អាង​ខ្លួន​ជា​មន្ត្រី​នគរបាល វាយ​អ្នក​បើក​ម៉ូតូ​ម្នាក់ ព្រោះតែ​រឿង​បងប្អូន​បើករថយន្ត​គៀរ​ម៉ូតូ​គេ​

ភ្នំពេញ​៖ ហេតុការណ៍​ដែល​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ មាន​ការភ្ញាក់ផ្អើល និង​ចោមរោម​មើល​យ៉ាងច្រើន​កុះករ​នោះ គឺ​ដោយសារតែ​បុរស​ម្នាក់ បើករថយន្ត​កូរ៉េ គៀរ​ម៉ូតូ​ពីរ​គ្រឿង រួច​ត្រូវ​ម្ចាស់​ម៉ូតូ​ដេញ​វាយ​និង​គប់​កញ្ចក់​រថយន្ត​បែក ហើយ​អ្នកបើកបរ​រថយន្ត​បាន​ហៅ​បងប្អូន ជា​មន្ត្រី​នគរបាល​តម្រួត​បទ​បញ្ជារ​ម្នាក់ មក​វាយ​លើ​អ្នកបើក​ម៉ូតូ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៥០​នាទី​យប់ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅត្រង់​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​តេលា តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែវ​ផ្លូវ​លេខ​១៦៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

​យោង​តាម​សម្តី​រៀបរាប់​ពី​ម្ចាស់​ម៉ូតូ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូប​គាត់​រួមជាមួយ​មិត្តភក្តិ​ចំនួន​៣ នាក់​ទៀត ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​សង​កូរ៉េ​ពណ៍​ក្រហម​ពាក់​ស្លាក​លេខ ញ​២១២១ និង​ម៉ូតូ​របស់​ខ្លូន​ម៉ាក​សេ​១២៥ ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1H-1517 ធ្វើដំណើរ​ចេញពី​កន្លែងធ្វើការ ចុះ​ពី​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​ផ្លូវបំបែក​ច្រមុះជ្រូក​ក្បាលថ្នល់ ស្រាប់តែ​មាន​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-4736 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​យ៉ាង​លឿង បាន​ស៊ី​ផ្លេ​និង​បាន​គៀរ​ម៉ូតូ​សេ​១២៥​បណ្តាលឱ្យ​ដួល រួច​ក៏​បាន​ស្រែកជេរ​គាត់​បន្ថែមទៀត ភ្លាម​នោះ​គាត់​លើក​ម៉ូតូ​រួមជាមួយ​នឹង​មិត្តភក្តិ​ចំនួន​៣​នាក់​ទៀត​ខឹងសម្បារ ក៏បាន រើស​រើស​ដំបង និង​ដុំថ្ម​ដេញ​គប់​រថយន្ត​រហូត​ដល់​ស្ថានីយ៍​ប្រេង​ឥន្ឋនៈ​តូ​តាល់​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​១៦៣ បណ្តាល​បែក​កញ្ចក់​ផ្នែក​ខាង​មុខ ។

បន្តិច​ក្រោយមក​ម្ចាស់​រថយន្ត បានខ​ល​ហៅ​បងប្អូន​របស់​ខ្លួន ដែលមាន​ស្លៀកពាក់​ឯកសណ្ឋាន មន្ត្រីនគរបាល​តម្រួត​បទ​បញ្ជា​ម្នាក់ មក​វាយ​លើ​អ្នកជិះ​ម៉ូតូ​២ ៣​ដៃ ប៉ុន្តែ ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​ឃើញ​ដូច្នេះ​ក៏​មក​ជួយ​អន្តរាគមន៍​ភ្លាមៗ ទើប​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល ។ សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា មន្ត្រីនគរបាល​ដែល​បាន​ប្រើ​អំពើហិង្សា​មក​អ្នកជិះ​ម៉ូតូ​នេះ មាន​ឈ្មោះ​លី សា​វី ជា​មន្ត្រី​នគរបាល​តម្រួត​បទបញ្ជា ។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​យក​ម៉ូតូ និង​រថយន្ត​បង្កហេតុ​ទាំង​២​គ្រឿង​យក​ទៅ​ដោះស្រាយ​គ្នា​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចំណែកឯ​មន្ត្រី​នគរបាល​តម្រួត​បទបញ្ជា​ត្រូវ​នាំខ្លួន​មក​សាកសួរ​ដូចគ្នា ។​
​    ​
គួរ​បញ្ជាក់​ផង​ដែរ​ថា ភ្ញាក់ផ្អើល​ខាងលើនេះ គឺ​បណ្តាលមកពី​អ្នកបើកបរ​ទាំងសងខាង គ្មាន​ការ​អធ្យាស្រ័យ​ឱ្យ​គ្នា ម្យ៉ាងវិញទៀត​ប្រជាពលរដ្ឋ​ដែល​បាន​មើល​ឃើញ​ហេតុការណ៍​ខាងលើនេះ បាន​រិះគន់​ទៅលើ មន្ត្រីនគរបាល​តម្រួត​បទបញ្ជា​រូបនេះ​យ៉ាងខ្លាំង​ថា គ្រាន់​តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​សោះ អាង​ខ្លួន​មាន​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល បាន​ប្រើ​អំពើរ​ហិង្សា​មកលើ​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវ​សាធារណៈ ដែល​ជា​អំពើ​គួរ​ឱ្យ​គួរ​ស្អប់ខ្ពើម​ផ្ទុះ​ពី​តួនាទី​របស់​ខ្លួន​ជា​កងកំលាំង ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​តែ​បែរជា​ធ្វើ​ទង្វើ​ដូច្នេះ​ទៅ​វិញ ៕
Untitled-1 Untitled-2