​ព្រះ​សង្ឃ​ និង​តា​អាចារ្យចំឡែក​

សៀមរាប ៖ ដោយ​សង្កេត​ឃើញ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​មាន​ការ​លើក​ឡើង​តាម​រយៈ​គណ​នី ហ្វេស​ប៊ុក (Facebook)ពី​មួយ​ទៅ​មួយ អំពី ករណី “ព្រះ​សង្ឃ​មួយ​អង្គ និង​តា​អាចារ្យ​ម្នាក់ បាន​បាត់​ខ្លួន​ក្នុង​សង្កាត់​ក្រ​បី​រៀល​” អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​សៀមរាប ។

គួរ​បញ្ជាក់​ថា កាល​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង ២០​និង​៤៥​នាទី​យប់ បង​ប្អូន​ប្រជា​ការ​ពារ​សង្កាត់​ក្របី​រៀល បាន​ទទួល​ដំណឹង​ពី​បង​ប្អូន​ប្រជា​ការពារ​ប្រជា​ការពារ​សង្កាត់​ស្រង៉ែ តាម​រយៈ​ប្រព័ន្ធ​វិទ្យុ​ទាក់​ទង​(ID)​ថា ឲ្យ​មក​ជួយ​មើល លោក​សង្ឃ​មួយ​អង្គ និង​តា​ចាស់​ម្នាក់​មិន​ដឹង និមន្ត​ទៅ​ណា មក​ណា​ទេ​ទាំង​យប់! តាម​ផ្លូវ​ក្រហម​ពី​ទិស​ខាង​លិច​ឆ្ពោះ​ទៅ​ទិស​ខាង​កើត ។

បន្ទាប់​ពី​ទទួល​ដំណឹង សមា​ជិក​ប្រជា​ការពារ​សង្កាត់​ស្រង៉ែ ក៏​បាន​តាម​រក​មើល ក៏​បាន​ប្រទះ​ឃើញ​ព្រះ​សង្ឃ​មួយ​អង្គ និង​តា​ចាស់​ម្នាក់ នៅ​ចំណុច​លើ​ថ្នល់​ដី​ក្រហម ស្ថិត​ក្នុង​ព្រំ​ប្រទល់​ភូមិ​តា​ចក និង​ភូមិ​ចន្លោង ក្នុង​សង្កាត់​ស្រង៉ែ ក្រុង​សៀមរាប ខេត្ត​សៀមរាប ដោយ​មាន​ការ​សង្ស័យ កម្លាំង​ប្រជា​ការពារ​ក៏​បាន​សួរ​នាំ តែ​និយាយ​គ្នា​ស្តាប់​មិន​បាន ដូច​មនុស្ស​វង្វេង​ស្មារតី ដោយ​សង្កេត​ឃើញ​ថា ព្រះសង្ឃ និង​តា​ចាស់​ទាំង​ពីរ មិន​មាន​ឯក​សារ ឫ​ព្រះ​ឆ័យ​លក្ខ ជាប់​ខ្លួន​ទេ​នោះ ខណៈ​កំពុង​សួរ​នាំ ស្រាប់​តែ​ព្រះសង្ឃ និង​តា​ចាស់​នោះ ផ្តួល​ខ្លួន​ដេក​ឱប​គ្នា​នៅ​លើ​ថ្នល់​ដី​ក្រហម ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​បង​ប្អូន ប្រជា​ពល​រដ្ឋ ដែល​មាន​ទី​លំ​នៅ នៅ​ក្បែរ​កន្លែង​កើត​ហេតុ ហើយ​ចេញ​មក​ឈរ​រោម​មើល​ជា​ច្រើន​នាក់​ផង​ដែរ ។

បន្ទាប់​មក​នៅ​វេលា​ម៉ោង​២៣​និង​០០​នាទី កម្លាំង​ប្រជា​ការពារ​បាន​នាំ​ព្រះ​សង្ឃ និង​តា​ចាស់​នោះ​មក ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់​ស្រង៉ែ ដើម្បី​សាក​សួរ​បន្ថែម ដោយ​ការ​សាក​សួរ​នោះ​ដឹក​នាំ​ដោយ​លោក អនុសេនីយ៍ទោ ធាវ ធឿត នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់​ស្រង៉ែ និង​បាន​ត្រួត​ពិនិត្យ​សម្ភារៈ​ដែល​មាន​នៅ​ជាប់​នឹង​ខ្លួន ព្រះ​សង្ឃ និង​តា​ចាស់​នោះ ឃើញ​មាន ត្រា​មូល​ធំ​ចំនួន​មួយ សម្ភារៈ​ផ្សេង​ៗ​ទៀត​ដូច​ជា ចែរ​កាច់​ដុំ​ថ្ម​តូច​ៗ​ពណ៌​ខ្មៅ​ជា​ច្រើន​ដុំ និង​លុយ​មួយ​ចំនួន​នៅ​ក្នុង​ថង់​យាម តែ​សមត្ថកិច្ច​យើង​មិន​បាន​ធ្វើការ​ដក​ហូត​អ្វី​ឡើយ ។

តាម​ការ​ព្យាយាម​សាក​សួរ​ព្រះ​សង្ឃ និង​តា​អា​ចារ្យ​នោះ បាន​ប្រាប់​ថា ចង់និ​មន្ត​ទៅ​ភ្នំ​គូលេន ក្រោយ​មក​នៅ​វេលា​ម៉ោង​២៣​និង​៥០​នាទី​លោក​នាយ​ប៉ុស្តិ៍​ក៏​បាន ណែ​នាំ​ឲ្យ​ប្រជា​ការពារ​យក​ម៉ូតូ​ដឹក​ព្រះ​សង្ឃ និង​តាចាស់​នោះ​ទៅ​បេន​ឡាន ប៉ុន្តែ​ពេល​ឌុប​ម៉ូតូ​មក​ដល់​មុខ​ក្លោង​ទ្វារ​ចូល​វត្ត​មេត្តា​ករុណា ព្រះ​សង្ឃ និង​តា​អា​ចារ្យ នោះ​បាន​លោត​ចុះ​ពី​លើ​ម៉ូតូ ហើយ​ផ្តេក​ខ្លួន​ដេក​ឱប​គ្នា​នៅ​នឹង​ដី ថែម​ទាំង​បាន ទាញ​ដោះ​ស្បង់​ចីវរ និង​របស់​របរ​ដែល​ជាប់​នៅ​នឹង​ខ្លួន​ចោល​អស់ បន្តិច​ក្រោយ​មក​ក៏​ស្ទុះ ងើប​រត់​គេច​ខ្លួន​បាត់ កម្លាំង​ប្រជា​ការពារ​បាន​ព្យាយាម​ដើរ​រក​មើល​ដែរ តែ​រក​ពុំ​ឃើញ រហូត​ដល់​វេលា​ម៉ោង​១​និង​១៥​នាទី ឆ្លង​ចូល​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៧ ប្រជា​ការពារ​បាន​សម្រេច​ឈប់​ដើរ​រក​ហើយ​ត្រលប់​ទៅ​គោល​ដៅ​រៀង​ៗ​ខ្លួនវិញ ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ខែ មិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង ០៧​និង​៣០ នាទី កម្លាំង​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ពួក​គាត់​ទាំង​ពីរ​នាក់​នៅ​មុខ​វត្ត​កេស​រា​រាម ស្ថិត​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គុំ ដោយ​លើ​ដង​ខ្លួន​មាន​ស្លៀក​ការ៉ុង គ្មាន​អាវ បំរុង​រត់​ចូល​ឡាន​ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ពេល​នោះ​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការ​ឃាត់ នាំ​មក​ក្នុង​បរិវេណ​វត្ត​កេសរារាម ដើម្បី​សួរ​នាំ តែ​អ្នក​ទាំង​ពីរ និយាយ​ស្តាប់​គ្នា​មិន​យល់ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លៀក​កា​រ៉ុង គ្មាន​អាវ​ពាក់ សមត្ថកិច្ច​យើង បាន​ណែ​នាំ និង​ជួយ​រក​ខោ ឲ្យ​អ្នក​ទាំង​ពីរ​ស្លៀក ពេល​នោះ​មាន​កូន​សិស្ស​នៅ​ក្នុង​វត្ត បាន​ឲ្យ​ខោ​ខ្លី​ពណ៌​ខៀវ (ខោកីឡា) ចំនួន​០២​ខោ ក្រោយ​ស្លៀក​ខោ​រួច​អ្នក​ទាំង​ពីរ​ក៏​បាន​ដេក​ឱប​គ្នា យ៉ាង​ចំឡែក ប្រហែល​១៥​នាទី​ក្រោយ​មក​អ្នក​ទាំង​ពីរ​ក៏​ងើប​ស្ទុះ​រត់ ចូល​គន្លង​ផ្លូវ​ជាតិ​លេខ​៦​ទៀត ។

សមត្ថកិច្ច​យើង​បាន​ពិភាក្សា​គ្នា ដឹក​អ្នក​ទាំង​ពីរ​ទៅ​ដាក់​នៅ​ក្នុង​បរិវេណ​វត្ត ទេព​ប្រណម ស្ថិត​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​ធំ ដើម្បី​សុវ​ត្ថិភាព ៕