យុវជន៣នាក់ម្នាក់របួសធ្ងន់ ២នាក់ទៀតស្លាប់ទន្ទឹមគ្នា

ភ្នំពេញ ៖ យុវជន៣នាក់ម្នាក់របួសធ្ងន់ ២នាក់ទៀតស្លាប់ទន្ទឹមគ្នានៅនិងកន្លែងយ៉ាងអាណោចអធម៌ បន្ទាប់ពីពួកគាត់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីរាំលេងក្លឹប ទៅបុកជាមួយរថយន្តកូរ៉េ២តោនកន្លះក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខ សួនឧទ្យានវត្ឍនៈ២ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុមានពីរនាក់ ៖ ទី១មានឈ្មោះ សិុន សុភា ភេទប្រុស អាយុ២១ឆ្នាំ មុខរបប កម្មកររោងចក្រ អាសយដ្ឋាន ក្នុងភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ រីឯជនរងគ្រោះដែលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ទៀតនោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
ម៉ូតូរងគ្រោះខាងលើម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1W-8828 ។ ចំណែករថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ3A-1622 ។

យោងតាមសម្ដីមិត្តភ័ក្តរបស់ជនរងគ្រោះទាំង៣នាក់ខាងលើ បាននិយាយប្រាប់ឲ្យដឹងថា ពួកគាត់មានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង(មួយគ្រឿងជិះគ្នា៣នាក់) បានចេញពីរាំលេងនៅក្លឹបនៅម្ដុំចោមចៅ ហើយជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូងបំណងត្រឡប់ទៅផ្ទះវិញ ។ ខណះជិះជិតដល់កន្លែងកើតហេតុ ភាគីម្ខាងដែលជិះម៉ូតូមួយគ្រឿងគ្នា៣នាក់ បានឈប់បត់ជើងតូច ហើយភាគីម្ខាងជនរងគ្រោះ៣នាក់ខាងលើបានបន្តទៅមុខមុន តែអកុសល ជនរងគ្រោះខាងលើបានជ្រុលទៅបុកជាមួយរថយន្តហុីយ៉ាន់ដាយ (ដឹកអំបិល) ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះបោកក្បាលជាមួយរថយន្ត ស្លាប់2នាក់នៅនិងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់ហូសវិទ្យាល័យពងទឹកបន្តិចក៏ឈប់រថយន្តទុកចោល ហើយចុះគេចខ្លួនបាត់ស្រមោល ។ចំណែកជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ ។ បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយទាក់ទងទៅជំនាញមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកឯសពជនរងគ្រោះទាំងពីរ សមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិក្រុមគ្រួសារឲ្យមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕