ព័ត៌មាន​បន្ថែម យុវតី​ធ្វើ​អត្តឃាត​អាច​មក​ពី​ខក​បំណង​រឿង​មួយ​ដែល​នាង​…​

ខេត្ត​កណ្ដាល៖ នេះ​ជា​រឿង​រ៉ាវ​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​និង​គួរ​ឲ្យ​អាសូរ​យុវតី​ម្នាក់ ដែល​តូច​ចិត្ត​នឹង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ធ្លាក់ តូច​ចិត្ត​នឹង​ខ្លួន​ឯង សម្រេច​បញ្ចប់​ជីវិត​ដោយ​ចង.ក ខ្លួន​ឯង។ ហេតុការណ៍​ដ៏​អណោចអាធ័ម​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​ប្រហែល ៧​និង​៣០​យប់ ​ថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​ទួល ឃុំ​សំរោង​លើ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល។​

យុវតី​រងគ្រោះ​ឈ្មោះ អោក សុភាព អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ២៧ ខែសីហា ឆ្នាំ​២០១៧ មាន​ម្ដាយ​ឈ្មោះ ឈំ ឡឺង អាយុ ៤៥​ឆ្នាំ មុខរបរ​កសិករ ឪពុក​ឈ្មោះ សយ អោក អាយុ ៥២​ឆ្នាំ មុខ​របរ​ជាង​កង់។​

តាម​សម្ដី​អ្នក​ស្រី ឈំ ឡឺង ត្រូវ​ជា​ម្ដាយ​យុវតី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា ពេល​គាត់​ត្រឡប់​មក​ពី​កាន់បិណ្ឌ​នៅ​ខេត្ត​តាកែវ​វិញ នៅ​ម៉ោង​ប្រហែ​៤​ល្ងាច គាត់​ក៏​បាន​សួរ​យុវតី​រងគ្រោះ​ថា «ប្អូន​ជីដូន​មួយកូន​​ឯង​ប្រឡង​ជាប់​ហើយ ចុះកូន​​ឯង​ប្រឡង​ជាប់​អត់?​»។ នាង​ក៏​បាន​ឆ្លើយ​ថា «មិន​ដឹង​ទេ​ម៉ែ»។ ថា​ហើយ​ក៏​បាន​ហុច​កាបូប​លុយ​ឲ្យ​ទៅ​ម្ដាយ ហើយ​ឡើង​ទៅ​លើ​ផ្ទ្ះ។ បន្ទាប់​មក​យុវតី​ក៏​បាន​ប្រាប់​ថា «នាង​បាន​ប្រឡង​ធ្លាក់​ហើយ សូម​​កុំ​បន្ទោស​នាង​អី»។ មួយ​សន្ទុះ​ក្រោយ​មក ដោយ​មាន​ការ​សង្ស័យ​ក៏​នាំ​គ្នា​ដើរ​រក​ជន​រងគ្រោះ ក៏​ឃើញ​នាង​ចង​.ក​នឹង​ខ្សែ​នីឡុង​ជាប់​នឹង​ចំរឹង​បង្អួច​កំពស់​ប្រហែល​២​មែត្រ ស្លាប់​បាត់​ទៅ​ហើយ។​

យោង​តាម​គណនី​របស់​យុវតី​រងគ្រោះ​បាន​បង្ហោះ​រូបភាព​នឹង​ខ្លឹម​សារ​នៅ​ម៉ោថ​៧​និង​១១​នាទី​​ថា «ម្ចាស់ Acc នេះឃ្លាតពីមិត្តទាំងអស់គ្នាហេីយ????????? »។ នេះ​ជា​សារ​ដែល​នាង​បង្ហោះ​មុន​ពេល​ធ្វើ​អត្តឃាត។​

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់ និង​បាន​ធ្វើ​កោសល្យវិច័យ ហើយ​បាន​ឲ្យ​ដឹង​ថា យុវតី​រងគ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ចង.ក​សម្លាប់​ខ្លួន​មែន។ សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។​

បើ​យោង​តាម Comment មួយនៅ​លើ​ខ្លឹម​សារ​ដែល​នាង​ផូស​ខាង​លើ​អាច​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា យុវតី​រងគ្រោះ​ស្រឡាញ់ និង​ចង់​រៀន​ពេទ្យ​ខ្លាំង​ណាស់។ គណនី​ហ្វេសប៊ុក​ឈ្មោះ Ramako Rorn ជា​ហ្វ្រិន​របស់​នាង​ក្នុង​ហ្វេសប៊ុក​បាន​រ៉ាយរ៉ាប់​ក្នុង Comment ថា «ថ្ងៃ​មួយ​ខ្ញ៊ំ​បាន​ផូស​រូប​ឯកសណ្ឋាន​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា ស៊ីស (Sister) ក៏​បាន cmt សួរ…. ប្អូន​ស្រី​តែងតែ​សួរ​បង​ពី​សាលា​រៀន​ពេទ្យ ខ្ញុំ​ក៏​បាន​ប្រាប់​នូវ​អ្វី​ដែល​នាង​សួរ ហើយ​ខ្ញុំ​ក៏​សួរ​ថា ស៊ីស រៀន​ឆ្នាំ​ទី​ប៉ុន្មាន? ស៊ីស ក៏​ថា​ខ្ញុំ​ជា​សិស្ស​វិទ្យាល័យ ខ្ញុំ​មិន​ជឿ ពេល​នោះ ស៊ីស បានឆ្លើយ​ថា​ជឿ​ទៅ​សូម​អង្វរ ……ប្រហែល​ប្អូន​ចង់​រៀន​ពេទ្យ​ហើយ​មើល​ទៅ។​ ថ្ងៃ​នេះ​ប្អូន​បាន good morning មក​បង ….. 11:53am ខ្ញុំ​ក៏​តប yeah good morning … ហើយ​ក៏បាត់. មិន​ឃើញ​តប…….បន្ទាប់​មក​ក៏​ឃើញ​ព័ត៌មាន​ដែល​មិនគួរ​ឲ្យ​ជឿ?…….. ហេតុ​អ្វី​ប្អូន​គិត​ខ្លី​បែប​នេះ… ? សូម​ប្អូន​ស្រី​ទៅ​ឲ្យ​បាន​សុខ​ចុះ… ?»

ជុំ​វិញ​ករណី​នេះ​មហា​ជន​មាន​ការ​​ហួស​ចិត្ត​ផង អាណិត​ផង​ចំពោះ​យុវតី ដែល​បាន​គិត​ខ្លី​រូប​នេះ​ថា មិន​គួរ​ណា​នាង​គិត​ខ្លី​បញ្ចប់​ជីវិត​យ៉ាង​នេះ គ្រាន់​តែ​ប្រឡង​ធ្លាក់​សោះ​មាន​អី​គួរ​ឲ្យ​អស្ចារ្យ យ៉ាង​ច្រើន​ប្រឹង​រៀន ​ឆ្នាំ​ក្រោយ​ប្រឡង​ម្ដង​ទៀត មាន​អី​លំបាក គ្រាន់​តែ​ខាត​ពេល​មួយ​ឆ្នាំ​មិន​ប៉ុន្មាន​ទេ។ ធម្មតា​ប្រឡង​តែង​មាន​ធ្លាក់​ជាប់ លេង​កីឡា​តែង​មាន​ចាញ់​ឈ្នះ។ ការ​គិត​ខ្លី​របស់​នាង​បែប​នេះ​បែរ​ជា​ធ្វើបាប​ចិត្ត​ឪពុក​ម្ដាយ​វិញ​ទេ ហើយ​បាន​អី​មក​វិញ?​ តើ​អ្នក​ណា​ដែល​មិន​ធ្លាប់​បរាជ័យ? តែ​គេ​ចេះ កែ​ប្រែ​ការ​ឈឺចាប់​ឲ្យ​ទៅ​ជា​ការ​តស៊ូ ដួល​កន្លែង​ណា​ក្រោក​កន្លែង​នោះ។​