តោះរង់ចាំមើលវាសនា អ្នកបើករថយន្ដ Lexus 570 ពាក់ស្លាកលេខរដ្ឋ ដែលភ្ជង់អ្នកបើករថយន្ដស្ទូច

ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ អ្នកបើករថយន្ដ Lexus 570 ពាក់ស្លាកលេខរដ្ឋ ដែលភ្ជង់អ្នកបើករថយន្ដស្ទូច ដើម្បីឲ្យដឹកយករថយន្តរបស់ខ្លួនទៅទុកនៅផ្ទះវិញ ត្រូវបានបញ្ជូនទៅ ដល់សាលាដំបូងរាជធានីភ្នំពេញវិញហើយ ។

សូមបញ្ជាក់ថា អត្តសញ្ញាណ និង ប្រវត្តិរបស់ជនបង្ករូបនេះ មិនទាន់ត្រូវបានលាតត្រដាងជាផ្លូវការពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ គ្រាន់តែបានបង្ហាញថា ជនម្នាក់នេះ មានឈ្មោះ ទ្រី ដារិន អាយុ៣៨ឆ្នាំ ជាអតីតអ្នករកស៊ីកាប់ជ្រូកនៅម្ដុំគីឡូម៉ែត្រលេខ៦ ដែលគេហៅថា ហ៊ាពៅៗ ។

យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ជើងគោក បានរៀបរាប់ពីដំណើររឿងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ០២៖១៥នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដែលមានរថយន្ដបង្ក Lexus 570 ពណ៌ស ពាក់ស្លាកលេខរដ្ឋ07-2-8989 បានទៅបុកឃឿន និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាតស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ក្រោយមានគ្រោះថ្នាក់ចរាចរណ៍នេះ នគរបាលចរាចរណ៍ក៏បានចុះមកវាស់វែង ហើយហៅរថយន្ដស្ទួចមកដឹករថយន្ដបង្ក ឆ្ពោះទៅកាន់ ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីឲ្យម្ចាស់រថយន្ដចូល ទៅបង់ផាកពិន័យតាមផ្លូវច្បាប់។ ប៉ុន្ដែពេលដែលអ្នកបើករថយន្ដស្ទួច កំពុងដឹករថយន្ដបង្ក ដល់ម្ដុំវត្តទួលអស់លោក ក៏លេចមុខម្ចាស់រថយន្ដ ជាមួយបក្ខពួកម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ អាយុ៣០ឆ្នាំ បើករថយន្ដ Corolla មួយគ្រឿង ទៅពាំងពីមុខរថយន្ដស្ទួច បន្ទាប់មកជនបង្ក ទ្រី ដារិន បានទាញកាំភ្លើងភ្ជង់អ្នកបើករថយន្ដស្ទួច និងបញ្ជាឲ្យដឹងរថយន្ដរបស់ខ្លួន ទៅទុកនៅក្នុងផ្ទះស្ថិតនៅផ្ទះលេខ ផ្ទះលេខ R0204 ក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

លុះព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌឫស្សីកែវ ក្រោមការសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារង សៀង សុខ ក៏បានចូលទៅឆែកនៅក្នុងផ្ទះ ឃើញរថយន្ដ និងឃើញជនបង្ក ព្រមទាំងបក្ខពួក ក៏សម្រេចឃាត់ខ្លួន បន្ដការសួរនាំ ប៉ុន្ដែនៅពេលកំពុងសួរនាំជនបង្កដែលអត្តចរិកឈ្លើយ និងមិនខ្លាចរអែងច្បាប់ ទើបបង្ខំឲ្យសមត្ថកិច្ចចាប់វាយខ្នោះតែម្ដង។

សូមបញ្ជាក់ថា សំណុំរឿងនេះស្ថិតនៅក្នុងចំណាត់ការរបស់លោក សៀង សុខ ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្ដការសួរនាំជនសង្ស័យ ដែលអាងអំណាច ៕