សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈលើស្ដ្រីម្នាក់ជាច្រើនដង

ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ក្រោយពីទទួលពាក្យបណ្ដឹងពីស្ដ្រីរងគ្រោះពាក់ព័ន្ធករណីរំលោភសេពសន្ថវៈកាលពីថ្ងៃទី០៣ ខែឧសភាឆ្នាំ២០១៨វេលាម៉ោង១២និង០០ នាទីត្រង់ចំណុចទីលំនៅភូមិខ្វិត សង្កាត់ សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ក. ស.អ.ល ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិក្រាំងក្រួច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ដោយឡែកជនសង្ស័យមានឈ្មោះ ហេង ហួត ភេទប្រុស អាយុ២៩ឆ្នាំ ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមសម្ដីស្ដ្រីរងគ្រោះបានបានប្រាបអោយដឹងថា កាលពីថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៦ និង០០នាទីជនរងគ្រោះ កំពុងតែនៅផ្ទះម្តាយក្មេកស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះប្អូនស្រីបង្កើតរបស់ជនសង្ស័យនិងត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះបានទូរស័ព្ទហៅជនរងគ្រោះ អោយទៅផឹកស៊ីនៅផ្ទះ របស់ ជនសង្ស័យស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយជនរងគ្រោះក៏បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ មិនចាំស្លាកលេខ និងលេខតួ លេខម៉ាស៊ីន ឌុបកូនប្រុសអាយុ០៩ឆ្នាំម្នាក់ ទៅផ្ទះរបស់ជនសង្ស័យខាងលើ រួចបានផឹកស៊ីមានគ្នាចំនួន០៥នាក់ ។ រហូតដល់វេលាម៉ោង ១៩និង០០នាទី ជនរងគ្រោះលាសុំទៅផ្ទះតែជនសង្ស័យ និងអ្នកផឹកស៊ីខាងលើ បានឃាត់មិនអោយទៅទេ ថែមទាំងបានលួចដកក្បាលប៊ូស៊ី ម៉ូតូរបស់ជនរងគ្រោះយកលាក់ទុកបាត់ ។

បន្ទាប់មកនៅ វេលាម៉ោង២០និង០០នាទីថ្ងៃខែឆ្នាំដដែលប្អូនស្រីរបស់ជនសង្ស័យ បានបបួលជនរងគ្រោះទៅច្រៀងខារ៉ាអូខេ តែជនរងគ្រោះប្រកែកមិនព្រមទៅទេ ។ ហើយប្អូនស្រីបង្កើតជនសង្ស័យ និងជនសង្ស័យបាននិយាយលួងលោមជនរងគ្រោះអោយទៅជាមួយ ដោយនិយាយថា ទៅច្រៀងលក្ខណៈ គ្រួសារ ទើបជនរងគ្រោះព្រមទៅគ្នា០៤នាក់ ចូលខារ៉ាអូខេឈ្មោះ រ៉ូមែនទិក ខេធីវី ហ្វាមីលី ស្ថិតនៅភូមិសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លុះដល់វេលាម៉ោង០១និង ៣០នាទី ឈានចូលថ្ងៃទីមិនចាំ (ថ្ងៃបន្ទាប់) ខែកក្កដា ឆ្នាំ២០១៧ ក៏នាំគ្នាឈប់ច្រៀងប្អូនស្រីជនសង្ស័យនិងមិត្ដភ័ក្រជនសង្ស័យបានជិះម៉ូតូ ០១គ្រឿងមិនស្គាល់ម៉ាក ចំណែកជនសង្ស័យបានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ មិនចាំស្លាកលេខឌុបជនរងគ្រោះ ។ ហើយជនរងគ្រោះមានសភាពស្រវឹងស្រាខ្លាំង ទើបជនសង្ស័យបានបើកម៉ូតូឌុបជនរងគ្រោះទៅចូលផ្ទះ សំណាក់ ម្តុំសង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលចូលទៅដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនសង្ស័យបានដោះអាវ រួចឡើង ពោបពីលើជនរងគ្រោះ ឃើញដូចនេះជនរងគ្រោះក៏បាននិយាយថា កុំធ្វើអញ្ចឹងយើងជាមិត្តភក្តិនឹងគ្នា រួច ជនសង្ស័យក៏បាននិយាយគំរាមថា នៅអោយស្ងៀម បើហ៊ានស្រែករូបគេ (ជនសង្ស័យ) នឹងច្របាច់កអោយ ស្លាប់ ហើយជនរងគ្រោះមិនហ៊ានរើបម្រះ ក៏បានអោយជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈ តែមិនដឹង ថា បានសម្រេច រឺមិនបានសម្រេចនោះទេ ព្រោះជនរងគ្រោះស្រវឹងស្រាខ្លាំងលែងដឹងខ្លួន ។

លុះដល់វេលា ម៉ោង០៦និង៣០នាទីព្រឹក ជនរងគ្រោះឡើងភ្ញាក់ដឹងខ្លួន មានសភាពអាក្រាតកាយ រួចជនរងគ្រោះស្លៀកពាក់ ខោអាវហើយជនសង្ស័យក៏បានឌុប ជនរងគ្រោះទៅដាក់នៅម្តុំផ្លូវបំបែកព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយ ឈ្មោះ ហេង សុខហួយ ក៏បានឌុបជនរងគ្រោះត្រឡប់ទៅផ្ទះរបស់ ជនសង្ស័យខាងលើ រួចជនសង្ស័យក៏បាន ទូរស័ព្ទប្រាប់ឈ្មោះ ហេង សុខហួយ ថា ក្បាលប៊ូស៊ីនៅលើពូក របស់គេ(ជនសង្ស័យ) ទើបជនរងគ្រោះបានយក ក្បាលប៊ូស៊ីដាក់ម៉ូតូបញ្ឆេះឌុបកូនត្រឡប់ទៅផ្ទះវិញ ហើយមិន ហ៊ានប្រាប់រឿងរ៉ាងខាងលើដល់ប្តីរបស់ជនរងគ្រោះអោយបានដឹងទេ ព្រោះខ្លាចប្តីរករឿងលែងលះគ្នា ។

ក្រោយមកជនសង្ស័យបានលួងលោមជនរងគ្រោះបង្ខំរួមភេទជាមួយ ដោយនិយាយគំរាមថា បើមិនព្រមទៅដេកជាមួយរូបគេ (ជនសងសង្ស័យ) នឹងនិយាយរឿងហេតុ ខាងលើអោយប្តី និងអ្នកផ្សេងបានដឹង ទើបជនរងគ្រោះព្រមទៅរួមភេទ ជាមួយជនសង្ស័យបានសម្រេច ជាបន្ត បន្ទាប់ចំនួន០៣លើកថែមទៀត ហើយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០០និង៣០នាទី ជនសង្ស័យ បាននិយាយលួយលោម និងគំរាម ជនរងគ្រោះឌុបយកទៅដេកនៅផ្ទះសំណាក់មិនស្គាល់ឈ្មោះ ក្រុងតាខ្មៅ ខេត្តកណ្តាល រួមភេទបានសម្រេច មួយលើកទៀត ទើបជនរងគ្រោះនិយាយរឿងហេតុខាងលើ ប្រាប់ប្តីអោយបានដឹង រួចមកប្តឹងសមត្ថកិច្ចនគរ បាលខណ្ឌដង្កោ អោយជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ខាងលើ បាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់តែម្តង ៕