អាណិត​ណាស់! Vich Ty: “ពេទ្យ​ត្រូវការ​លុយ​ទុក​កូន​គាត់​ឲ្យ​ស្លាប់ មិន​ព្រម​ផ្ដល់​ឈាម​ឲ្យ”

បុរសម្នាក់​ជា​​ម្ចាស់​គណនី​ហ្វេសប៊ុក ដែល​ទំនង​ជា​ឪពុក​របស់អ្នក​ជំងឺឈ្មោះ ដេវិដ អាយុ ១៥​ឆ្នាំ បាន​បង្ហោះ​រូបភាព វី​ដេអូ និង​សារ​ក្ដុកក្ដួល តឹង​ទ្រូង​កាល​ពី​ថ្ងៃ​ទី ១១ ខែសីហា​នេះ​ថា កូន​របស់​គាត់​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ព្រោះ​ពេទ្យ​ត្រូវការ​លុយ មិន​ព្រម​ផ្ដល់​ឈាម​ឲ្យ ទោះ​គាត់​ខំ​អង្វរ​ថា ចាំ​ឲ្យ​ញាតិ​មិត្ត​មក​បរិចាគ​ឈាម​សង​វិញ ក៏​មិន​ព្រម ដែល​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​ដែល​គាត់​ខំ​បញ្ជូន​កូន​មក​វះកាត់​​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​រលាយ​អស់។

ម្ចាស់​គណនី​ខាង​លើ​បាន​បញ្ជូន​អ្នក​ជំងឺ​មក​វះកាត់​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ២៣ ខែកក្កដា ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ថ្ងៃ​ទី ២៦ ខែ​ដដែល នៅ​មន្ទីរ​ពេទ្យ Hope។​

ជា​ចុង​ក្រោយ​លោក​ក៏​បាន​សំណូម​ពរ​ក្រសួង​សុខាភិបាល និង​មន្ទីរពេទ្យ​មេត្តា​អាណិត​អាសូរ និង​យោគយល់​ដល់​កូន​ខ្មែរ​អ្នក​ក្រផង។ «តទៅ​ខ្ញុំ​សូម​អង្វរ​ដល់​ក្រសួង​សុខាភិបាល មាន​មេត្តា​ចិត្ត​អាណិតអាសូរ និង យោគយល់​ដល់​កូន​ខ្មែរ​អ្នកក្រ​ផង»។ ខាង​ក្រោម​នេះ​ជា​ខ្លឹម​សារ​ទាំងស្រុង៖

ដេវីដ មុន​ពេល​ស្លាប់ កំពុង​ធ្វើដំណើរ​ទៅ​វះកាត់​នៅ​ភ្នំពេញកាល​ពី​ថ្ងៃទី 23-07-2017 ហើយ​ប៉ា​សង្ឃឹម​ថា កូន​ប្រុស​សំលាញ់​បាន​សុខ​សប្បាយ តែ​កូន​ប្រុស​ខ្ញុំ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត។​ ខ្ញុំ​ក្តុកក្តួល​ក្នុង​ចិត្ត​ណាស់​លោកអើយ កូន​ស្លាប់​ក្នុង​វ័យ​អាយុ 15​ឆ្នាំ កាល​ពី​ថ្ងៃទី 26-07-2017 ក៏​ដោយសារ​តែ​ពេទ្យ​ត្រូវ​ការ​លុយ មិន​ព្រម​ផ្តល់​ឈាម ខ្ញុំ​អង្វរ​សុំ​អោយ​ពេទ្យ​ផ្តល់​ឈាម​ជួយ​ដល់​កូន​ប្រុសខ្ញុំ​មុន​សិន ហើយ​ខ្ញុំ​នាំ​បងប្អូន​ទៅ​ផ្តល់​ឈាម​សង​ពេទ្យ​វិញ ក៏​ពេទ្យ​មិនព្រម​ដែរ។​ គេ​ទុក​អោយ​កូន​ខ្ញុំ​ស្លាប់​ភ្លាមៗ​នៅ​មន្ទីរ​ពេទ្យ hope រាជធានី​ភ្នំពេញ ដោយសារ​ការ​វះកាត់​ខ្វះ​ឈាម។​ តទៅ​ខ្ញុំ​សូម​អង្វរ​ដល់​ក្រសួង​សុខាភិបាល មាន​មេត្តា​ចិត្ត​អាណិត​អាសូរ និង យោគយល់​ដល់​កូន​ខ្មែរ​អ្នកក្រ​ផង។​

សារព័ត៌មាន​ដំណឹង​យប់មិញ​មិន​អាច​ទាក់ទង​ម្ចាស់​គណនី​ខាង​លើ​ដើម្បី​បញ្ជាក់​បន្ថែម​បាន​ទេ​ពេល​នេះ។ បើ​ម្ចាស់​គណនី​ចង់​បំភ្លឺ​បន្ថែម​ករណី​នេះ យើង​ខ្ញុំ​រីករាយ​ស្វាគម​គ្រប់​ពេល៕