ម៉ែកូន! ស្មានតែលួចផ្លែស្វាយ២ផ្លែ សម​ត្ថកិច្ចចាប់ខ្លួនតាមពិតលួចជិត១តោន

កណ្ដាល៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ឃាត់​ខ្លួន បន្ទាប់​ពី​បាន ប្រើល្បិ​ច​កល ហៅ​ឈ្មួញ​ទិញ​​ផ្លែ​​ស្វាយ​ឲ្យទៅ​បេះ​ផ្លែស្វាយ​គេ​នៅ​ក្នុង​ចំការ ថា​ស្វាយ​ខ្លួន​ឯង ពេល​បេះ​បាន​ជាង​មួយ​តោន ត្រូវម្ចាស់​គេ​ទៅ​ទាន់ ប្ដឹង​នគរបាល​ឱ្យ​ចាប់ខ្លួន ។ ហេតុ​ការណ៍​នេះបានកើត​ឡើង​កាល​ពីវេលា​ម៉ោ​ង​១និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​២០​ខែមីនា ឆ្នាំ២០១៨ នៅចំណុច ចម្ការស្វាយ​របស់​ឈ្មោះ ព្រាប ស៊ីណា ស្ថិត​ក្នុង​ភូមិ​រកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

នគរបាល​ស្រុក​ស្អាង​បានឱ្យដឹងថា ជន​ស​ង្ស័​យ ដែលប្រើល្បិច​ឈ្មោះ ភី ភារុណហៅ ឈី ភេទ​ប្រុស អាយុ​​២១​ឆ្នាំ​ជន​ជាតិខ្មែរ មុ​ខ​របរ មិនពិតប្រាកដ មានទីលំនៅ​ភូមិខ្ព​ប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល​​​ ។ វត្ថុ​តាង​ចាប់​យក​ផ្លែ​ស្វាយ​កែវរមៀត​(ច្រក​ថង់​ក្រដាស)​ទម្ងន់១៧៩៥​គីឡូក្រាមនិង​ជញ្ជីង​ចំនួន​១ ។ ចំណែក​​ជន​រងគ្រោះ ជា​ម្ចាស់​ឈ្មោះព្រាប ស៊ីណា ភេទស្រី អាយុ​៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទី​លំ​នៅ​​ភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង​ខេត្ត​កណ្តា​ល ។

នគរបាល​បាន​ឱ្យ​ដឹង​បន្ថែម​ថា ដើមចម​ដំបូ​ង នៅថ្ងៃទី២០ ខែមីនា​ឆ្នាំ២០១៨​វេ​លា​ម៉ោង៧ព្រឹកមាន អ្នកជិៈម៉ូតូ​ដើរទិ​​ញ​ស្វាយ ឈ្មោះឈឿងរ៉េន ឈ្មោះជៀន យ៉ុម ឈ្មោះ សុខ ម៉ាញ និង​ឈ្មោះហេង សុខា បានជិះម៉ូតូ​ ដើម្បី​រកទិញផ្លែស្វាយ​តាម​ចំការ​ក៏​បាន​ជួប ឈ្មោះភី ភារុណ ជាជន​សង្ស័យ នៅផ្លូវមុខវត្តខ្ពបហើយ ឈ្មោះ ភារុណ បានប្រើល្បិចថា​ខ្លួន​មាន​ស្វាយ​ល​ក់ រួចបាននាំ​ទៅ​ដល់ចំការ​ស្វាយ​នៅ​ចុង​ព្រែ​កថ្មី ស្ថិតភូមិរកាលើឃុំខ្ពប ស្រុក​ស្អាង ដោយឈ្មោះភី ភារុណ កាត់ថ្លៃ១០០០​រៀ​ល​(មួយ​ពាន់​រៀល​)ក្នុង​​មួយ​គីឡូ​ក្រាម។

ចំណែកអ្នកទិញ​ឈ្មោះឈឿង រ៉េន ឈ្មោះ​ជៀន យ៉ុម ឈ្មោះ សុខ ម៉ាញនិង​ឈ្មោះ​ហេង សុខា បាន​​តថ្លៃ៥៥០៛​ក្នុងមួយ​គីឡូ​ក្រាម។ ឈ្មោះភី ភិរុណ ក៏ព្រម​លក់​ដោយ​អ្នក​ទាំង​​បួន​ខាង​លើ​ចាប់​ផ្តើមបេះ​ផ្លែ​ស្វាយ​ដោយ​ខ្លួន​ឯងពីម៉ោង​៨ព្រឹរហូតដល់​១២​និ​ង​៣០នាទី បេះអស់ផ្លែស្វាយ រួចថ្លឹងបាន ទម្ងន់​១៧៩៥គីឡូក្រាម ក៏​ប្រគល់​​លុយ​ទៅ​​អោយ​ឈ្មោះភី ភារុណចំនួន ៨៨០០​០​០៛​(ប៉ែតសិបប្រាំបីម៉ឺនរៀលគត់)ភ្លាម ។

បន្ទាប់មក​ទើបឈ្មោះព្រាប ស៊ីណា (ម្ចាស់​ចម្ការស្វាយ)មកដល់ពេលនោះឈ្មោះឈឿ​​ង រ៉េន ឈ្មោះជៀន យ៉ុម ឈ្មោះ សុខ ម៉ាញ និងឈ្មោះហេង សុខា បាន​អះអាង​ថា ពួក​ខ្លួន​ទិញ​ពី​ឈ្មោះភី ភារុណ ។ ទើប​ដឹ​ង​ថា ឈ្មោះភី ភារុណ បាន លួចស្វាយ​ខ្លួន​លក់​ក៏​បាន​ទៅ​ប្ដឹង​នគរបាល​តែ​ម្ដង ពេ​ល​ទទួលបាន​ព័ត៌មាន​ខាង​លើ​នគរបាល​ប៉ុស្ដិ៍​ខ្ពប​បាន​ទៅដល់ កន្លែងកើតហេតុ​ធ្វើ​ការស្រាវជ្រាវឃាត់ខ្លួនឈ្មោះភី ភារុណ រួម​ទាំង​វត្ថុតាង​​បញ្ជូន​មក​ប៉ុស្តិ៍​រដ្ឋបាលខ្ពប​ដើ​ម្បី​សាក​សួរ ។

ជនសង្ស័យបានសារភាពថា ខ្លួន​ពិតជា​បា​ន​ប្រើល្បិចកល ហៅ​អ្នក​ទិញ​ស្វាយ​ទៅ​លួ​ច​បេះផ្លែស្វាយគេ​មែន ។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ស្រុក​កស្អាង កសាងសំណំុ​រឿ​ង បន្ត​អនុវត្ត​តាម​នីតិវីធី ។ ចំណែក​អ្នក​ទិញស្វាយ​ត្រូវបាន​នគរបាលធ្វើការអប់រំ ដោះ​លែង​វិញ ផ្លែស្វាយជាង​មួយ​តោន​បាន​ប្រគល់​អោយ​ម្ចាស់​វិញ ៕