លោកស្នងការខេត្តកណ្តាលបញ្ជាក់ថាមន្ត្រីជំនាញ របស់លោកកំពុងស្រាវជ្រាវជុំវិញករណីនគរបាលវៃស្ត្រីម្នាក់រហូតរលូតបើមានវត្ថុតាងពិតប្រាកដនោះលោកនឹងចាត់វិធានលើជនបង្កភ្លាម

ភ្នំពេញ៖ ស្នងការខេត្តកណ្តាលលោកឧត្តមសេនីយ៍ អ៑ាវ ចំរើន បានបញ្ជាក់មុននេះថា ចំពោះករណីដែលស្ត្រីម្នាក់ប្តឹងមកស្នងការខេត្តកណ្តាលចោទប្រកាន់ទៅលើនគរបាលមួយរូបដែលបម្រើការងារនៅស្នង ការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក គឺលោកបានទទួលនឹងឯកភាពអោយមន្ត្រីជំនាញរបស់លោកសើុបអង្កេតហើយ ។

លោកឧត្តមសេនីយ៍បន្តថា បើមន្ត្រីជំនាញរកឃើញថា ឈ្មោះ ជិន ជឿន ពិតជាបានវៃស្ត្រីខាងលើរហូតរលូតកូនក្នុងផ្ទៃមែននោះ លោកនឹងចាត់វិធានការភ្លាមៗទៅលើជនបង្ក ហើយមកទល់ពេលនេះក្រុមការងាររបស់លោកក៏កំពុងបន្តនីតិវិធីស្រាវជ្រាវចំពោះករណីនេះ ដោយសារករណីប្រើអំពើហឹង្សាលើស្ត្រីរហូតរលូតកូនគឺជារឿងធំ ។

គួរបញ្ជាក់ថា នគរបាលមួយរូបឈ្មោះ ជិន ជឿន ដែលគេស្គាល់ថាជាមន្ត្រីបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក បានរង់ការចោទប្រកាន់ពីបទប្រើអំពើហឹង្សាលើស្ត្រីពពោះម្នាក់រហូតរបួសធ្ងន់ (រលូតកូន) កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្បែរអូតែលភ្នំពេញ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាច់ញាតិដើមបណ្តឹងឈ្មោះ ស.ស.ល អាយុ២៦ឆ្នាំ បានអោយដឹងថារូបនាងបានទៅដាក់ពាក្យបណ្តឹងតាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ហើយសមត្ថកិច្ចជំនាញទទួលពាក្យបណ្តឹងហាក់បីដូចជា ព្រងើយកណ្តើយក្នុងការជួយរកយុត្តិធម៌ជូននារីជនរងគ្រោះនឹងទារកត្រូវបានស្លាប់បាត់បង់ជីវិតចេញពីផ្ទៃម្តាយ(រលូតកូន ) បាត់ទៅហើយ ។

បេីយោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ​ ដែល​គេហទំព័រដំណឹងយប់មិញ ទេីបទទួលបាននៅថ្ងៃទី១៩​ ខែតុលា​ នេះ​ ។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស.ស.ល អាយុ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលនៅបច្ចុប្បន្នភូមិសុកុំផ្ញើឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានប្តឹងឈ្មោះ ជិន ជឿន ភេទប្រុស ជាមន្ត្រីបម្រេីការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក មានទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង​ ខេត្តកណ្តាល ពីបទ​ ប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ ។

នារីរងគ្រោះ​ រៀបរាប់ថា​ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីយប់ ឈ្មោះ​ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ ដោយមិនទាន់បានរៀបការ បានប៉ុនប៉ងធ្វើឃាត និងហិង្សាមានស្ថានទម្ងន់ មកលេីនារីរងគ្រោះបណ្តាលឲ្យរលូតកូននៅក្នុងផ្ទះផ្ទៃរបស់នាងខ្ញុំដែលកំពុងពពោះ ៤ខែ។ នារីរងគ្រោះ​ ស្នេីសុំលោកស្នងការដ្ឋាននគរបាល ខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌ និងចាត់វិធានការតាមផ្លូវច្បាប់​ ។

ទោះជាយ៉ាងណាក៏ដោយករណីនេះគេហទំព័រដំណឹងយប់មិញមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីឈ្មោះ ជិន ជឿន ជាមន្ត្រីនគរបាលកំពុងរងការចោទប្រកាន់នៅឡើយទេ ហើយចំពោះចំណាត់ការផ្លូវច្បាប់ទៅមន្ត្រីរូបនេះក៏មិនទាន់ដឹងថាឯកឧត្តមស្នងការនគរបាលខេត្តកណ្តាលនឹង ចាត់វិធានការបែបណានៅឡើយដែរ ដោយក្រុមការងារគេហទំព័រដំណឹងយប់មិញយើងខ្ញុំក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត៕