ជិះ​ម៉ូតូ​បុក​គ្នា​ដួល​ត្រូវ​រថយន្ត​ធន់​ធំ​កិន​ស្លាប់​ម្នាក់​៣​នាក់​ទៀត​របួស​ធ្ងន់​និង​ស្រាល

ភ្នំពេញ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​ដួល​ត្រូវ​រថយន្ត​ធន់​ធំ​បើក​កិន​បែក​ក្បាល​ស្លាប់​ម្នាក់​យ៉ាង​អាណោច​អាធម៌​និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​ ៩​និង​២០​​នាទី​​យប់​ថ្ងៃ​ទី​១៦​ខែ​កក្កដា​ឆ្នាំ​២០១៧​ នៅ​តាម​ បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ​ត្រង់​ចំណុច​មុខ​ បុរី​ជ័យ​ជំនះ​ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។
ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នោះ​មាន​ ឈ្មោះ​ សំ​ សម្បត្តិ​ ភេទ​ប្រុស​អាយុ​២៤​​ឆ្នាំ​មុខ​របរ​ជាង​ឈើ​ ស្នាក់​នៅ​ផ្ទះ​ជួល​​ផ្លូវ​សេះ​ស​ ភូមិ​ដំណាក់​ធំ​៤​សង្កាត់​ស្ទឹង​មានជ័យ​មាន​ស្រុក​ កំណើត​​ភូមិ​ស្តី​ពន្លិច​ ឃុំ​អំពិល​ទឹក​ ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំ​ ដែល​ជា​​ម្ចាស់​​ម៉ូតូ​ឌ្រីម​សង់​ឆ្នាំ​២០៦​ ។​ ចំណែក​អ្នក​រង​របួស​ទាំង​៣​នាក់​មិន​បាន​ស្គាល់​ឈ្មោះ​នោះ​ទេ។

បើ​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុ​ការណ៍​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​​ឌុប​គ្នា ម៉ាក​ឌ្រីម​សង់​សេ​១២៥​ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០១៦​​ពាក់​ស្លាក​​លេខ​ ភ្នំពេញ​ 1FW-6007 ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​បុក​គ្នា​ជា​មួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​សង់​បុិច​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BG-8549​ ជិះ​គ្នា​២​នាក់​ ទិស​ដៅ​បញ្ច្រាស​គ្នា​ បណ្ដាល​ឲ្យ​ដួល​ ស្រប​ពេល​នោះ​ក៏​មាន​​រថយន្ត​​ធន់​ធំ​ (​ យីឌុប​ )​ មិន​ចាំស្លាក​លេខ​ដែល​បើក​បរ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ហើយ​បាន​កិន​បុរស​ម្នាក់​បែក​ក្បាល​ស្លាប់​នៅ​និង​កន្លែង​កើត​ហេតុ​យ៉ាង​អាណោច​អាធម៌​ ចំណែក​២​នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវ​បានរ​ថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ និង​ម្នាក់​ទៀត​របួស​ស្រាល​​។​ រីឯ​រថយន្ត​បង្ក​​ក្រោយ​ កើត​ហេតុ​បាន​បើក​រត់​គេច​​បាត់​ស្រមោល​ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ជួយ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​និង​ទាក់​ទង​សមត្ថកិច្ច​ជំនាញ​មក​ធ្វើ​កំណត់​ហេតុ​ រួច​ប្រគល់​សព​ជន​ រង​គ្រោះ​ឲ្យ​សាច់​ញាត្តិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើរ។​ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​សមត្ថកិច្ច​វាស់​វែង​យក​ទៅ​រក្សា​ ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ៕