គួរអោយភ្ញាក់ផ្អើល មហាសេដ្ឋី JACK MA ទិញដីនៅខេត្តព្រះសីហនុ

គិត​ត្រឹមថ្ងៃ​ទី​១២ កក្កដា​នេះ មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ចេញពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ ក្រសួង​ដែនដី​នរ​គ​រូប​នី​យ​កម្ម​និង​សំណង់ សេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម​និង​អាជ្ញាធរ​ដែនដី​នៅឡើយ​ទេ បន្ទាប់​ពី​លេចឮ​ព័ត៌មាន​ថា​មហាសេដ្ឋី​ចិន​លោក ជេ​ក ម៉ា ( Jack Ma) បាន​ដាក់​លុយរាប់​លាន​ដុល្លារ​ទិញ​ដី​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​វិនិយោគ ។

ប្រភព​មិន​ផ្លូវការ​ខ្លះ​ថា​លោក ជេ​ក ម៉ា ទិញ​ដី​ឆ្នេរ​អូរ​ត្រេះ​និង​ដី​ជា​ច្រើន​ហិ​កតា​ទៀត​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​ឲ្យ​តម្លៃ​ដី​បាន​ឡើងថ្លៃ​ខ្ពស់​មិន​ចាញ់​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ឡើយ ។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក យន្ត មីន ធ្លាប់​បាន​និយាយ​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អំពី​កា​ទិញ​ដី​របស់​លោក ជេ​ក ម៉ា នោះ​នៅឡើយ​ទេ ។

Jack Ma អាយុ​៥២​ឆាំ្ន នាយក​ក្រុមហ៊ុន Alibaba Group ជា​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល នៅ​ទ្វីបអាស៊ី​និង​ជា​មហាសេដ្ឋី​ពិភពលោក​ឈរ​នៅ​លេខ​រៀង​ទី​១៤ មាន​ទឹកប្រាក់​សរុប​ជិត​៤២​ពាន់​លាន​ដុល្លារ ហើយ​កំណើន​នេះ​នឹង​កើនឡើង​បន្តបន្ទាប់​ទៀត ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ខេត្ត​ព្រះ​សីហ​នុ​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៍​មាន​សក្កតានុពល​របស់​រាជរដ្ឋាភិបាល ជាតា​រា​រះ​នៅ​ទិសនិរតី ។ ក្រៅពី​កំពង់​ផែនិងទេសចរណ៍ ខេត្ត​ព្រះ​សីហ​នុ​ក៍​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​រោងចក្រ សហគ្រាស​ភាគច្រើន​មក​ពី​ប្រទេស​ចិន​ចំនួន​ជាង​១៣០​ក្រុមហ៊ុន កំពុងធ្វើការ​វិនិយោគ ដើម្បី​នាំ​ចេញ ស្រប​ពេល​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ កំពុង​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន​។

បច្ចុប្បន្ន​ព្រ​លាន​យន្តហោះ​ខេត្ត​ព្រះ​សីហ​នុ ក៍​កំពុង​ទទួល​ក្រុមហ៊ុន​អាកាសចរណ៍​ចុះ​ចត​កាន់តែ​ច្រើន ដែល​កាលពីដើម​ខែមិថុនា ឆ្នាំ​២០១៧​កន្លង​មកនេះ ក្រុមហ៊ុន​អាកាសចរណ៍ Air Asia បាន​ភ្ជាប់​ការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ មួ​យស​ប្តា​ហ៍​៤​លើក និង​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​បាន​ហោះហើរ​ជា​លក្ខណៈ​ជួល​ដាច់​មុខជា​ញឹកញាប់ ព្រមទាំង​មាន អាកាសចរណ៍​ក្នុងស្រុក​ដូច​ជា Sky Angkor Air, BASAKA Airline, កម្ពុជា អង្គរ​អ៊ែ​រ​, បាយ័ន​អ៊ែ​រ និង JC Airline ធ្វើការ​ហោះហើរ​រវាង​ខេត្ត​ព្រះ​សីហ​នុ ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប​ផង​ដែរ​។

ក្រៅពី​នេះ គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ជាមួយ​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) គ្រោង​នឹង​ចាប់ផ្ដើម​សាងសង់​ក្នុង​ឆ្នាំ​២០១៧​នេះ​ខាង​មុខ​។ គម្រោង​នេះ ជា​ប្រភេទ​គម្រោង​ដែល​សាងសង់​ដំណើរការ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន មុន​នឹង​ផ្ទេរ​ជូន​រាជរដ្ឋាភិបាល (BOT)​។

រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុ​ល ធ្លាប់​បា​នប​ង្កើ​ប​ឲ្យ​ដឹង​ថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ព្រះ​សីហ​នុ អាច​នឹង​ចំណាយ​ថវិការ​សាងសង់​ប្រមាណ ១៩០០​លាន​ដុល្លារ​។​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ នឹង​ត្រូវ​បាន​វិនិយោគ​១០០% ដោយ​ក្រុមហ៊ុន​ចិន​មួយ ដែល​អាច​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៧​។ ក្រោយ​ការ​សាងសង់​រួច​ផ្លូវ​មួយ​នេះ នឹង​ជំរុញ បន្ថែម​នូវ​ការ​អភិ​វ​ឌ្ឃ ការ​ដឹក​ជញ្ជូន រវាង​ក្រុង​និង​ខេត្ត​ទាំង​ពីរ​ឲ្យ​មាន​ល្បឿន​កាន់តែ​លឿន​បន្ថែម​ទៀត​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល​ក្លាយជា​តំបន់ឧស្សាហកម្ម​គំរូ​ពិសេស​មួយ​របស់​ប្រទេស ដែល​នឹង​យក​លំនាំ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស «​សេន​ចេ​ន​» (Shenzhen) របស់​ប្រទេស​ចិន​។ ខេត្ត​ដែល​ជាប់​សមុទ្រ​មួយ​នេះ មាន​អំណោយផល​ទីតាំង​ភូមិសាស្ត្រ​ដ៏​ធំធេង​សម្រាប់​កម្ពុជា ក្នុង​ការ​ផ្សារ​ភ្ជាប់​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៅ​ក្នុង​តំបន់ ៕ ប្រភព អង្រុតព័ត៌មាន