អ្នក​នេសាទ​ប្រទះ​សាក​សព​អណ្ដែត​ទឹក​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក

ភ្នំពេញ៖ ប្រជាពលរដ្ឋ​នេសាទ​ប្រទះ​ឃើញ​សាក​សព​បុរស​ម្នាក់​អណ្ដែត​ទឹក​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង ៩​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី ២២​ខែ​កញ្ញា ឆ្នាំ​២០​១៧ នៅ​ក្នុង​ទឹក​ទន្លេ​ស្ថិត​ក្នុង​ក្រុម​៤ ភូមិ​ឃាំង​សាំង សង្កាត់ ឫស្សី​កែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។

សាក​សព​ជន​រង​គ្រោះឈ្មោះ ហេង ភក្ដី ភេទ​ប្រុស​៣០​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា នៅ​វេលា​កើត​ហេតុ ខាង​លើ​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក នេសាទ​បាន​ប្រទះ​សាក​សព​បុរស​ម្នាក់​អណ្ដែត​ទឹក​នៅ​ក្នុង​ទន្លេ ហើម​ស្អុយ​បង្ក​ការ​ភ្ញាក់​ផ្អើល ភ្លាម​ៗ​នោះ​ក៏​បាន រាយ​ការណ៍​ទៅ​ដល់​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ រួច​បាន យក​កាណូ​ត អូស សាក​សព​មក​លើ​គោក និង​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិច្ឆ័យ មក​ពិនិត្យ​និង ធ្វើ​កោសល្យវិច្ឆ័យ រួច​បាន​បញ្ជាក់​ថា៖ ជន​រងគ្រោះ​ពិត​ជា ស្លាប់​ដោយ​សារ​លង់​ទឹក ពិត​ប្រាកដ​មែន ។

បើ​តាម​ការ​បញ្ជាក់​ពី​សាច់​ញាត្តិ​ត្រូវ​ជា​ប្អូន​ជី​ដូន​មួយ​បាន​អោយ​ដឹង​ថា សព​បុរស​រងគ្រោះ​ខាង​លើ គឺ​មាន​ជំងឺ​ប្រសៃ​ប្រសាទ​ជាង​១០​ឆ្នាំ​មក​ហើយ នៅ​មុន​ពេល​កើត​ហេតុ​រូប​គាត់ បាន​ដើរ​បាត់​ពី​ផ្ទះ​ចំនួន​២​ថ្ងៃ​មក​ហើយ លុះ​ពេល​ដឹង​ដំណឹង​ថា​មាន​គេ​ប្រទះ​ឃើញ​សាក​សព​អណ្ដែត​ទឹក​ក៏​បាន​មក​មើល​ទើប​ដឹង​ថា​រូប​គាត់​បាន​លង់​ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ធ្វើ​កោសល្យវិច្ឆ័យ និង​កំណត់​ហេតុ​រួច​រាល់​សមត្ថកិច្ច​បាន​ប្រគល់​សាក​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ទួល​សង្កែ ៕