ចាប់បានហើយ! កូនខឹងជេរប្រមាថម្តាយ កាប់ចិញ្ច្រាំ​​ឪពុកស្លាប់​ក្នុងថ្លុកឈាម

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលខេត្ដស្វាយរៀង សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌមានជ័យបានធ្វើការឃាត់ខ្លួនឃាតកដែលកាប់ចិញ្ច្រាំ​​ឪពុកស្លាប់​ក្នុងថ្លុកឈាមបានហើយនៅវេលាម៉ោង១១ និង ០០ នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នៅចំណុចភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានប្រាប់ថា កូន​ប្រុស​ដែលជា​ជនសង្ស័យ​ឈ្មោះ ផល ឆាយយ៉ា អាយុ ២៥ឆ្នាំ មុខរបរ​ធ្វើស្រែ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បាន​យកកាំបិតខ្វែវកាប់ទៅលើឪពុកបង្កើតរបស់ខ្លួនឈ្មោះ សុក មន អាយុ៥៦​ឆ្នាំ ចំនួន៣កាំបិត ត្រូវចំដើមទ្រូងមួយកាំបិត ស្មាខាងឆ្វេងមួយកាំបិត និងត្រូវចំ.ក​មួយកាំបិត បណ្តាលឲ្យប្រកាច់ស្លាប់ក្នុង​ថ្លុកឈាម​មួយរំពេច ព្រោះខឹងឪពុក​ស្រវឹងស្រា​មកដល់ផ្ទះស្រែកជេរស្តីប្រពន្ធ និងកូនៗ។

សមត្ថកិច្ចបានបន្ដថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះដោយមានឈ្មោះ ពុត កញ្ញា ភេទស្រី អាយុ២៧ ឆ្នាំបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ២ថា ប្អូនប្រុសជីដូនមួយរបស់ខ្លួនបានធ្វើសកម្មភាពកាប់សម្លាប់ឪពុកបង្កើតខ្លួនឯងនៅឯងខេត្ដស្វាយរៀង ហើយបានរត់មកនៅផ្ទះខ្លួនក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដោយបានប្រាប់ថា គ្រាន់តែមកលេងធម្មតាប៉ុណ្ណោះ តែក្រោយមកខ្លួនបានលឺដំណឹងពីបងប្អូននៅឯខេត្ដស្វាយរៀង ទើបរាយការណ៍ឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង ។

គួររំលឹកថា កូនប្រុស​ម្នាក់​ខឹងឪពុកមកពីផឹកស៊ីរករឿងជេរម្ដាយ និងកូនៗ ស្ទុះទៅទាញយកកាំបិតខ្វែវកាប់ចិញ្ច្រាំ​ទៅលើ​ឪពុកចំនួន៣កាំបិត បណ្តាលឲ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាមមួយរំពេច ។ ​ហេតុការណ៍នេះ​បង្ក​​​ឱ្យមានការ​ភ្ញាក់​ផ្អើល​​បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះហើយកម្លាំងនគរបាលខណ្ឌមានជ័យបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យកម្លាំងនគរបាលខេត្ដស្វាយរៀងវិញព្រោះជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕