មានវិបត្តិក្នុងគ្រួសារផឹកស្រាស្រវឹងអូសដៃកូនស្រីបម្រុង រត់ចូលរថយន្ត ផ្អើលសមត្ថកិច្ចចាប់ឃាត់

ភ្នំពេញ៖ ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ បានផឹកស្រវឹងរួចវាយធ្វើបាបកូនស្រីវ័យ៨ឆ្នាំ ព្រមទាំង ចាប់អូសដៃបម្រុងរត់ចូលរថយន្ត ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាជួយឃាត់និងចាប់ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ បង្ករភ្ញាក់ផ្អើល កាលពីម៉ោង១១និង៣០នាទី នៅរង្វង់មូលចោមចៅ ភូមិថ្នល់បំបែល សង្កាត់ចោមចៅ៣ខណ្ឌពោធិសែនជ័យ ។

ស្ត្រីជាម្តាយឈ្មោះ ស្រឿន ចន្ធី អាយុ៣២ឆ្នាំស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ចំណែកកូនស្រី ឈ្មោះ សុខ ស្រីស្រស់ អាយុ៨ឆ្នាំ ។

ប្រភពពីស្ត្រីម្នាក់ដែលឃើញហេតុការណ៍នេះបានប្រាប់ថាមុនកើតហេតុគាត់បានមកអង្គុយហូបអាហារ នៅរង្វង់មូលចោមចៅ ស្រាប់តែឃើញស្ត្រីខាងលើក្នុងស្ថានភាពស្រវឹងចុះពីលើកង់បី វាយកូនស្រីបណ្តាលឲ្យ ស្រែកយំផ្អើលអ្នកដំណើរព្រមទាំងចាប់អូសទាញដៃបម្រុងរត់ចូលរថយន្ត ពេលនោះត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាជួយឃាត់និងចាប់ឃាត់ ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអត្តរាគមន៍នាំមកប៉ុស្តិ៍ដើម្បីសាកសួរ ។

តាមសម្តីស្រ្តីខាងលើបានឲ្យដឹងថា ដោយសារគាត់មានទម្ងន់កូនក្នុងពោះជិតគ្រប់ខែអត់លុយបានទៅរកខ្ចីលុយអ្នកស្គាល់គ្នាដើម្បីទុកសម្រាលកូន តែខ្ចីគេមិនបានប្តីក៍ចុះចោលមានស្រីផ្សេងទៀតដោយសារទ័លច្រកខ្លាំងពេក ទើបផឹកឲ្យស្រវឹងរួចគិតខ្លីចាប់ទាញដៃកូនស្រីបម្រុងរត់ចូលរថយន្ត ឲ្យបុកស្លាប់ទាំងអស់គ្នាតែត្រូវបានប្រជាពលរដ្ឋចាប់ ។ ពាក់ព័ន្ធករណីស្ត្រីខាងលើនេះក្រោយពីសមត្ថកិច្ចនាំយកមកដល់ប៉ុស្តិ៍នគរបាលចោមចៅ៣ បានរៀបចំកន្លែងឲ្យម្តាយនិងកូនស្រីដេកស្នាក់នៅសង្កាត់មួយយប់សិនរងចាំព្រឹកឡើងទើបឲ្យវិលត្រឡប់ទៅវិញ ៕