គ្រាន់តែទំនាស់ពាក្យសម្ដីឈ្លោះប្រកែក វាយតប់គ្នាពីល្ងាចមិនអស់ចិត្ត យប់ឡើងយកពូថៅមកកាប់ក្បាលជនរងគ្រោះ បណ្តាលឱ្យស្លាប់

កណ្តាល៖ សំណុំរឿងឃាតកម្មគិតទុកជាមុន កាប់នឹងពូថៅនៅស្រុកអង្គស្នួល បណ្តាលឱ្យបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេល៤ថ្ងៃ ។ ករណីខាងលើបានកើតឡើងកាលពីវេលាម៉ោង៧ និង ៥នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជា០៥ ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ភាព គឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុសរថយន្ត មានស្រុកកំណើតនៅភូមិសូរិយា ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ចំណែកជនសង្ស័យឈ្មោះ ហេង ស៊ីរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅភូមិបឹងជ្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជនសង្ស័យ និងជនរងគ្រោះបច្ចុប្បន្នស្នាក់នៅការដ្ឋានដឹកនៅភូមិ ឃុំកើតហេតុ ។ លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ទាក់ទិនករណីខាងលើរួចមក លោកបានបញ្ជាឱ្យកម្លាំងជំនាញខេត្តនិងស្រុក ចុះដល់ទីតាំងកើតហេតុភ្លាមៗ ដោយបានធ្វើការតាមជំនាញ យ៉ាងយកចិត្តទុកដាក់ ។

ករណីនេះ លោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះដឹកនាំកម្លាំងដោយផ្ទាល់ ដោយសហការជាមួយស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, រាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម បានតាមប្រកិតមុខសញ្ញាជនសង្ស័យជាបន្តបន្ទាប់ ដោយជនសង្ស័យបានរត់គេចទៅលាក់ខ្លួននៅខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងចុងក្រោយសំងំលាក់ខ្លួននៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រហូតដល់វេលាម៉ោង ៥និង ៥០នាទីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញស្រាវជ្រាវរកចាប់បានជនសង្ស័យខាងលើនៅចំណុចមុខផ្ទះវេរលុយមួយកន្លែង ជាប់ផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការសម្រេចបាននូវលទ្ធផលល្អប្រសើរខាងលើក៏ដោយសារមានការសម្របសម្រួល នីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តពាក់ពន្ធ័ តាមដំណាក់កាលនីមួយៗក្នុងការពន្លាតដែនសមត្ថកិច្ច និងដោយមានកិច្ចសហការល្អរវាងជំនាញកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្ស័យបានសារភាពថាក្រោយពីខ្លួនមានទំនាស់ពាក្យសំដីឈ្លោះប្រកែក និងវាយតប់គ្នាពីល្ងាចជាមួយជនរងគ្រោះ លុះដល់ម៉ោងប្រហែល ៧ និង ៥នាទីយប់ខ្លួនក៏យកពូថៅមកកាប់ក្បាលជនរងគ្រោះ បណ្តាលឱ្យស្លាប់តែម្តង ហើយក៏រត់ទៅលាក់ខ្លួននៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ រួចទៅស្រុកកំពង់សៀម ខេត្តកំពង់ចាម និងចុងក្រោយលាក់ខ្លួននៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនពេលកំពុងវេរលុយនៅផ្ទះវេរលុយជាប់ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ តែម្តង។

ហើយនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជូន ជនសង្ស័យទៅតុលាការ ក្រោមការសាកសួររបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យខាងតំណាងអយ្យការសាលាដំបូងខេត្ត និងលោកចៅក្រម ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ៕