ជិះ​ម៉ូតូ​លឿន​ផ្លូវ​ងងឹត​មិន​ប្រយត្ន័​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ចែង​ទ្រូង​ផ្លូវ​ស្លាប់​ម្នាក់

ខេត្តកណ្ដាល៖ បុរស​២នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​បោះ​ពួយ​យ៉ាង​លឿន មិន​ប្រយត្ន័​ខណៈ​ផ្លូវ​ងងឹត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ដែល​ទើប​និង​ដាក់​ពុំ​មាន​ស្លាក​សញ្ញា​បណ្ដាល​ឲ្យ​ដួល​បោក​និង​ថ្នល់​ស្លាប់​បុរស​ម្នាក់​ភ្លាមៗ​នៅ​និង​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៨​និង​៣០​នាទី​​យប់ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២១ ស្ថិត​ក្នុង​ភូមិ​ព្រែក​ថី្ម ឃុំ​រការ​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​បាន​​ប្រាប់​ឲ្យ​ដឹង​ថា បុរស​រងគ្រោះ​ដែល​ស្លាប់​នៅ​និង​កន្លែង​កើត​ហេតុ​មាន​ឈ្មោះ លី លីម អាយុ​៣២​ឆ្នាំ មុខ​របរ​ជាង​ដែក រស់​នៅ​​ភូមិ​លេខ​១ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល ។ ចំណែក​បុរស​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ជា​មួយ​និង​រង​របួស​ធ្ងន់ នៅ​មិន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ ព្រោះ​ភ្លាមៗ​ជន​រងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​មន្ទី​ពេទ្យ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​កើត​ហេតុ មាន​ប្រជាពល​រដ្ឋ​សង្គេត​ឃើញ​បុរស​រងគ្រោះ​ទាំង​២​នាក់​ខាង​លើ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង មិន​ចាំ​ស្លាក​លេខ ឌុប​គ្នា តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១ ទិស​ដៅ​ពី​ត្បួង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណះ​មក​ដល់​ចំណុច​កើត​ហេតុ ក៏ស្រាប់​តែ​ទៅ​បុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ដែល​ទើប​និង​ដាក់ ដោយ​ពុំ​មាន​ស្លាក​សញ្ញា​យ៉ាង​ពេញ​ទំហឹង បណ្ដាល​ឲ្យ​​ដួល​បោក​និង​ថ្នល់​ធ្វើ​ឲ្យ​បុរស​ម្នាក់​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង ចំណែក​បុរស​ម្នាក់​ទៀត​បាន​រងរបួស​យ៉ាង​ធ្ងន់​ធ្ងរ ។

ក្រោយ​ពេល​កើត​ហេតុ សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ និង​បាន​ទំនាក់​ទំនង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ឲ្យ​មក​ដឹក​ជន​រងគ្រោះ​របួស​ធ្ងន់ យក​ទៅ​​សង្គ្រោះ​នៅ​ឯ​មន្ទី​រពេទ្យ ។ ចំណែក​ម៉ូតូ​និង​សព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ទៅ​សាច់​ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ស្រុក​​កំណើត​ចាត់​ចែង ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕