សម្ដេច​តេជោ៖ ការ​កាត់​ជំនួយ​បោះឆ្នោត​របស់​អាមេរិក គឺ​ជា​កា​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ស្វាគមន៍ និង​លើក​ទឹកចិត្ត​ឲ្យ​អាមេរិក​កាត់​ជំនួយ​ទាំងអស់​ពី​កម្ពុជា រួម​ទាំង​ជំនួយ​សម្រាប់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផង​ដែរ។

នៅ​ចំពោះ​មុខ​តំណាង​កម្មករ​កម្មការិនី​ជិត​៥​ពាន់​នាក់ នៅ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា ប្រសិន​បើ​អាមេរិក​កាត់​ជំនួយ សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មានន័យ​ថា អាមេរិក​មិន​ត្រឹមតែ​ផ្ដួល​សម្ដេច​មិន​បាន​នោះ​ទេ ថែម​ទាំង​សម្លាប់​ប្រជាធិបតេយ្យ​ថែមទៀត​ផង។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​កាត់​ជំនួយ​របស់​អាមេរិក​មិន​បាន​សម្លាប់​រាជ​រដ្ឋាភិបាល​នោះ​ទេ តែ​គឺ​ជា​ការ​សម្លាប់​ក្រុម​មនុស្ស​ដែល​បម្រើ​នយោបាយ​របស់​អាមេរិក​តែ​ប៉ុណ្ណោះ។ សម្ដេច​បាន​តប​អាមេរិក​ថា កម្ពុជា មិន​អាច​យក​ជំនួយ​បរទេស ហើយ​ត្រូវ​ឱន​ក្បាល និង​ធ្វើ​ឲ្យ​បាត់បង់​ឯករាជ្យ អធិបតេយ្យ​ភាព​ជាតិ​នោះ​ឡើយ។

សម្ដេច​តេជោ បញ្ជាក់​បន្ថែម​ទៀត​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ទេ គឺ​មាន​តែ​អ្នក​នយោបាយ​ដែល​មាន​វិបត្តិ​ដោយ​ខ្លួនឯង​ផ្ទាល់។ ហើយ​ប្រទេស​យើង​ក៏​គ្មាន​អ្នក​ទោស​នយោបាយ​ដែរ មានតែ​អ្នក​នយោបាយ​ដែល​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ដោយ​ខ្លួនឯង។

ប្រទេស​ជាតិ​យើង​សព្វថ្ងៃ កំពុង​មាន​ស្ថិរភាព​នយោបាយ ហើយ​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ក៏​កំពុង​រស់​នៅ និង​ប្រកប​ការងារ​យ៉ាង​សុខសាន្ត​ក្រោម​ម្លប់​សន្តិភាព៕