គូស្នេហ៍​ក្មេង​ខ្ចី ដេក​នៅ​ជាមួយ​គ្នា​បាន​២​ដង បែកការ​ខាង​ប្រុស​ជាប់​ខ្នោះ

ខេត្ត​កណ្ដាល៖ កាលពី​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ យុវជន​ម្នាក់ត្រូវបានម្តាយខាងស្រីប្តឹង បន្ទាប់ពីបែកការ ស្នេហា​ល្អូកល្អើន​របស់​គូស្នេហ៍​ក្មេង​ខ្ចី ដែល​ខាង​ស្រី​មិន​ទាន់​គ្រប់​អាយុ​ផង​នោះ។​ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ភូមិ​ជ្រោយ​មេត្រី​​លើ ឃុំ​​​ឫស្សី​​ជ្រោយ ស្រុក​​មុខ​កំពូល ខេត្ត​កណ្ដាល។

ជន​សង្ស័យ​មាន​ឈ្មោះ សៀ ស៊ា​ក់ ភេទ​ប្រុស អាយុ​​២១​​ឆ្នាំ នៅ​លីវ មុខរបរ​កម្មករ​បូ​ប​ខ្សាច់ មាន​ស្រុក​កំណើត​​នៅ​ភូមិ​ស្រែ​​អំពៅ ឃុំ​ទួល​សំបួរ ស្រុក​​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម។

ចំណែក​ខាង​ស្រី​អាយុ​១៣​ឆ្នាំ ជន​ជាតិ​​ខ្មែរ​ឥស្លាម ជា​សិស្ស នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​​ឫស្សី​ជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល។

បើ​តាម​សម្តី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​ទាំងពីរ​ស្គាល់​គ្នា​បាន​មួយ​រយៈពេល​ហើយ ព្រោះ​អ្នក​ទាំងពីរ​ធ្វើការជាមួយ​គ្នា មុន​ពេល​ឈាន​ដល់ការ​ចាប់​ខ្លួន ជន​សង្ស័យ​និង​យុវតី​វ័យ​១៣​ឆ្នាំ​រូប​នេះ មាន​ទំនាក់ទំនងគ្នា​តាម​ទូរស័ព្ទ​ ហើយ​ជន​សង្ស័យ​សុំ​ស្រលាញ់​ជា​ញយៗ​ ធ្វើឲ្យ​ខាងស្រី​ទន់ចិត្ត​ក៏​ព្រម​ស្រលាញ់ ហើយ​ពួក​គេ​តែងតែ​ណាត់​ជួប​គ្នា​នៅ​មាត់ទន្លេ​ពេល​ស្ងាត់ លុះ​បាន​ទាក់ទង​គ្នា​បាន​មួយ​រយៈ​ពេល​ហើយ ក៏​បាននៅ​ជាមួយ​គ្នា​ចំនួន​២​ដង​ហើយ​ដែរ ទើប​បាន​បែក​ការ​ទៅ។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់៕