​ពី​​ខេត្ត​រតនគិរី​​នៅ​ថ្ងៃ​​ទី​០៦ ខែ​មិថុនា ឆ្នាំ​​២០១៧ វេលា​​ម៉ោង​​៧​ព្រឹក ទៅ​​បូជា​សព​​នៅ​​ស្រុក​​កំណើត​​ឯ​ខេត្ត​កំពង់ចាម​ ៕