ក្មេង​ទំនើង​២​ក្រុម ទាញ​ដំបង​និង​ដាវ​សាមូរ៉ៃ វាយ កំទេច​ទ្រព្យសម្បត្តិ ផ្ទះ​ប្រជាពលរដ្ឋ​

​ភ្នំពេញ​៖ ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដែល​បាន បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ជិតខាង​ផ្អើល​ចេញមក​មើល​ព្រោងព្រាត ខណៈ​ដែល​កំពុង​លង​លក់​ក្នុង​ដំណេក​នោះ គឺ​ដោយសារតែ​មាន​ក្រុម​ក្មេង​ទំនើ​ង​២​ក្រុម​ម្ខាង​មាន​គ្នា​ប្រមាណ​ជាង​២០​នាក់ បាន​ទាស់សំដី​គ្នា​ក្នុង​វ៉ូង​ផឹកស៊ី​នៅក្នុង​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង ខណ្ឌ​ពោធិ៍​សែន ជ័យ កាលពី​វេលា​ម៉ោង​១០​នឹង​៥០​នាទី យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ និង​បាន​ឈាន​ដល់​ការដេញ​វាយ កាប់​ចាក់​គ្នា​បណ្តាល​ឱ្យ​យុវជន​ម្នាក់​រងរបួស ហើយ​មិន​អស់ចិត្ត​ព្រោះ​ខឹង​គូ បក្ស​រត់​បាត់​អស់​នោះ ក្រុម​ក្មេង​ទំនើង​បាន​យក​ដំបង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ និង​កញ្ចក់​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​ខ្ទេចខ្ទី​គ្មាន​សល់ ។​
​    ​
ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​គេ​ឃើញ​ក្មេងស្ទាវ​២​ក្រុម ម្ខាង​មាន​គ្នា​ប្រមាណ​ជាង​២០​នាក់​បាន​ផឹកស៊ី​នៅ​ក្នុងម្លុក​ផ្ទះជួល​ខាងលើ​ជិត​គ្នា លុះ​ផឹកស៊ី​បាន​ប្រមាណ​ជា​១​ម៉ោង​គេ​ក៏​បានលឺ​ទាស់​ពាក្យសំដី​គ្នា​ខ្លាំង បន្តិច​ក្រោយមក​ក៏​មាន​ការ​វាយតប់​គ្នា​កើតឡើង និង​បាន​យក​ដំបង កាំបិត ដេញ​កាប់​គ្នា​ដូច​នៅក្នុង​រឿង​ភាគ បណ្តាល​ឱ្យ​យុវជន​ម្នាក់​រងរបួស​បែកក្បាល​ធ្ងន់ធ្ងរ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ចេញ​មក​មើល​ព្រោងព្រាត ។

ប្រភព​បន្តថា បន្ទាប់​មក​ក្មេង​ទំនើង​មួយក្រុម​ដែល​ប្រដាប់​ទៅ​ដោយ​ដំបង និង​ដាវ​សាមូរ៉ៃ​នោះ ដេញ​វាយ​កាប់​ចាក​គូបដិបក្ស​ម្ខាង​ទៀត​មិន​បាន មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង ក៏​បាន​វាយកំទេច​ទ្រព្យសម្បត្តិ និង​កញ្ចក់​ផ្ទះ​ប្រជាពលរដ្ឋ​ជិត​នោះ​បណ្តាលឱ្យ​ខ្ទេចខ្ទី រួចមក​បាន រត់គេចខ្លួន​បាត់ ។ ភ្លាម​នោះ​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​ក៏​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះមក​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​ក្មេង​ទំនើង​ទាំងនោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ចេញ​បាត់អស់​។ ប៉ុន្តែ​ក្រោយ​កើតហេតុ​បាន​ប្រមាណ​ជា​១​ម៉ោង​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​មិន​អស់ចិត្ត​ក៏បាន​ត្រឡប់ មក​វិញ​ម្តង​ទៀត​មាន​គ្នា​៧​ទៅ​៨​នាក់ ភ្លាម​នោះ​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ទៅ​កំលាំង​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ចំនួន​២​នាក់ រីឯ​បក្សពួក​ប៉ុន្មាន​នាក់​ទៀត​រត់​គេចខ្លួន​បាត់ ។ យុវជន​ទំនើង​ទាំង​២​នាក់​ត្រូវបាន​កំលាំង​សមត្ថកិច្ច នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​បុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងម្លុក​ផ្ទះជួ​លខាង​បាន​ធ្វើ​ការរិះគន់​ទៅលើ​កំលាំង​សមត្ថកិច្ច​យ៉ាងខ្លាំង​ដោយសារតែ​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ សំបូរ​ទៅដោយ​ក្មេង​ទំនើង បងតូច​បងធំ ស្ទាក់​វាយ យក​របស់របរ និង​មាន​ការផឹកស៊ី​ឡូឡា​វាយតប់​កាប់​ចាក​គ្នា បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទី​នេះ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះ​មក​អន្តរាគមន៍​ឡើង ។ ប្រជាពលរដ្ឋ​បាន​សំណូរពរ ដល់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ល្បាត​នៅ​ទីនោះ​ឱ្យបាន​ញឹកញាប់​ផង ព្រោះ​ថា​គាត់​មិន​ចង់​រស់នៅ​ក្នុង​ភាពភ័យខ្លាច
​ស្ទើរ​ជា​រៀងរាល់ថ្ងៃ នៅក្នុង​តំបន់​ដែល​អសន្តិសុខ​បែបនេះ​ទេ ព្រោះ​ថា​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ភូមិ ឃុំ សុវត្ថិភាព​៩​ចំណុច ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នោះទេ និង​បាន​បណ្តែតបណ្តោយ​ឱ្យ​ភូមិសាស្ត្រ​មួយ​នេះ ក្លាយជា​កន្លែង​អនាធិបតេយ្យ​ដូចជា​គ្មាន​អ្នកគ្រប់គ្រង​អញ្ជឹង ៕

Untitled-1 Untitled-2 Untitled-3