ចុមយក្ស!ជិះរថយន្តទៅវាយប្លន់ យកលុយជាង១ម៉ឺនដុល្លារអាមេរិក ពីជនជាតិជប៉ុន

ភ្នំពេញ៖ សមត្ថកិច្ចបង្ក្រាបជនសង្ស័យម្នាក់ដែលបានជិះរថយន្តទៅវាយប្លន់ យកលុយជាង១ម៉ឺនដុល្លារអាមេរិក ពីជនជាតិជប៉ុន មកធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ឈ្មោះ ប៊ុន ម៉ៅ និងបានដកហូតវត្ថុតាងរថយន្តមួយគ្រឿងម៉ាក កាម៉ារីបាឡែន ពណ៌មាស សេរី២០០២ ពាក់ស្លាកលេខភ្នំពេញ1I-7731ទូរស័ព្ទដៃចំនួន២គ្រឿងនិងប្រាក់ចំនួន៩៨០០ដុល្លារអាមេរិក ជារបស់ជនរងគ្រោះ ។ កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងខាងលើ ទៅធ្វើសកម្មភាពវាយប្លន់ ជនរងគ្រោះឈ្មោះ សាកូស៊ី កាដូយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិជប៉ុន នៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ១១៣ កែង៤០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៦ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ខ្លួនបានជិះម៉ូតូកង់បី ជាមួយមិត្តភក្តិទៅស៊ីផឹកនៅហាង មីយ៉ាមិ នៅផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រហូតដល់ម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនបានហៅតាក់ស៊ី Pass app ជិះទៅកន្លែងស្នាក់នៅ ដែលមានទីតាំងនៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ១១៣ កែង៤០៤ សង្កាត់បឹងកេងកងទី១ ។ ពេលទៅដល់ផ្ទះ ខ្លួនបានឲ្យប្រាក់៥ដុល្លារអាមេរិក ទៅអ្នករត់តាក់ស៊ី Pass app ។ ភ្លាមៗនោះ ជនសង្ស័យ ឃើញខ្លួនមានលុយច្រើន ក៏ប្រតាយប្រតប់ដណ្ដើមយកលុយខ្លួនចំនួន១ម៉ឺនដុល្លារអាមេរិក រួចឡើងជិះរថយន្ត គេចខ្លួនបាត់។

ជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពប្លន់យកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ពីជនជាតិជប៉ុន នោះមែន ។ ក្រោយធ្វើសកម្មភាព ខ្លួនបានបើករថយន្តគេចខ្លួនទៅផ្ទះ ហើយយកប្រាក់ទៅលាក់ទុក រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានតែម្តង ៕