ខ្លាំងម្លេះ! យកកាំភ្លើងទៅគំរាមសម្លាប់គេ ត្រូវនគរបាលចាប់ខ្លួន

ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពយកកាំភ្លើងទៅភ្ជង់គំរាមសម្លាប់អ្នកដទៃ នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ ជី ម៉ៅ អាយុ៣០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ដោយជននេះបានប្រើអាវុធខ្លីម៉ាក់ K59 ភ្ជង់គំរាមសម្លាប់ជនរងគ្រោះឈ្មោះ ប៉ុល ងន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅចំណុចកើតហេតុខាងលើ។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចដកហូតបាន អាវុធខ្លីម៉ាកK59 មួយដើម, បង់១, គ្រាប់ចំនួន១០គ្រាប់, ម្ស៉ៅក្រាមសថ្លាសង្ស័យសារធាតុញៀន១កញ្ចប់តូច និងកញ្ចប់បារី១។ បច្ចុប្បន្នមុខសញ្ញា និងវត្ថុតាង កម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕