ដឹង​តម្រុយ​ខ្លះ​ហើយ ទាក់ទិន​នឹង​សព​ក្មេង​ស្រី​ដែល​ប្រទះ​ឃើញ​ក្នុង​ស្រះ

ខេត្តកំពត៖ អត្តសញ្ញាណ និង តម្រុយ​ខ្លះ​ៗ​ត្រូវ​បាន​សមត្ថកិច្ច​កំណត់​បាន​ហើយ ទាក់ទិន​នឹង​សព​ក្មេង​ស្រី​ម្នាក់​ដែល​ត្រូវ​គេ​ប្រទះ​ឃើញ និង​បង្ក​ការ​ភ្ញាក់ផ្អើល កាល​ពី​ព្រឹក​ថ្ងៃទី ១ ខែកក្កដា​ម្សិលមិញ​នេះ។ បន្ទាប់​ពី​លើក​សព​ចេញ​ពី​ស្រះ ភ្លាមៗ ក្រុម​សាច់​ញាតិ​ក៏​មក​ដល់​កន្លែង​កើតហេតុ។

យោង​តាម​សាច់​ញាតិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ឈ្មោះ អួន សុភ័ក្ដ អាយុ ១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឈើទាល ឃុំ​ជំពូវ័ន្ត ស្រុក​ជំគីរី ខេត្ត​កំពត។ ជន​រងគ្រោះ​ជា​ក្មេង​កំព្រា ដែល​ត្រូវ​គេ​យក​មក​ចិញ្ចឹម​តាំង​ពី​តូច។

យោង​តាម​សម្ដី​របស់​បងប្រុស​ម្នាក់​ជា​អ្នក​លក់​ស៊ុប បាន​ឲ្យ​ដឹង​ថា មាន​ម៉ូតូ​មួយ​បាន​មក​ដឹក​យក​ជន​រងគ្រោះ​ទៅ​តាំង​ពី​យប់​ថ្ងៃទី ៣០ ខែមិថុនា ហើយ​ក៏​បាត់​រហូត។ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី ១ ខែកក្កដា ក៏​មាន​គេ​ប្រទះ​ឃើញ​សព​នាង​នៅ​ក្នុង​ស្រះ​តែ​ម្ដង។

យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គេ​នៅ​ពុំទាន់​សន្និដ្ឋាន​ថា នេះ​ជា​ករណី​រំលោភ​សម្លាប់ ឬ​ជា​ករណី​អ្វី​ផ្សេង​ទេ ព្រោះ​រង់ចាំ​លទ្ធផល​កោសល្យវិច័យ​ពី​មន្ត្រី​បច្ចេកទេស​សិន។ នគរបាល​បាន​ប្រទះ​ឃើញ ខោ​ក្នុង​ពណ៌​ខ្មៅ​ឆ្នូត និង​ដប​ទឹក​សុទ្ធ​មួយ តែ​មិន​ប្រាកដ​ថា​ជា​ខោ​របស់​ជន​រងគ្រោះ​ឬ​អ្នក​ណា​ទេ។ នគរបាល​កំពុង​សួរនាំ​អ្នក​ដែល​ពាក់ព័ន្ធ។

យោង​តាម​នគរបាល​បច្ចេកទេស​បាន​ប្រាប់​ថា នេះ​ជា​ករណី​ឃាតកម្ម ព្រោះ​ជន​រងគ្រោះ​បាន​បាក់ ក។ ការ​សន្និដ្ឋាន​ដំបូង ប្រហែល​ជនរងគ្រោះ​ប្រតាយប្រតប់​គ្នា​ជាមួយ​ជន​ដែល​ហៅ​នាង​មក ដែល​ប៉ុនប៉ង​រំលោភ តែ​ជនរងគ្រោះ​មិន​ព្រម៕

គួរ​រំលឹក​ថា មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី ១ ខែកក្កដា ឆ្នាំ ២០១៧ ម្សិលមិញ ដោយ​មាន​គេ​ប្រទះ​ឃើញ​សព​ក្មេងស្រី​ម្នាក់​អាយុ ជាង​១០​ឆ្នាំ ស្លាប់​ផ្កាប់​មុខ​ក្នុង​ស្រះ ស្ថិត​ក្នុង​វត្ត ដី​ក្រហម នៅ​ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្ត​កំពត។