ព្រោះចោរក្រុមមិនឃើញប៉ូលិសបឹងកេងកង៣ល្បាត ទើបវ៉ៃយុវជនម្នាក់ប្លន់យកម៉ូតូ

រាជធានីភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានជិះម៉ូតូធ្វើសកម្ម ភាពវាយយុវជនម្នាក់ប្លន់យកម៉ូតូហុងដាឌ្រីម០១៨គេចខ្លួនបាត់បានដោយសុវត្តិភាព កាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៩៥ កែងផ្លូវមៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។

យុវជនរងគ្រោះដែរត្រូវក្រុមជនសង្ស័យប្លន់យកម៉ូតូបាត់ទៅខាងលើ មានឈ្មោះ រុណ រតនី ភេទប្រុស អាយុ២០ឆ្នាំ មុខរបបនៅហាងម៉ាស្ទរ ស្នាក់នៅម្ដុំផ្សារស្ទឹងមានជ័យ និងមានស្រុកកំណើតនៅខេត្តឧត្ដមមានជ័យ រួមទាំងជិះម៉ូតូដែលបាត់បង់ ម៉ាកហុងដាឌ្រីម២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្ដមានជ័យ 1D-3069 ។

យោងតាមសម្ដីពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម្នាក់ឯងចេញពីផ្ទះសង្សារបំរុងទៅទិញអីហូប ខណះជនរងគ្រោះជិះម៉ូតូជិតដល់ទីតាំង ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងមកតាមក្រោយ ហើយធ្វើសកម្មភាពវាយទៅលើយុវជនរងគ្រោះ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូរងរបួសស្រាល រួចប្លន់យកម៉ូតូហុងដាឌ្រីម០១៨បានសម្រេច និងគេចខ្លួនបាត់បានដោយសុវត្តិភាព ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនយុវជនរងគ្រោះខាងលើទៅសួរនាំ និងដាក់ពាក្យបណ្ដឹងដើម្បីកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកកាត់ទោសតាមផ្លូវច្បាប់៕