សម្ដេច​តេជោ នឹង​ប្ដឹង​លោក លឺ ឡាយស្រេង​ដែល​បាន​ប្រមាថ​ព្រះ​មហា​ក្សត្រ​ជា​មាន់​គ្រៀវ

រាជធានី​ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ប្ដឹង​លោក លឺ ឡាយស្រេង ដែល​បាន​ប្រមាថ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ថា មាន់​គ្រៀវ ដែល​សម្ដេច​មិន​អាច​ទទួល​យក​បាន​ឡើយ។ ក្រៅ​ពី​ប្ដឹង​រឿង​ប្រមាថ​ចេស្ដា​ព្រះ​មហាក្សត្រ សម្ដេច​ប្រកាស​នឹង​ប្ដឹង​លោក លឺ ឡាយស្រេង មួយ​ករណី​ទៀត ដែល​លោក លឺ ឡាយស្រេង បាន​បរិហារ​កេរ្តិ៍​សម្ដេច​ថា​ឲ្យ​មន្ត្រី​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ម្នាក់ ២​ម៉ឺន​ដុល្លារ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​បែប​នេះ​នា​ព្រឹក​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៧ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ ដែល​ជា​ប្រធាន​ក្រុម ប្រធាន​ផ្នែក រដ្ឋបាល និង​ជំនួយការ​សរុប​ប្រមាណ ៤,០០០នាក់ មក​ពី​រោងចក្រ​ចំនួន​១១ ដែល​កិច្ច​សំណេះសំណាល​នេះ ធ្វើ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ។

សូម​រំលឹក​ថា លោក លឺ ឡាយស្រេង ជា​អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច។

សូម​រំលឹក​ដែរ​ថា មាន​ការ​បែក​ធ្លាយ​សារ​សំឡេង​ឆ្លងឆ្លើយ​រវាង​លោក លឺ ឡាយ​ស្រេង និង​លោកស្រី គី លំអង ដែល​លោក លឺ ឡាយស្រេង បាន​ស្នើ​ឲ្យ​ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដាក់​រាជ ដើម្បី​ឲ្យ​មាន​អ្នក​ផ្សេង​ឡើង​គ្រង​រាជ​បន្ត និង​បាន​ហៅ​ព្រះមហាក្សត្រ​ជា​មាន់គ្រៀវ។

សូម​ជម្រាប​ដែរ​ថា កាល​ពី​ថ្ងៃ​ទី ២២ ខែតុលា ម្សិលមិញ​នេះ លោក លឺ ឡាយស្រេង បាន​ចេញ​វីដេអូ មួយ​បញ្ជាក់​ថា លោក​ពិត​ជា​បាន​និយាយ​ជ្រុលជ្រួស​មែន ដោយ​លោក​មាន​ការ​បារម្ភ​ពេក ដែល​ការណ៍​នេះ​មិន​ពាក់ព័ន្ធ​នឹង​លោកស្រី គី លំអង​ទេ ព្រោះ​លោក​ស្រី​គ្រាន់តែ​ជា​អ្នក​ស្ដាប់​ប៉ុណ្ណោះ។ ក្នុង​វីដេអូ លោក លី ឡាយស្រេង ក៏​បាន​សូម​ព្រះរាជទាន​ទោស​ពី​ព្រះ​មហា​ក្សត្រ​ខ្មែរ និង​សម្ដេច​តេជោ ហ៊ុន សែន ផង​ដែរ។

ព័ត៌មាន​បន្ថែម៖
លឺ ឡាយស្រេង បាន​ចេញ​វីដេអូ​សុំ​ទោស ក្រោយ​ប្រមាថ​ព្រះ​មហាក្សត្រ​ថា មាន់​គ្រៀវ