ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រថយន្ត​ឡង់​គ្រីស័រ​៥៧០ បណ្តាលឲ្យ​រង​ការខូច​ខាត​

ភ្នំពេញ​៖ យុវជន​២​នាក់ ជិះ​សង់​សេ​១២៥ មួយគ្រឿង ក្នុង​ល្បឿន​លឿន ជ្រុល​បុក​រថយន្ត​ស៊េរី​ទំនើប ឡង់​គ្រីស័រ​៥៧០ ខណៈ​កំពុង​ឆ្លងផ្លូវ ពេញទំហឹង បណ្តាលអោយ​រង​ការខូចខាត នៅ​ចំណុច​ទល់មុខ​ខារ៉ាអូខេ ញ៉ូវ ស្តារ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ២២ និង  ៣០​នាទី​យប់ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០១៤​។​

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ យុវជន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក សង់​សេ​១២៥ សេរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1D-6207 ជិះ​ឌុប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច កើតហេតុ​ស្រាប់តែ ជ្រុល​បុក​នឹង​រថយន្ត​ឡង់​គ្រីស័រ​៥៧០ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-2896  បើកបរ​ដោយ​បុរស​ម្នាក់ ទិសដៅ​ស្របគ្នា ខណៈ​កំពុង​បត់​ឆ្លង ក៏​ជ្រុល​បុក​ពេញ​ទំហឹង​បណ្តាល​រថយន្ត  ឡង់​គ្រីស័រ​ត្រូវរង​ការខូចខាត​ទ្វារ​ចំហៀង​ខាងស្តាំ ចំណែក​ភាគី​ខាង​ម៉ូតូ​ត្រូវ​ដួល​បោក​ផ្ទប់​ទៅ​នឹង​ថ្នល់​រងរបួស ស្រាល​។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ ដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​ធ្វើការ​សម្រប សម្រួល​ភាគី​ទាំងពីរ ដោយ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​មិន​មាន​លុយ​ក្នុង​ការសង​សំណង​ទៅកាន់​ម្ចាស់​រថយន្ត​នោះ​ទេ មាន​តែ​លើក​ដៃ​ទាំងពីរ សំពះសុំទោស​តែប៉ុណ្ណោះ  ឃើញ​ដូចនេះ​ម្ចាស់​រថយន្ត​ក៏​អាណិត​ហើយ​សុខចិត្ត​បើក រថយន្ត​របស់​ខ្លួន​ចេញ​ទៅ​បាត់​ដោយ​មិន​បាន​ទាមទារ​សំណង​អ្វី​នោះទេ​។    សូមបញ្ជាក់​ថា ទង្វើ​របស់​ម្ចាស់ រថយន្ត​ខាងលើ គឺ​ទង្វើ​ដ៏​គួរអោយ កោត​ស​សើរ និង​យក​គំរូ​តាម ព្រោះ​គាត់​មាន​អាធ្យាស្រ័យ​ល្អ និង​ចេះ​យោគយល់​ខ្ពស់​ចំពោះ​ជន​ក្រីក្រ ដោយ​មិន​គិតគូរ​ពី​ការខូតខាត​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​របស់ខ្លួន​៕
photo 1 photo 2 photo 3 photo 4 photo 5