ស្លាប់​និង​រង​គ្រោះ​កើនឡើង​យ៉ាង​គំហុក អ្នក​នៅ​ក្នុងភូមិ​បាន​ចេញ​ស្ទើរតែ​អស់ពី​ផ្ទះ

ក្រចេះ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ នៅ​ល្ងាច​ថ្ងៃ​ទី​៦ ឧសភា ២០១៨ នេះ​ថា ដោយ​មាន​អ្នក​ស្លាប់ និង​រង​គ្រោះ​កើនឡើង​យ៉ាង​គំហុក​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បន្ត​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន ។ ប៉ុន្តែ​អ្វី​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ដោយសារ​តែ​មាន​អ្នក​ស្លាប់ និង​រង​គ្រោះ​ដោយ​ការ​ពុល មានការ​កើនឡើង​យ៉ាង​គំហុក នៅ​ស្រុក​ចិត្រ​បុរី និង​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ខណៈ​នៅ​ក្នុងភូមិ​ប្រជាពលរដ្ឋ​បាន​ចេញ​ស្ទើរតែ​អស់ពី​ផ្ទះ ព្រោះតែ​ការ​ភ័យ​ខ្លាច​ជំងឺ ដែល​មាន​រោគ​សញ្ញា​ដូច​ជា ឈឺពោះ ក្អួតចង្អោ ឈឺ​ក អស់កម្លាំង ទន់​ដៃជើង វិលមុខ ថប់ដង្ហើម ជាដើម នេះបើតាមកាសែតកម្ពុជា​ថ្មី​ ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៦ ឧសភា ២០១៨​នេះ ក្មេង​សិ​ស្សា​សាលា និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០​នាក់ នៅ​ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ពុល​(​សង្ស័យ​ពុល​ត្រី​) បណ្ដាល​ឲ្យ​មាន​អ្នក​ធ្ងន់ធ្ងរ​ជាង​២០​នាក់ កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ ។

នេះ​ជា​ករណី​ទី​២​ហើយ ដែល​ប្រជាពលរដ្ឋ​ខេត្តក្រចេះ កើត​មាន​ករណី​ពុល បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​គ្រោះជា​ច្រើន​នាក់ បាន​និង​កំពុង​សង្គ្រោះ​បន្ទាន់ ។ ជាក់ស្ដែង ប្រជាពលរដ្ឋ​នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ចំនួន​១០​នាក់​បាន​ស្លាប់ និង​ជិត​១៥០​នាក់ កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ ចាប់ពី​ថ្ងៃ​ទី​៤ ខែឧសភា រហូត​មក​ទល់​នឹង​ថ្ងៃអាទិត្យ​ទី​៦ ខែឧសភា នេះ បន្ទាប់​ពី​មានការ​សង្ស័យ​ថា ពួក​គេ​ពុល​ទឹក​ដែល​ប្រើប្រាស់​នៅ​ក្នុង​មូលដ្ឋាន ៕