តុលាការផ្តន្ទាទោសសង្ឃ​កាន់កំាភ្លើងជ័រឲ្យជាប់គុក២ឆ្នាំ

អតីត​សង្ឃ​ម្នាក់​ឈ្មោះ ហន សុ​ផា​ន្នី ដែល​ត្រូវ​បាន​ឃាត់ខ្លួន ហើយ​ផ្សឹក​ភ្លាម​ៗ រឿង​កាន់​កាំភ្លើង​ជ័រ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ខែមិថុនា​កន្លង​មកនេះ ត្រូវ​បាន​តុលាការខេត្ត​បាត់ដំបង ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃទី១៩ ខែធ្នូ ឆ្នំា២០១៧​នេះ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ ។ សាលាដំបូង​ខេត្តបាត់ដំបង ដែល​ធ្វើការ​ប្រកាស​សាលក្រម ក៏​បាន​ទម្លាក់​បទ​ចោទ​កាន់កាប់​អាវុធ​ខុសច្បាប់​(​កាំភ្លើង​ជ័រ​) ប៉ុន្តែ​នៅ​រក្សា​បទ​ចោទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​។

អតីត​សង្ឃ ហន សុ​ផា​ន្នី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី ២១ ខែមិថុនា ឆ្នាំ ២០១៧ ហើយ​ផ្សឹក​ភ្លាម​ៗ​ផង​ដែរ ដែល​ពេល​នោះ​មានការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​កាន់កាប់​រក្សា​ទុក​អាវុធ​ខុសច្បាប់​» ពាក់ព័ន្ធ​នឹង​ការ​លេង​កាំភ្លើង​ជ័រ​ហើយ​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​។ អ្នកស្រី ទៀង សំបូរ អ្នកនាំពាក្យ​តុលាការខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា​តុលាការ​ក៏​បាន​ទុក​ពេល​ឲ្យ​គាត់​រយៈពេល​១​ខែ ហើយ​បើ​តាម​ច្បាប់​ជនជាប់ចោទ​មាន​សិទ្ធិ​ប្ដឹង​ជំទាស់​តវ៉ា​ទៅ​សាលឧទ្ធរណ៍​បន្ដ​ទៀត​»​។

មេធាវី​ការពារ​សិទ្ធិ​ឲ្យ​អតីត​សង្ឃ ហន សុ​ផា​ន្នី អាយុ ២៤ ឆ្នាំ គឺ​លោក ជួង ជូ​ងី បាន​ពន្យល់​ដល់​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​ក្នុង​សវនាការ​តុលាការ​កំពូល​ថា ការ​ជំនុំជម្រះ​របស់​កូនក្តី​លោក គឺ​មាន ២ ករណី​ដែល ទី​១-​បណ្តឹង​សារទុក្ខ​បដិសេធ​នឹង​ដីកាឃុំខ្លួន និង ទី​២-​បណ្តឹង​សារទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ​។

កម្លាំង​នគរបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ បាន​ចុះ​ចាប់ខ្លួន និង​ផ្សឹក​ព្រះសង្ឃ​មួយ​អង្គ នៅ​ក្នុង​វត្ត​ដំរី​ស សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​តាម​ដីកា​របស់​តុលាការ​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ លេខ​៩៥៨ ចុះ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ ចេញ​ដោយ​លោក កឺ ប៊ុ​ណ្ណា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបាត់ដំបង ។ ក្រោយមក​សាលាដំបូង​ខេត្តបាត់ដំបង​បាន​សម្រេច​ឃុំខ្លួន​អតីត​សង្ឃ​ឈ្មោះ ហន សុ​ផា​ន្នី ដោយ​តុលាការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាថ៌ និង​កាន់កាប់​រក្សា​ទុក​អាវុធ​ខុសច្បាប់​»​។

យោង​តាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ​អតីត​សង្ឃ ហន សុ​ផា​ន្នី នឹង​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស​ពី ៦ ខែ​ដល់ ៣ ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី ១ លាន​រៀល​ដល់ ៦ លាន​រៀល ខណៈ​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​បាន​កំណត់​ឲ្យ​ផ្តន្ទាទោស​ជនល្មើស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៦ ខែ​ដល់ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន​រៀល​ដល់ ៤ លាន​រៀល ប្រសិនបើ​ការ​ញុះញង់​នោះ​គ្មាន​ប្រសិទ្ធភាព ។

ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ បាន​ចាត់​ទុក​ការ​ចាប់​ផ្សឹក និង​ឃុំខ្លួន​ដោយ​ចោទប្រកាន់​អតីត​សង្ឃ ហន សុ​ផា​ន្នី ខាងលើ​នេះ​ថា​ជា​ការ «​ធ្វើទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​… និង​បាន​ភ្ជាប់​ករណី​កំហុសឆ្គង​តូចតាច​របស់​ព្រះសង្ឃ​ទៅ​នឹង​រឿង​នយោបាយ​ដើម្បី​បំបាក់ស្មារតី​ដល់​ព្រះសង្ឃ​ដទៃ​ទៀត​ពិសេស​ក្នុង​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​របស់​អាត្មា​»​។

ជាមួយ​គ្នា​នេះ​លោក ហេង សាយ​ហុង អ្នកសម្របសម្រួល​នៃ​អង្គការសិទ្ធិមនុស្ស​លី​កាដូ​ប្រចាំ​ខេត្តបាត់ដំបង​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ករណី​របស់​អតីត​សង្ឃ ហន សុ​ផា​ន្នី មិន​គួរ​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នោះ​ទេ​តុលាការ​គួរតែ​បើកឱកាស​ដល់​អតីត​សង្ឃ​អង្គ​នេះ​បាន​នៅ​ក្រៅ​ឃុំ និង​ទទួល​បានការ​អប់រំ​កែប្រែ​ខ្លួន​ទើប​ជា​ការ​ល្អ​។ លោក​បញ្ជាក់​ថា​៖ «​ការ​ចាប់​ផ្សឹក និង​ឃុំខ្លួន​ក្នុង​កំហុសឆ្គង​បន្តិចបន្តួច មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ តែ​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សតិអារម្មណ៍ និង​ស្មារតី​របស់​មនុស្ស ពិសេស​មនុស្ស​វ័យក្មេង​»​។

កាលពី​ជិត​ពាក់កណ្ដាល​ខែមេសា ឆ្នាំ ២០១៧ នៅ​លើ​គណនី Facebook អតីត​សង្ឃ ហន សុ​ផា​ន្នី បាន​បង្ហោះ​រូប​របស់​ខ្លួន​ក្រាប​បាញ់កាំភ្លើង និង​មាន​សរសេរ​ជា​សារ​ថា​៖ «​ជាវ​កាំភ្លើង​បាន​មួយ​ដើម​ទុក​ការពារ​ក្រែង​មាន​ចោរ​មក​ប្លន់​ដូច​នៅ​ស្រុក​ឆ្លូង​ខេត្តក្រចេះ អាត្មា​អត់​មាន​ទំនុកចិត្ត​លើ​ពួក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ទេ ជា​ពិសេស​ពួក​ប្រជា​ការពារ​ដែល​បាន​ចេញ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ ទិញ​កាំភ្លើង​មួយ​ដើម​ទុក​ការពារ​ក្រែង ស៊ុន​អ៊ូ​សែន ប្រកាសសង្គ្រាម​ពេល​បោះ​ឆ្នោត​ហើយ​ឆ្នាំ ២០១៨ ណាមួយ​ប្រទេស​មហាអំណាច កំពុង​អួត​អាវុធ​ដាក់​គ្នា​ផង ហាស​ហាស​។ មានអី​ចង់​តវ៉ា​អត់?​»​។

ក្រៅពី​នោះ​ព្រះសង្ឃ​អង្គ​នេះ​ក៏​មាន​បង្ហោះ​នូវ​រូបភាព​កាន់​កាំបិត​ផ្គាក់ និង​ដាវ​សា​មូ​រ៉ៃ ផង​ដែរ​ ។​ លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្ដី​អតីត​ព្រះសង្ឃ​អង្គ​នេះ ថា​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​ដើម្បី​ប្តឹង​បន្ត ​។អតីត​ព្រះសង្ឃ​នេះ ជា​សមាជិក​នៃ​បណ្ដាញ​សង្ឃ​ឯករាជ្យ​នៃ​ខេត្តបាត់ដំបង ធ្លាប់​បាន​ចូលរួម​ក្នុង​វិស័យ​នយោបាយ​កាលពី​ឆ្នាំ ២០១៣ និង​មាន​និន្នាការ​មិន​ស្រប​ជាមួយ​រដ្ឋាភិបាល​នោះ​ទេ​៕