Updeta: ឃាត់​ខ្លួន ឧកញ៉ា សុខ ហេង រឿង​ក្លែង​ឯក​សារ រំលោភ​យក​ដី​ពល​រដ្ឋ​ដោយ​ខុស​ច្បាប់

ភ្នំពេញ៖ យោង​តាម​ប្រភព​ពី​កម្លាំង​កង​រាជ​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​ពិត​ជា​បាន ឃាត់​ខ្លួន ឧកញ៉ា សុខ ហេង និង​បក្ខ​ពួក​ចំនួន ៦​នាក់​ទៀត ពិត​មែន។

ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ចុង​ថ្នល់ សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ ដោយ​ចាប់​ខ្លួន​បាន​ជន​សង្ស័យ​រួម៖

-ទី១ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ៥១ឆ្នាំ ទីលំនៅផ្ទះលេខ៧៨ WF ផ្លូវ​បេតុង​ច្រក​ទី​៥ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំពេញ ។
-ទី២ ឈ្មោះ នុត រស្មី ភេទ​ប្រុស ជា​ជំនួយ​ការ​ផ្ទាល់​ឧកញ៉ា សុខ ហេង ទី​លំ​នៅ​ភូមិ​កោះ​បៀ ឃុំ​គគី ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ។
-ទី៣ ឈ្មោះ យន់ ម៉ៅ ភេទ​ប្រុស ទី​លំ​នៅ​ភូមិ​ត្នោត​ខ្ពស់ សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ និង​មាន​កម្មករ​ចំនួន៤​នាក់​ទៀត ​។

យោង​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជា​ពលរដ្ឋ​ចំនួន ៣​គ្រួសារ ដាក់​ជូន ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ សៅ សុខា មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧ បាន​រៀប​រាប់​ថា ឧកញ៉ា សុខ ហេង កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​របង​ដី​មួយ​កន្លែង មាន​ទំហំ ២១៤,៨០០​ម៉ែត្រ​ការ៉េ​ទៅ​សាលា​សង្កាត់​ពន្សាំង និង​សាលា​ខណ្ឌ​ព្រែ​កព្នៅ ។

ទី​តាំង​ដី​ដែល​ត្រូវ​ធ្វើ​របង​នោះ​នៅ​ចំណុច​ភូមិ​ចុង​ថ្នល់ សង្កាត់​ពន្សាំង ខណ្ឌ​ព្រែក​ព្នៅ មាន​ព្រំ​ប្រទល់ ៖
-ខាង​ជើង​ទល់​នឹង​ដី​ពលរដ្ឋ
-ខាង​ត្បូង​ទល់​នឹង​ដី​រួម​សង្កាត់​ស្នោរ សង្កាត់​ឱ​ឡោក និង​អូរ
-ខាង​កើត​ទល់​នឹង​ផ្លូវ​បេ​តុង
-ខាង​លិច​ទល់​នឹង​ផ្លូវ​លំ​គ្រួស​ក្រហម

លុះ​ដល់​ថ្ងៃ​ទី​៧ ដល់​ទី​៩ ខែ​កក្កដា ឆ្នាំ២០១៧ ឧកញ៉ា សុខ ហេង និង​បក្ខ​ពួក​ចំនួន ៦​នាក់​ទៀត​បាន យក​បង្គោល​ស៊ីម៉ងត៍ បង្គោល​ឈើ លួស បន្លា ទៅ​ដាំ​ធ្វើ​របង​នៅ​លើ​ដី​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ឈ្មោះ លីវ សុហួង ឈ្មោះ លឹម សុជាតិ និង​ឈ្មោះ មាស រ៉ាវុធ ដែល​ជា​ដី​នៅ​ខុស​ពី​ទី​តាំង​ដែល​បាន​ស្នើ​សុំ​ធ្វើ​របង​ទៅ​វិញ ។

ក្រោយ​ពេល​ដែល​ពល​រដ្ឋ​ឃើញ​ឧកញ៉ សុខ ហេង និង​បក្ខពួក ធ្វើ​របង​រំលោភ​យក​ដី​បែប​នោះ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ អាជ្ញា​ធរ​មូល​ដ្ឋាន រហូត​មាន មន្ត្រី​ភូមិ​បាល​ខណ្ឌ​ព្រែក​ព្នៅ ចុះ​ទៅ​ឃាត់​ឧកញ៉ា សុខ ហេង និង​បក្ខ​ពួក កុំ​ឱ្យ​ធ្វើ​របង​រំលោភ​ដី​ពល​រដ្ឋ ប៉ុន្តែ​ក្រុម​ជន​សង្ស័យ​មិន​ព្រម​ឈប់ និង​បាន​ប្រើ​ហឹង្សា​រំលោភ​ធ្វើ​របង​យក​ដី​ពលរដ្ឋ ដោយ​មិន​ស្តាប់​អាជ្ញា​ធរ​ឡើយ ទើប​មាន​ការ​ប្តឹង​ឱ្យ​ចាប់​ខ្លួន​ឧកញ៉ា សុខ ហេង និង​បក្ខ​ពួក​តែ​ម្តង​ទៅ ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ ក៏​មាន​មេ​ភូមិ មេ​ភូមិ​រង ចំនួន ៨​នាក់ ទៅ​ដាក់​ពាក្យ​ប្តឹង ឧកញ៉ា សុខ ហេង និង​ឈ្មោះ នុត រស្មី ជា​ជំនួយ​ការ នៅ​បញ្ជា​ការ​ដ្ឋាន​កង​រាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ផង​ដែរ ពាក់​ព័ន្ធ​ករណី ដែល​ឧកញ៉ា និង​ជំនួយ​ការ កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦ បាន បញ្ជា​ឱ្យ​ពួក​គាត់​ជា​មេ​ភូមិ មេ​ភូមិ​រង កោស​លុប និង​កែ​ព្រំ​ប្រទល់​ដី​ធ្លី ចំនួន ៨២ ហិកតា មាន​ទី​តាំង​នៅ​តំបន់​វាល​ស្មោញ ចំនួន ៦១​ហិកតា និង​តំបន់​ភូមិ​ចុង​ថ្នល់ ចំនួន ២១​ហិកតា ទៅ​ដាក់​ព្រំ​ប្រទល់​ថ្មី​លើ​ឯក​សារ​ចាស់​ដែល​ផ្ទេរ​កម្មសិទ្ធិ​រួច ចំនួន ៤​ច្បាប់ ដោយ​កែ​ដាក់​ព្រំ​ថ្មី​រំលោភ​យក​ដី​ប្រជា​ពលរដ្ឋ​ចំនួន ១៣០ ហិកតា នៅ​ចំណុច​ក្តាន់​ពង ដែល​ជា​ដី​រួម ៧​ភូមិ រួម​មាន​៖ ភូមិ​ត្នោត​ខ្ពស់ ភូមិ​បឹង​ខ្នំ ភូមិ​កន្លែង​គល់ ភូមិ​ចុង​ថ្នល់ ភូមិ​ទួល ភូមិ​តាស្គរ និង​ភូមិ​ព្រៃ​ស្វាយ នៅ​ទី​តាំង​ផ្សេង​ពី​ដី​ដែល ឧកញ៉ា សុខ ហេង និង​ឈ្មោះ នុត រស្មី បាន​ទិញ​ពី​ពលរដ្ឋ ។

ក្រោយ​ពី​បាន កោស​លុប និង​កែ​ព្រំ​ប្រទល់​ដី​រួច ឧកញ៉ សុខ ហេង បាន​យក​ឯក​សារ​កោស​លុប និង​លុយ ២​ម៉ឺន​ដុល្លារ ទៅ​ឱ្យ​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​យក​ទៅ​ឱ្យ​លោក​ស្រី ឌី សារៀម អតីត​ចៅ​សង្កាត់​ពន្សាំង ចុះ​ហត្ថ​លេខា ទទួល​ស្គាល់​ឯក​សារ​កោស​លុប និង​ធ្វើ​ឯក​សារ​ឱ្យ​ឧកញ៉ា សុខ ហេង អាច​លក់​ដី ១៣០​ហិកតា នៅ​តំបន់​ក្តាន់​ពង ទៅ​ឱ្យ​ក្រុម​ហ៊ុន​ពិភព​ថ្មី​បាន ប៉ុន្តែ​នៅ​ពេល​នោះ​លោក​ស្រី ឌី សារៀម មិន​ព្រម​ធ្វើ​តាម​បញ្ជា​លោក សុខ សម្បត្តិ នោះ​ទេ ព្រោះ​តែ​លោក​ស្រី​មើល​ឃើញ​ថា​ឯក​សារ​នោះ ជា​ឯក​សារ​ខុស​ច្បាប់ ៕