តុលាការ​កាត់​ទោស ថៅ​កែ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ស្រីរ័ត្ន​ ​រឿង​បោក​ប្រាក់​លុយ​អតិ​ថិ​ជន​ជិត ៣០​ម៉ឺន​ដុល្លារ

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០​១៧​ម្សិល​មិញ លោក លាង សំណាត់ ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង បាន​បើក​សវនា​ការ​កាត់​ទោស ជន​ជាប់​ចោទ ឈ្មោះ រស់ សុភីរ័ត្ន ថៅ​កែ​ក្រុម​ហ៊ុន ស្រីរ័ត្ន អន្តរ​ជាតិ ទេស​ចរណ៍ និង​ទួរស៍ ។

លោក ស្រី ម៉ាកនី ជាតំណាង​អយ្យការ​នៃ​សវនា​ការ បាន​ចោទ​ប្រកាន់​លើ​ឈ្មោះ រស់ សុភីរ័ត្ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជា​ថៅ​កែ​ក្រុម​ហ៊ុន ស្រីរ័ត្ន​ ទេសចរណ៍ ពីបទ រំលោភ​លើ​ទំនុក​ចិត្ត លើ​អតិថិជន ៧៤នាក់ (អ្នក​ដែល​ដាក់​ពាក្យ​ប្តឹង) ប្រព្រឹត្ត​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧ នៅ​ក្រុម​ហ៊ុន ស្រី​រ័ត្ន អន្តរ​ជាតិ ទេស​ចរណ៍ និង​ទួរស៍ នៅ​តាម​បណ្តោយ​ផ្លូវ ព្រះ​មុនីវង្ស និង​ផ្លូវ​កម្ពុជា​ក្រោម រាជធានី​ភ្នំពេ​ញ យោង​តាម​មាត្រា ៣៩១ និង មាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ។

នៅ​ក្នុង​សវនាការ ជន​ជាប់​ចោទ​ឈ្មោះ រស់ សុភារ័ត្ន បាន​ឆ្លើយ​ថា ក្រុម​ហ៊ុន​ខ្លួន មាន​បម្រើ​សេវា​កម្ម លក់​សំបុត្រ​យក​ហោះ ក្នុង​ប្រទេស ក្រៅ​ប្រទេស និង​រៀប​ចំ​ដំណើរ​កម្សាន្ត ក្នុង និង​ក្រៅ​ប្រទេស ។ ជន​ជាប់​ចោទ​បន្ដ​ថា អតិថិជន​ដែល​ក្រុមហ៊ុន​មិន​បាន​បម្រើ​សេវា​កម្ម ត្រឹម​តែ​ជាង​២០​នាក់ តែ​ប៉ុណ្ណោះ ។

ក្រោយ​ពី​បែក​រឿង មិន​មាន​ឈ្មោះ​អតិថិជន ឡើង​យន្ត​ហោះ ទៅ​បរទេស ទើប​ក្រុម​ហ៊ុន បាន​សម្រប​សម្រួល ជា​មួយ​អតិថិជន​បាន​ខ្លះ ហើយ​អ្នក​ខ្លះ​មិន​ព្រម និង​ដាក់​ពាក្យ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​តែ​ម្តង ។ ជន​ជាប់​ចោទ បាន​ឆ្លើយ​ថា បុគ្គលិក​របស់​ខ្លួន ឈ្មោះ ង៉ែត ធារី មាន​តួ​នាទី​ជា​ប្រធាន​គណនេយ្យ និង​លក់​សំបុត្រ បាន​លួច​លុយ​ក្រុមហ៊ុន រត់​អស់​នូវ​ថ្លៃ​សំបុត្រ​យន្ត​ហោះ ជាង​៣០​នាក់ ជា​សាច់​ប្រាក់ ប្រមាណ​ជាង ១០​ម៉ឺន​ដុល្លារ​ទើប ក្រុមហ៊ុន​ខ្វះ​លុយ​សង​ទៅ​អតិថិជន ។

ក្រុម​ដើម​បណ្ដឹង​បាន​អះ​អាង​ថា ពួក​គាត់​បាន​ទៅ​ទិញ​សេវា​កម្ម ដំណើរ​កម្សាន្ត​នៅ​ក្រុម​ហ៊ុន ស្រីរ័ត្ន អន្តរ​ជាតិ​ទេសចរណ៍ និង​ទួរស៍ ដើម្បី​ទៅ​ដើរ​លេង​នៅ​បរទេស ប៉ុន្តែ​ដល់​ថ្ងៃ​ឡើង​យន្ត​ហោះ​ក៏​ស្រាប់​តែ គ្មាន​ឈ្មោះ ជិះ​យន្ត​ហោះ​ ទើប​បែក​រឿង ដឹង​ថា ក្រុម​ហ៊ុន​បោក​ប្រាស់ និង​បាន​ដាក់​ពាក្យ​ប្តឹង ឱ្យ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​តែ​ម្តង​ទៅ ។

ជន​ជាប់​ចោទ បាន​ប្តឹង​ទាម​ទារ​ត្រឹម​តែ​លុយ​ដែល​ខ្លួន​បាន​ខាត​បង់ ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ១០០០​ដុល្លារ ទៅ​ជាង​១​ម៉ឺន​ដុល្លារ។

គួរ​រំលឹក​ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​ឈ្មោះ រស់ សុភារ័ត្ន កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភ: ឆ្នាំ២០១៧ ក្រោយ​ពី​មាន​អតិថិ​ជន​ប្រមាណ​ជាង ២០នាក់ បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ក្រុម​ហ៊ុន​ទេសចរណ៍​ស្រី​រ័ត្ន​ មាន​ទី​តាំង​នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជាក្រោម សង្កាត់​មិត្ត​ភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។

ទោះ​ជា​យ៉ាង​ណា ដោយ​សារ​ពេល​វេលា​មិន​អំណោយ​ផល​នោះ សំណុំ​រឿង​នេះ​ត្រូវ​បាន​តុលា​ការ​លើក​ពេល​ទៅ​បន្ត​សវនាការ​ដេញ​ដោល​នៅ​រសៀល​ថ្ងៃ​ទី៤ ខែតុលា ឆ្នាំ​២០១៧​ខាង​មុខ​ទៀត ៕