តុលាការ​សម្រេច​ឃុំ​ខ្លួន យុវជន​ម្នាក់ ដែល​យក​ប៉័ង​តោ​អា.ក​សង្សារ បម្រុង​ប្រហារ​ជីវិត

ភ្នំពេញ៖ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ខណ្ឌ​មាន​ជ័យ​បាន​ឱ្យ​ដឹង​ថា លោក អ៊ី ថាវរៈ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៧​នេះ បាន​ចេញ​ដី​កា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន យុវជន​ដែល​យក​កាំ​បិត​ប៉័ង​តោ អាក​សង្សារ​ព្រោះ​រឿង​ប្រចណ្ឌ ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធ​នាគារ​ព្រៃ​ស រង​ចាំ​បន្ត​នីតិវិធី​នា​ពេល​ក្រោយ ។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា លោក សៀង សុខ ជា​តំណាង​អយ្យ​ការ បាន​ចោទ​ប្រកាន់​លើ​ឈ្មោះ សៀវ ហ្វុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ  បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ ស្នាក់​នៅ ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ពីបទ ប៉ុន​ប៉ង​ឃាត​កម្ម ប្រព្រឹត្ត​កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ជួល ភូមិ​ទ្រា ៤ សង្កា​ត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ យោង​តាម​មា​ត្រា ២៧ និង​មាត្រា១៩៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។
គួរ​រំលឹក​ថា ជន​ត្រូវ​ចោទ​ត្រូវ​បាន សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០​១៧​កន្លង​ទៅ នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុ​ខ ក្រោយ​ពេល​ដែល​រូប​គេ​បាន ធ្វើ​សកម្ម​ភា​ព​យក​កាំបិត​ប៉័ង​តោ​អា ក ជន​រងគ្រោះ​ជា​សង្សារ ឈ្មោះ កែវ ស្រីល័ក្ខ អាយុ ២០ឆ្នាំ នៅ​ចំណុច​កើត​ហេតុ​ខាង​លើ រង​របួស​បំពង់​ក និង ដៃ​ខាង​ស្តាំ រហូត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើត​ហេតុ​ជន​ត្រូវ​ចោទ និង​ជន​រង​គ្រោះ បាន​ផឹក​ស៊ី​ជា​មួយ​គ្នា​នៅ​ក្នុង​បន្ទប់​ជួល​អ្នក​ជិត​ខាង ក្រោ​យ​ពី​ផឹក​ស៊ី​រួច ពួក​គេ​បាន​ឈ្លោះ​គ្នា រហូត​ឈាន​ដល់ ជន​ត្រូវ​ចោទ​យក​កាំបិត​ប៉័ង​តោ អា ក ជន​រង​គ្រោះ ប៉ុន្តែ​ត្រូវ​អ្នក​ជិត​ខាង​ជួយ​ទាន់​ពេល​វេលា និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​នារី​រង​គ្រោះ​ទៅ​ព្យា​បាល​តែ​ម្តង​ទៅ ៕