បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​

បន្ទាយមានជ័យ ៖ កម្លាំង​នគរ​បាន​ស្រុក​មង្គល​បូរី​បាន​ចុះ​ប្រតិបត្តិការ​ទាំងយប់​បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង ដកហូត​បាន​វត្ថុតាង​រួម​មាន​ថ្នាំញៀន​ប្រភេទ ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន ២​ថង់​តូច ១​ថង់​ជំទើរ​,​ថ្នាំញៀន​ប្រភេទ​គ្រាប់​ពណ៌​ក្រហម​២​គ្រាប់​កន្លះ និង​ប្រដាប់ប្រដា​សំរាប់​សេព​មួយចំនួន​ផង​ដែរ​នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ចំការ​តា​ដោ​ក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ស៊ី ឌី អធិកាដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី​បាន​ថ្លែងថា ក្រោយ​ពី​ទទួលបញ្ជា​ដ៏​រឹងមាំ ពី​សំណាក​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ​ខេត្ត ត្រូវ​បាន​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ និង​គោរព​ការពារ​តាម​បទបញ្ជា ធ្វើយ៉ាងណា​ឲ្យមាន​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៩​ចំណុច​។​

​លោក​បាន​បន្តថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​រស់ក្នុង​មូលដ្ឋាន​ភ្លាម លោក​បាន​បញ្ជា​កម្លាំង​អធិការដ្ឋាន​រូ​ម​មាន​ផ្នែក​សន្តិសុខ​,​យុត្តិធម៌ និង​ប៉ុស្តិ៍​ឫស្សី​ក្រោក រួមទាំង​រូប​លោក​ផ្ទាល់​ផងដែរ​បាន​ធ្វើ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទាំងយប់ និង​ឃាត់​ជនល្មើស​ម្នាក់​ឈ្មោះ​ប៊ុន សេង​ហួត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ចំការ​តា​ដោ​ក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី និង​មុខរបរ​លក់​ទឹកកក​ដុំ និង​បាន​ដកហូត​បាន​វត្ថុតាង​រួម​មាន​ថ្នាំញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស ចំនួន​២​ថង់​តូច ១​ថង់​ជំទើរ​,​ថ្នាំញៀន​ប្រភេទ​គ្រាប់​ពណ៌​ក្រហម ចំនួន​២​គ្រាប់​កន្លះ ,​ទូរស័ព្ទដៃ​១​គ្រឿង​,​ថង់​សំរាប់​រំលែក​ថ្នាំ​ចែកចាយ​មួយចំនួន និង​សំភារ​:​សំរាប់​ជក់​មួយចំនួន​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​សាកសួរ​នាំ​បន្ថែម​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី និង​បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ខ្លួន​ពិតជា​បាន ប្រព្រឹត្ត​បទល្មើស​ជួញដូរ គ្រឿងញៀន​ខាងលើ​នេះ​ពិត​ប្រាកដ​មែន​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​សាង​សំណុំរឿង​ជនសង្ស័យ និង​វត្ថុតាង​បញ្ជូន​ទៅ​កាន់​ស្នងការ ខេត្ត​បន្ទាយមានជ័យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕
photo 2