ដឹង​មូលហេតុ​ឆេះ​រោងចក្រ​ផលិត​ចំណី​សត្វ​នៅ​សង្កាត់​ដង្កោ​ហើយ (មាន Video)

រាជធានី​ភ្នំពេញ ៖ អគ្គីភ័យ​បាន​ឆាប​ឆេះ​រោងចក្រ​ផលិត​ចំណី​សត្វ​ជា​ខ្លាំង ខណៈ​ពេល​ដែល​ក្រុម​ជាង​ដែក​កំពុង​ផ្សារ​ធ្វើ​បន្ទប់​នៅ​ក្នុង​ឃ្លាំង​ហើយ​បាន​ខ្ទាត​ធូប​ផ្សារ​ដែក​ចូល​ទៅ​ក្នុង​គំនរ​បាវ​ដែល​ទុក​សំរាប់​ច្រក​ចំណី​សត្វ បង្ក​ឲ្យ​មាន​ការ​ឆាបឆេះ​ចេញ​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​តែម្ដង កាល​ពី​វេលា​ម៉ោង ១៥​និង​៤០​នាទី​រសៀល ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៧ ដែល​ស្ថិត​នៅ​ភូមិ​បាគូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ជាង​ផ្សារ​ដែក​មួយ​ក្រុម​បាន​ចូល​មក​ផ្សារ​ដែក​នៅ​ក្នុង​រោងចក្រ​ខាងលើ ខណៈ​ពេល​កំពុង​តែ​ផ្សារ​ក៏​បាន​ធ្លាក់​កំទេច​ធូប​ផ្សារ​ចូល​ក្នុង​គំនរ​បាវ​និង​ចំណី​សត្វ​ដែល​ផលិត​រួច​បង្ក​ឲ្យ​មាន​ការ​ឆាបឆេះ​ចេញ​ជា​អណ្តាត​ភ្លើង ភ្លាមៗ​នោះ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​និង​ស្រាបៀរ GanZberg សរុប​ចំនួន​១០​គ្រឿង ក្នុង​នោះ​មាន​ចំនួន​៦​គ្រឿង​បាន​បាញ់​ទឹក​ពន្លត់​រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល ថ្ងៃ​ខែ​ដដែល។

បើ​តាម​សម្ដី​ថៅកែ​រោងចក្រ​ខាង​លើ​មាន​ឈ្មោះ MCFARLAND BRENT ROYភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជន​ជាតិ​កាណាដា បាន​ឲ្យ​ដឹង​ថា​សម្ភារៈ​ដែល​ខូចខាត​រួម​មាន៖ ប្លាស្ទិក ចំនួន​កន្លះ​តោន សំបក​បាវ​ចំនួន​កន្លះ​តោន ម៉ូទ័រ​ចំនួន​៥​គ្រឿង ប្រេងកាត​២០​លីត្រ ហើយ​សំណាង​ល្អ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត​មនុស្ស​ណា​ម្នាក់​នោះ​ឡើយ៕

សូម​ទស្សនា​សេចក្ដី​រាយការណ៍​ពី​កន្លែង​កើត​ហេតុ