លោក​អើយ! បង​​ឌុ​ប​​ប្អូន​ៗ​​ទៅ​​រៀន​ ត្រូវ​​​រថយន្ត​បុក​​ស្លាប់​​ម្នាក់​របួស​​ធ្ងន់​​៤​​នាក់​

បាត់ដំបង​៖​ គ្រោះថ្នាក់​​ចរាចរណ៍​​ដ៏​​រន្ធត់​ រវាង​រថយន្ត​​ម៉ាក​​ហា​យ​​ឡាក់​​វី​​ហ្គោ​ ជា​មួយ​នឹង​​ម៉ូតូ​ម៉ាក​​​ហុង​ដា​​ឌ្រី​ម​ ពណ៌​ខ្មៅ​ ពាក់​​ស្លាក​​លេខ​ បាត់​ដំបង​ 1X-5277​ ក្នុង​​ទិស​​ដៅ​​ស្រប​គ្នា​ យ៉ាង​​ហោច​​ណាស់​​ក៏​​មាន​​កុមារី​​ម្នាក់​​ដែល​ទើប​តែ​​មាន​​អាយុ​​៤​​ឆ្នាំ​ បាន​​ស្លាប់​​ភ្លាម​ៗ​​នៅ​​នឹង​កន្លែង​​កើត​ហេតុ​ ក្នុង​​ចំណោម​​ក្មេង​ៗ​​ជា​​ច្រើន​នាក់​ ដែល​​ត្រូវ​​រង​​របួស​​យ៉ាង​ធ្ងន់​ធ្ងរ​ ព្រម​ទាំង​បាន​​បញ្ជូន​​ទៅ​​កាន់​​មន្ទីរ​ពេទ្យ​​បង្អែក​​ខេត្ត​ ដើម្បី​សង្គ្រោះ​​ផង​​ដែរ​ ខណៈ​​ដែល​​បង​ប្រុស​​បាន​​ឌុ​ប​ពួក​​គេ​​ទាំង​អស់​​គ្នា​​ទៅ​​សាលា​រៀន​ ហើយ​​ចំ​ពេល​​ដែល​​មាន​​​រថយន្ត​​បាន​​បត់​​កាត់​​ពី​មុខ​​ក៏​ជ្រុល​​ក៏​​បុក​​តែ​​ម្តង​ ។​ ​ហេតុ​ការណ៍​បាន​កើត​ឡើ​ង​​នៅ​​វេលា​​ម៉ោង​​៨​​និង​​៣០​​នាទី​​ព្រឹក​ ថ្ងៃ​​ទី​​៣១​ ខែ​តុលា​ ឆ្នាំ​​២០១៧ ​តាម​​បណ្តោយ​​ផ្លូវ​ជាតិ​លេ​ខ​​៥​ ត្រង់​​ចំណុច​​ក្រុម​​ទី​​១៧​ ភូមិ​​អូរ​ញរ​ ឃុំ​​បឹង​ព្រីង​ ស្រុក​​ថ្ម​គោល​ ខេត្ត​បាត់​ដំបង​ ។

រថយន្ត​បង្ក​ម៉ាក​ហី​ឡាស់​វីកូ​ ពណ៌ ខ្មៅ​ សេរី​ ២០​១៥​ ពាក់​ស្លាក​លេខ​​ភ្នំពេញ​ 2AE1322 អ្នក​បើកបរ​ឈ្មោះ​ ម៉ៅ​ សុវណ្ណារី​ ភេទ​ ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ រស់​នៅ​ ភូមិ​​អូរញរ​ ឃុំ​​បឹងព្រីង​ ស្រុក​​ថ្មគោល​ ខេត្ត​បាត់ដំបង ។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​​ហុង​ដា​ឌ្រីម​ C125​ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​ ២០១៧​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1X5277 អ្នកបើក​បរឈ្មោះ​ ធឿន​ ទ្រី​ ភេទ​ ប្រុស​អាយុ​ ១៨ឆ្នាំ​ រស់នៅភូមិ​ បឹងព្រីង​ ឃុំ​ បឹង​ព្រីង​ ស្រុក​​ថ្មគោល​ ខេត្ត​បាត់ដំបង ។​

បើ​​តាម​​សាក្សី​​នៅ​​ក្បែ​រ​ទី​តាំង​​កើត​ហេតុ​បាន​អោយ​​ដឹង​​ថា​ នៅ​​មុន​​ពេល​​កើត​ហេតុ​ គេ​​ឃើញ​រថយន្ត​ម៉ាក​​ហា​យ​​ឡាក់​​វី​ហ្គោ​ បាន​​បើកបរ​​ក្នុង​ទិស​​ដៅ​​ពី​​ជើង​​ទៅ​​ត្បូង​ នៅ​​ពេល​​នោះ​​ដែរ​ ម៉ូតូ​របស់​​ជន​​រង​គ្រោះ​​ក៏​​បាន​​បើក​​តាម​​ពី​ក្រោយ​ ព្រ​ម​ទាំង​​មាន​​ឌុ​ប​​ប្អូន​ៗ​ ចំនួន​​៤​​នាក់​ ទៅ​សាលា​រៀន​​ផង​​ដែរ​ ។​ ​នៅ​​ពេល​​នោះ​​ដែរ​ ខណៈ​​ដែល​រថយន្ត​​បាន​​បើក​​ទៅ​​ដល់​​ត្រង់​​ចំណុច​​កើត​ហេតុ​ខាង​លើ​ ក៏​​ស្រាប់​តែ​​អ្នក​បើកបរ​​បាន​​បត់​​ឆ្វេង​កាត់​​ទទឹង​​ថ្នល់​ ដោយ​​មិន​​បាន​អោយ​​សញ្ញា​ដល់​​អ្នក​​ក្រោយ​​ទាល់​តែ​​សោះ​ ធ្វើ​​ឲ្យ​​ម៉ូតូ​​ជន​​រង​គ្រោះ​​ដែល​​កំពុង​​បើក​​មក​​ពី​ក្រោយ​ បាន​​បុក​​ទៅ​លើ​​រថយន្ត​​នោះ​​យ៉ាង​​ពេញ​ទំហឹង​ ធ្វើ​​អោយ​​រង​របួស​​រដូក​​រណែល​​ពេញ​​ផ្លូវ​ ។​ ​

បច្ចុប្បន្ន​​មធ្យោបាយ​​ធ្វើ​​ដំណើរ​​ទាំង​​ពីរ​​គ្រឿង​ ត្រូវ​​បាន​​កម្លាំង​​សមត្ថកិច្ច​​នាំ​​យក​​ទៅ​​រក្សា​​ទុក​នៅ​​អធិការដ្ឋាន​ នគរបាល​​ស្រុក​​ថ្ម​គោល​​ជា​បណ្តោះ​អាសន្ន​ ចំណែក​​អ្នក​​រង​​របួស​​ទាំង​អស់​ក៏​​បាន​​បញ្ជូន​​ទៅ​​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​បាត់​ដំប​ង​ រួច​​ហើយ​​ដែរ​ និង​​កុមារី​​ដែល​​ស្លាប់​ ត្រូវ​​បាន​ក្រុម​​គ្រួសារ​​នាំ​​យក​​ទៅ​​ធ្វើ​បុណ្យ​​តាម​​ប្រពៃណី​ហើយ​ ៕