បញ្ជូន​ខ្លួន​ជន​សង្ស័យ​ដែល​ចាប់​រំលោភ​ក្មេង​ស្រី​​អាយុ​​៩​​ឆ្នាំ រួច​ប៉ុន​ប៉ង​​សម្លាប់​​បំ​​បិទ​​មាត់​​តែ​មិន​​ស្លាប់ ទៅ​តុលា​ការ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧នេះ កម្លាំង​​នគរបាល​​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​​មាន​ជ័យ បាន​​បញ្ជូន​​ជន​សង្ស័យ​​ម្នាក់​ដែល​​ធ្វើ​សកម្ម​ភាព​​រំលោភ​​ក្មេង​​ស្រី​​អាយុ​​៩​​ឆ្នាំ រួច​សម្លាប់​​បំបិទ​​ម៉ាត់​​តែ​​មិន​ស្លាប់ បណ្តាល​​ឲ្យ​​រង​របួស​​ធ្ងន់ ទៅ​​កាន់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់​​ការ​​តាម​​នីតិ​វិធី ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​​សង្ស័យ​ឈ្មោះ ញ៉ នាង ភេទ​ប្រុស អាយុ​​២២​​ឆ្នាំ​មុខ​របរ ព្រូឡាន ស្នាក់​​នៅ​​ឃ្លាំង​​ឡាន​​ដឹក​​ទំនិញ ផ្លូវ​លំ ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹង​មាន​ជ័យ​​២ ខណ្ឌ​មាន​ជ័យ ។ ចំណែក​​ក្មេង​​ស្រី​​រង​​គ្រោះ​​ឈ្មោះ ស.ល.ហ ភេទ​ស្រី អាយុ​​៩​​ឆ្នាំ​​មុខរបរ សិស្ស ស្នាក់​​នៅ​​ផ្ទះ​​ជួល ភូមិ​​ព្រែក​​ទាល់​​១ សង្កាត់​​ស្ទឹង​​មាន​ជ័យ​​២ ខណ្ឌ​​មាន​​ជ័យ ។

គួរ​បញ្ជាក់​ថា កាល​​ពី​​វេលា​​ម៉ោង ៧​​និង​​៣០​នាទី ជន​​សង្ស័យ​​រូប​​នេះ​​បាន​​ធ្វើ​​សកម្មភាព​ចាប់​​ក្មេង​​ស្រី​​អាយុ​​៩​​ឆ្នាំ​​ខាង​​លើ មក​​ធ្វើ​សក​ម្មភាព​​រំលោភ រួច​​សម្លាប់​បំបិទ​​​ដោយ​​ខ្ទេច​​មុខ ប៉ុន្តែ​​សំណាង​​ល្អ​​ក្មេង​​ស្រី​​រង​គ្រោះ​​មិន​​ស្លាប់ ហើ​យ​​ត្រូវ​​បាន​​គេ​​បញ្ជូន​​ទៅ​​សង្គ្រោះ​​បន្ទាន់​​នៅ​មន្ទី​រ​ពេទ្យ​គន្ធ​​បុប្ផា​​ដើម្បី​​សង្គ្រោះ​​ជីវិត ។

ប្រភព​ដដែល​បាន​បន្ដ​ថា កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​មាន​ជ័យ សហការ​ជា​មួយ​និង​កម្លាំង​​នគ​រ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី​​ភ្នំពេញ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​ជន​សង្ស័យ​បាន​ភ្លាមៗ​តែ​ម្ដង​រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមាន​ជ័យ​ដើម្បី​សាក​សួរ​បន្ត ។

សមត្ថកិច្ច​​បាន​​ធ្វើ​ការ​​ចាប់​​យក​​វត្ថុ​តាង​​ដែល​បន្សល់​​នៅ​​កន្លែង​​កើត​​ហេតុ​​រួម​​មាន​៖ ស្បែក​ជើង​​ផ្ទាត់​​ជ័រ ពណ៌​​ខ្មៅ​ចំនួន​​១​​គូ , ស្បែក​​ជើង​ស៊ក (របស់​​ក្មេង) ឆ្នូត​​ពណ៌​​ស​​លាយ​​ខ្មៅ ចំនួន​មួយ​​ចំហៀង , ខោ​​ជើង​​ខ្លី​​ចំនួន​​២,​ដុំ​ឥដ្ឋ​​ប្រ​ឡា​ក់​ឈាម​​ចំនួន​​២​​ដុំ ,សំបក​​បាវ​ស៊ី​ម៉ង​តិ៍​​ប្រឡាក់​ឈាម​​ចំនួន​​១ និង​​សម្ភារៈ​​មួយ​​ចំនួន​​ទៀត ៕