ឃាត់​ជន​សង្ស័យ​១២នាក់​គ្រឿងញៀន និង​ដក​ហូត​កាំ​ភ្លើង​ចំនួន​២​ដើម

កំពង់ស្ពឺ: នៅ​វេលា​ថ្ងៃ​ត្រង់​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១​៧ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត និង​ជាប្រធានគណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​កំពង់​ស្ពឺ បាន​ដឹក​នាំ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ (នគរបាល អាវុធ​ហត្ថ​និង​យោធា) រួម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន​ជា​ច្រើន​នាក់ បើក​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​គ្រឿង​ញៀន និង​បទ​ល្មើស​ផ្សេង​ៗ តាម​រយៈ​ការ​ងារ​រដ្ឋបាល​ចំហរ និង​អនុវត្ត​តាម​ដីកា​របស់​តុលាការ ។

ប្រតិបត្តិ​ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​នៅ​ភូមិ​ស្រែ​អំបិល ឃុំត្រពាំង ស្រុកសំរោងទង ខេត្ត​កំពង់​ស្ពឺ នៅ​ក្នុង​ប្រតិបត្តិ​ការ​នេះ កម្លាំង​ចំរុះ​បាន​ឃា​ត់​ជន​សង្ស័យ​ចំនួន​១២នាក់ រឹប​អូស​បាន​កាំ​ភ្លើង​ចំនួន​០២​ដើម ម៉ាក​អាកាកាត់​ស្នូក​០១​ដើម មាន​០៨ គ្រាប់ ម៉ាក​រ៉ូឡូ​០១​ដើម មាន​៧​គ្រាប់ ម៉ូតូ​០​២​គ្រឿង គ្រឿង​ញៀន​០១​កញ្ចប់​រួម និង​សម្ភារ​ផ្សេង​ទៀត។

ចំពោះ​ជន​សង្ស័យ​ទាំង​១២​នាក់ ត្រូវ​ប្រគល់​ទៅ​ឲ្យ​ជំនាញ​ស្នង​ការនគរបាល​ខេត្ត​កំពង់​ស្ពឺ ចាត់​ចែង ដើម្បី​ស្វែង​ជន​ពាក់ព័ន្ធ និង​ជន​មិន​ពាក់​ព័ន្ធ ក្នុង​ករណី​សង្ស័យ​ជា​ច្រើន​ករណី ដោយ​ជន​សង្ស័យ​មួយ​ចំនួន​ដែល​គេច​ខ្លួន លោក​បាន​បញ្ជាឲ្យស្រាវជ្រាវបន្តដើម្បីចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់៕