លឺ ឡាយស្រេង បាន​ចេញ​វីដេអូ​សុំ​ទោស ក្រោយ​ប្រមាថ​ព្រះ​មហាក្សត្រ​ថា មាន់​គ្រៀវ

ក្រោយ​មាន​ការ​បែក​ធ្លាយ​សំឡេង​លោក លឺ ឡាយស្រេង បាន​មើលងាយ​ព្រះ​មហាក្សត្រ និង​ការ​ព្រមាន​ប្ដឹង​ពី​គណបក្ស​ហ្វុនស៊ិនប៉ិច មក លោក​តា លឺ ឡាយស្រេង បាន​ចេញ​វីដេអូ​សុំ​អភ័យ​ទោស​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាល​ពី​រសៀល​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០១៧ នេះ។

នៅ​ក្នុង​វីដេអូ​ប្រវែង​៣​នាទី​ជាង លោក​តា លឺ ឡាយស្រេង បាន​មាន​ប្រសាសន៍​ថា លោកតា បាន​និយាយ​ជ្រុលជ្រួស​ពាក្យ​សម្ដី​មែន តែ​ពុំ​មាន​ចេតនា​ប្រមាថ​កាត​ធារ​អង្គ​ព្រះ​មហាក្សត្រ​ឡើយ។ លោកតា​ជម្រាប​បន្ថែម​ថា លោតា​បាន​បម្រើ​ព្រះ​មហា​ក្សត្រ​យូរ​ណាស់​មក​ហើយ ហើយ​ការ​និយាយ​នេះ ដោយ​គ្រាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា ព្រះ​មហាក្សត្រ​លោក​មាន​ព្រះទ័យ​លំបាក។

លោកតា​បាន​បន្ត​ថា សូម​មេត្តា​កុំ​ចោទ​លោកស្រី គី លំអង អី​ព្រោះ​ថា លោក​ស្រី​គ្រាន់តែ​ជា​អ្នក​ស្ដាប់ លោកតា​ជា​អ្នក​និយាយ។

លោកតា​ក៏​សូម​អភ័យ​ទោស​ចំពោះ​បងប្អូន​ទាំង​អស់ ពិសេស​សម្ដេច​តេជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​អង្គ​ព្រះ​មហា​ក្សត្រ​ផង​ដែរ ដែល​លោក​បាន​ប្រើ​ពាក្យ​លើស​លួស​ខ្លះ​ៗ ដែល​លោក​មិន​មាន​បក្សពួក​អ្វី​ទេ គ្រាន់តែ​ជា​មន្ត្រី​ចាស់ ហើយ​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ធ្វើ​ឲ្យ​មាន​និយាយ​ខុស​ខ្លះ​ប៉ុណ្ណោះ។ លោក​តា​ថា ទោះ​ជា​យ៉ាង​ណា លោក​មិន​ដែល​មាន​ចិត្ត​ប្រមាថ សូម្បី​តែ​សម្ដេច​នាយក​រថ​មន្ត្រី​ក៏​ទេ​ដែរ លោក​គ្រាន់តែ​ជា​អ្នក​និយាយ ត្រង់​នេះ អញ្ចេះ ត្រង់​នោះ​អញ្ចុះ ផ្លូវ​ដើរ​អញ្ចេះ​ល្អ ផ្លូវ​ដើរ​ត្រង់​នោះ​មិន​ល្អ​ទេ ដូច្នេះ​បើ​មាន​ការ​ខុស​លើសលួស លោក​សូម​បងប្អូន​ទាំង​អស់ សម្ដេច​នាយក​រដ្ឋ​មន្ត្រី និង​ព្រះ​មហាក្សត្រ​មេត្តា​យោគយល់ ដែល​ជា​អ្នក​ធ្លាប់​បម្រើ​អតីត​ព្រះ​មហាក្សត្រ​តាំង​ពី​ណា​ពី​ណី​មក។

សូម​រំលឹក​ថា លោក លឺ ឡាយស្រេង ជា​អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុន​ស៊ីន​ប៉ិច។

សូម​រំលឹក​ដែរ​ថា លោក លឺ ឡាយ​ស្រេង បាន​ស្នើ​ឲ្យ​ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដាក់​រាជ ដើម្បី​ឲ្យ​មាន​អ្នក​ផ្សេង​ឡើង​គ្រង​រាជ​បន្ត និង​បាន​ហៅ​ព្រះមហាក្សត្រ​ជា​មាន់គ្រៀវ។

នេះ​បើ​យោង​តាម​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​ដែល Fresh News អះអាង​ថា​ជា​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​រវាង​លោក​ព្រឹ​ទ្ឋា​ចា​រ្យ លឺ ឡាយ​ស្រេង និង​អតីត​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច លោកស្រី គី លំអង និង​បាន​ចេញផ្សាយ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។

បើ​តាម Fresh News លោក លឺ ឡាយ​ស្រេង និយាយ​ឆ្លង​ឆ្លើយ​ជាមួយ​លោកស្រី គី លំអង យ៉ាង​ដូច្នេះ​ថា​៖ «​នៅ​ថ្ងៃនេះ​ផេ​ក​សីហា យើងខ្ញុំ បាន​ទទួល​នូវ​សំឡេង​ឆ្លើយឆ្លង​គ្នា​រវាង​លោក លឺ ឡាយ​ស្រេង ជាមួយ​លោកស្រី គី លំអង អតីត​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧​នេះ ដោយ​លោក លឺ ឡាយ​ស្រេង បាន​ប្រើ​ពាក្យ​សម្តី​ប្រមាថកាតទាន​យ៉ាងធ្ងន់ធ្ងរ​បំផុត​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

សម្ដី​ឆ្លើយឆ្លង​គ្នា​រវាង លោក លឺ ឡាយ​ស្រេង ជាមួយ​លោកស្រី គី លំអង បាន​លើក​ឡើង​ពី​ផែនការ​ដែល​នឹង​មាន​មន្ត្រី​មួយ​ចំនួន​ចង់ទៅ​ចូល​គាល់​ព្រះមហាក្សត្រ ក្រោម​លេស​ដែល​គេ​បាន​និយាយ​ថា ដើម្បី​បន្ថយ​កម្ដៅ​នយោបាយ ហើយ​ទំនងជា​ចង់​សុំ​ការ​សម្រេច​ព្រះ​ទ័យ​ពី​ព្រះមហាក្សត្រ អោយ​ធ្វើ​អ្វីមួយ​តាម​គោលបំណង​របស់​ពួក​គេ ប៉ុន្តែ គី លំអង គិត​ថា ប្រហែល​ព្រះមហាក្សត្រ​មិន​ហ៊ាន​ទេ​។ នេះ​បើ​តាម​សំឡេង​ឆ្លើយឆ្លង​របស់​លោកស្រី គី លំអង ក្នុង​នោះ​មាន​ទាំង​បញ្ចេញ​ឈ្មោះ លោក ឡៅ ម៉ុង​ហៃ ក៏​នឹង​ត្រូវ​ចូល​ព្រះ​បរមរាជវាំង​គាល់​ព្រះករុណា​ផង​ដែរ ។ ប៉ុន្តែ លោក លឺ ឡាយ​ស្រេង បាន​ឆ្លើយ​តប​ទៅ លោកស្រី គី លំអង វិញ ដោយ​ប្រើស​ម្តី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​ព្រះមហាក្សត្រ​ថា « បើ​មិន​ហ៊ាន​ទេ ឲ្យ​ដាក់រាជ្យ​ទៅ ឲ្យ​គេ​ទៅ​ធ្វើ​ម្តង​វិញ មាន់គ្រៀវ​អញ្ចឹង​នោះ។ បន្ទាប់​ពី​លឺ​ពាក្យ​នេះ លោកស្រី គី លំអង បាន​សរសើរ​លោក លឺ ឡាយ​ស្រេង ថា …​ក្នុង​ចំណោម​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច ចាស់ ៗ មាន​តែ​បង​ឯង​ទេ​ដែល​ហ៊ាន​ងើប​នោះ​។

ក្នុង​ការ​សន្ទនា​គ្នា​នោះ​ដែរ អ្នក​ទាំង​ពីរ​ក៏​បាន​ប្រើ​ពាក្យ​វាយប្រហារ​ទៅ​លើ​សម្ដេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊ុន​ស៊ី​ន​ប៉ិច​បច្ចុប្បន្ន​ដោយ​ពាក្យ​អសុរោះ មួយ​ចំនួន ដូច​ជា ប្រើស​ម្តី​ថា អា​ស្ដេច​ចោលម្សៀត​មួយ​នេះ​យ៉ាប់​មែនទែន … ថោកទាប​ណាស់​… អានេះ​បន្តុះបង្អាប់​រាជវង្ស​…​ជាដើម​។ គី លំអង បាន​បន្ទរ​ថា ត្រូវ​ហើយ​បង្អាប់​ព្រះ​កូ​ណា​ទៀត ។ លោក លឺ ឡាយ​ស្រេង ថែម​ទាំង​បាន​បន្ត​ប្រមាថ​ព្រះមហាក្សត្រ​ទៀត​ថា « បើ​អា​ព្រះ​កូ​ណា​ហ្នឹង​វា​អាប់​ស្រាប់​ផង​ទេ​…. »​។