វាយ​​ខ្នោះ​ ឯកឧត្តម និង​​ជំទាវ ​ក្លែង​​បោក​មន្ត្រី​រាជ​ការ​​ដែល​​ចង់​​ឡើង​បុណ្យ​​ស័ក្ដិ

ត្បូងឃ្មុំ​៖ ទីបំផុត​បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ក្រុម​ជន​ដែល​បាន​តាំងខ្លួន​ជា​ឯកឧត្តម និង​លោក​ជំទាវ ដែល​តែងតែ​យកឈ្មោះ​ថ្នាក់ដឹកនាំ ទៅ​បោកប្រាស់​មន្ត្រី​ដែល​ចង់បាន​បុណ្យ​សក្តិ តម្លើង​ស័ក្ដិ ផ្ទេរតំណែង ឡើង​កាំ​ប្រាក់ និង​រត់ការ​ផ្សេង​ទៀត ត្រូវ​សមត្ថកិច្ច​ធ្វើការ​ជ្រាវ​ជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុង​នោះ​៣​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ស្រុក​ត្បូងឃ្មុំ និង​ម្នាក់​ទៀត​ជា​មេខ្លោង​តាម​ចាប់​បាន​ដល់​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​នាំ​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​រួចរាល់​ហើយ ។

លោក​ បែន រ័​ត្ន​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា មេខ្លោង​ដែល​តែងតែ​ប្រើប្រាស់​ឈ្មោះ​ថ្នាក់ដឹកនាំ ដើម្បី​បោកប្រាស់​រឿង​រត់ការ​តម្លើង​ស័ក្ដិ ផ្ទេរតំណែង​នេះ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ នេះ នៅ​ខេត្ត​ត្បូងឃ្មុំ ។ ជនសង្ស័យ​នេះ​មានឈ្មោះ សួន មុនី ជា​មេខ្លោង ។ និង​ជនសង្ស័យ​៣​នាក់​ទៀត​មានឈ្មោះ ទី​១-​ឈ្មោះ ខន សុ​ម៉ា​លី ហៅ​ស្រី​ទូច ទី​២-​ឈ្មោះ ថា សុ​ផាត ត្រូវជា​ប្តី និង​ទី​៣-​ឈ្មោះ ខន សុរិយា ហៅ​ស្រី​ពៅ ជា​ប្អូនស្រី ។

ជន​ទាំង​៣​នាក់​នេះ​ប្រើប្រាស់​ទូរស័ព្ទ​ជា​ច្រើន​ប្រព័ន្ធ សម្រាប់​ធ្វើ​សកម្មភាព​ឆបោក​មនុស្ស​ជា​ច្រើន មាន​ទូរស័ព្ទ​លេខ 092249333, 092615522, 0965520906, 0974465888, 0972803666, 0978252666 និង​0317644448 ក្រុម​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ កន្លង​ទៅ នៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ហើយ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ។

លោក ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​ដែល​បាន​តាំងខ្លួន​ជា​ឯកឧត្តម និង​លោក​ជំទាវ ត្រូវ​បាន​កងកម្លាំង​ធ្វើការ​ស្រាវជ្រាវ តាម​ប្រមាញ់​រហូត​ឈាន​ដល់​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ។ ក្រុម​ជនសង្ស័យ​សុទ្ធតែ​ជា​រាស្ត្រ​សាមញ្ញ ជាប់ចោទ​ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​ដែល​បាន​ដើរ​ទូរស័ព្ទ​ឆបោក​យក​លុយ​ពី​មន្ត្រីរាជការ​សាធារណៈ ដែល​ចង់បាន​បុណ្យ​ស័ក្ដិ បានប្រាក់​រាប់​ពាន់​ដុល្លារ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ ក្រុម​ជន​ដែល​តាំងខ្លួន​ជា​ឯកឧត្តម​និង​ជំទាវ​នេះ​ឆ្លើយ​ថា ពួក​គេ​ធ្វើ​តាម​បញ្ជា​ពី​មេខ្លោង​ម្នាក់​នៅ​ពីក្រោយ​ខ្នង ។ ដោយ​កំណត់​មុខសញ្ញា​បាន នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ធ្នូ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ សហការ​ជាមួយនឹង​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​តាម​ប្រមាញ់​ចាប់​មេខ្លោង​ឈ្មោះ សួន មុនី នៅ​ភូមិ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​តាម​ដីកា ក្នុង​ពេល​កំពុង​ពួន​សម្ងំ​នៅផ្ទះ​ប្រពន្ធចុង ប៉ុន្តែ​ទីបំផុត​ក៏​ត្រូវ​អស់​ល័ក្ខណ៍ ត្រូវ​ចាប់ខ្លួន​បាន​ទាំង​សម្បុក​នៅ​ពេល​នេះ ៕