ចោរប្លន់​ប្រដាប់អាវុធ​៤​នាក់ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​អាយ​ខុន ពី​បុរស​ម្នាក់​បាន​សម្រេច​ដោយ​សុវត្ថិភាព​

​ភ្នំពេញ : ចោរ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក​អាយ​ខុន ស៊េរី​ឆ្នាំ​២០០៩ ពី​បុរស​ម្នាក់ បានសម្រេច​ដោយ​សុវត្ថិភាព នៅ​ចំណុច​ផ្លូវ​លេខ​១១៨ កែង​ផ្លូវ​លេខ ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ៣​និង ០០​នាទី​ទាបភ្លឺ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

​បុរសរងគ្រោះ​ក្នុង​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ​មានឈ្មោះ ពៅ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន បច្ចុប្បន្ន​មិន​មាន​មុខរបរ​។​

យោង​តាម​សម្តី​រៀបរាប់​របស់​បុរសរ​ង​គ្រោះ​បានអោយដឹងថា ដំបូង​ឡើយ​រូបគាត់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក អាយ​ខុន ពណ៌​លឿង មិន​ចាំ​ស្លាក​លេខ ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម បំណង​ជូន​មិត្តភក្តិ​ស្រី​ពីរ​នាក់​ទៀត ជិះ​ម៉ូតូ​មួយ​គ្រឿង​ផ្សេងគ្នា ទៅផ្ទះ លុះ​មកដល់​ចំណុចកើតហេតុ បុរសរងគ្រោះ និង​មិត្តភក្តិ​បាន​ឈប់​បំណង​រកមើល អ៊ី​វ៉ាន់ ស្រាប់តែ​មាន​ចោរ​ប្រដាប់អាវុធ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង មួយគ្រឿង​ម៉ាក​ស្គុប​ពី មិន​ចាំ​ពណ៌ និង​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ច្បាស់លាស់ ជិះ​មក​ពី​ក្រោយ​រួច​ដក​កាំភ្លើង​ធ្វើ​សកម្មភាព ភ្ជង់​ទៅលើ​បុរសរងគ្រោះ គំរាម​អោយ​ចុះ ពីលើ​ម៉ូតូ​រួច ជនសង្ស័យ​ម្នាក់ ដែល​រួម​ដំណើរ​ពី​ក្រោយ ឡើង​ជិះ​ម៉ូតូ​បុរស​រងគ្រោះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។​

ក្រោយ​កើតហេតុ​បុរសរងគ្រោះ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​ចាស់ ដើម្បី​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​បន្ត រួច​ត្រូវបាន​មិត្តភក្តិ​ជូន​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ។​

​សូមបញ្ជាក់​ថា ចំពោះ​វេលា​ទាបភ្លឺ​ឈានចូល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ក្នុង​រាជធានី​ភ្នំពេញ គឺ​មាន​ករណី​ប្លន់​ប្រដាប់​ចំនួន​ពីរ​ករណី ដែល​ករណី​គឺ​ចោរប្លន់​ប្រដាប់​មួយក្រុម​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ស្គុប​ពី​ស៊េរី​ឆ្នាំ​២០១៤ ពី​ប្តី​ប្រពន្ធ​មួយគូរ​បានសម្រេច​ដោយ​សុវត្ថិភាព នៅ​គល់​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ និង ករណី​ខាងលើ​គឺជា​ករណី​ទាំង​២ ៕