ឆក់​កាបូប​មិន​បាន​សម្រេច ត្រូវ​ប្រជា​ពលរដ្ឋ​ស្វា​គមន៍​​មួយ​ចាស់​ដៃ ទើប​ប្រគល់​ឲ្យ​សមត្ថ​កិច្ច

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​ចាប់​បាន ហើយ​បញ្ចេញ​កំហឹង​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ស្ទើរ​តែ​សល់​ដង្ហើម​ចង្រឹត ទើប​ប្រគល់​ឲ្យ​សមត្ថ​កិច្ច ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​មិន​បាន​សម្រេច​លើ​នារី​២​នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​២៣​ខែ​មិថុនា​ឆ្នាំ​២០១៧ នៅ​ចំណុច​ទល់​មុខ សាលា​បឋម​សិក្សា​ទួល​គោក ស្ថិត​ក្នុង​សង្កាត់ បឹង​កក់​១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។

ជន​សង្ស័យ​ខាង​លើ​ដែល​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ស្វាគមន៍​យ៉ាង​ចាស់​ដៃ​នោះ​បាន​សារ​ភាព​ថា​ខ្លួន​មាន​ឈ្មោះ ឡន ឡាំហេង ហៅ អាមាត់ធំ មាន​អាយុ​១៦​ឆ្នាំ អង្គុយ​ក្រោយ​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​សាលា​រៀន​គ​ថ្លង់ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មាន​ស្រុក​កំណើត​នៅ​ភូមិ​អូ​តា​គី ស្រុក​ថ្ម​គោល ខេត្ត​បាត់​ដំបង ជិះ​ម៉ូតូ​ម៉ាក់ ស៊ុយ​សូ​គី NEX ពណ៌​ស​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ ជា​មួយ​បក្ស​ពួក​ម្នាក់​ទៀត​ជា​អ្នក​ឌុប រត់​ចោល​ខ្លួន​បាត់​ហើយ។

បើ​តាម​សម្ដី​ប្រជា​ពលរដ្ឋ​ដែល​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គឺ​មាន​នារី​រងគ្រោះ​២​នាក់​មិន​ស្គាល់​អត្តសញ្ញណ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ស្ពាន​អាកាស​៥​មករា​ឆ្ពោះ​ទៅ​អង់​តែន​ទួល​គោក ក៏​បាន​ឃើញ​រងគ្រោះ​និង​ប្រជា​ពលរដ្ឋ​ជួយ​ដេញ​តាម​ពី​ក្រោយ​ស្រែក​ថា​ចោរ​ៗ ធ្វើ​អោយ​ជន​សង្ស័យ​ភ័យ​ជិះ​ម៉ូតូ​គេច​រថយន្ត​ពី​មុខ​ទៅ​ជ្រុល​បុក​ឃឿន​ផ្លូវ​ដួល​ព្រុស ចាប់​បាន​ម្នាក់​វៃ​យ៉ាង​ឆ្ងាញ់​ដៃ ចំណែក​ឯ​ម្នាក់​ទៀត​រត់​គេច​ខ្លួន​យ៉ាង​លឿន។

ក្រោយ​ពេល​កើត​ហេតុ ជន​សង្ស័យ​ស្ទើរ​តែ​សល់​ដង្ហើម​ចង្រឹត​ទៅ​ហើយ​ទើប​ឃើញ​វត្តមាន​សមត្ថកិច្ច​ចុះ​មក​យក​ជន​សង្ស័យ​រួម​នឹង​ម៉ូតូ​ទៅ​កាន់​បុស្តិ៍​នគរបាល​បឹង​កក់១ ដើម្បី​ធ្វើ​ការ​សាក​សួរ ចំណែក​ឯ​នារី​រងគ្រោះ​ទាំង​២​នាក់​បាន​តក់​ស្លុត​ក្នុង​ហេតុ​ការណ៍​នេះ​បាន​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​កើត​ហេតុ​សិន ទើប​ចាំ​ទៅ​ដាក់​ពាក្យ​បណ្តឹង​តាម​ក្រោយ ៕